ជាតិ
ទំនេរពីការងារសន្តិសុខ លោក សាក់ ឆ្លៀតដាំបន្លែក្នុងដីបុរីគេ ដើម្បីបង្កើនចំណូល និងសុខភាព
× ភ្នំពេញ៖ រយៈពេលជាង៣ខែហើយ លោក វ៉ែន សាក់ ឆ្លៀតពេលទំនេរពីការងារសន្តិសុខយាមបុរី មកដាំបន្លែ ក្នុងបុរីមួយកន្លែងដែលលោកកំពុងបម្រើការងារ ស្ថិតក្នុងភូមិព្រៃល្វា សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ លោក ដាំដុះលើផ្ទៃដី ១២ម៉ែត្រ ៤ជ្រុង ដែលមានដូចជា តាសក់,ត្រឡាច,ននោង,ល្ពៅ,ឃ្លោក,ក្រូចឆ្មារ,ពោតបារាំង,ស្ពៃ,ត្រកួន,ជី និងស្លឹកគ្រៃជាដើម។
«ពេលអ៊ីចឹងសប្បាយចិត្តដែរ ព្រោះថាយើងបានចេញពលកម្ម ចេញញើសទៅវាស្រួលខ្លួនដែរ»។ នេះជាការលើកឡើងរបស់លោក វ៉ែន សាក់ ដោយបន្ថែមថា ការងារនេះមិនត្រឹមតែអាចកាត់បន្ថយការចំណាយ និងចូលរួមផ្គត់ផ្គង់ជីវភាពគ្រួសារប៉ុណ្ណោះទេ តែវាជំនួយដល់ផ្នែកសុខភាពលោកផងដែរ។
អតីតកសិករនៅស្រុកកៀនស្វាយ លោក វ៉ែន សាក់ ចំណាយពេលតែ ១ម៉ោង ឬកន្លះម៉ោងក្នុងមួយថ្ងៃ ដើម្បីដាំ និងថែទាំបន្លែនៅក្នុងដីទំនេរស្ថិតក្នុងបុរី ដែលលោកកំពុងបម្រើការងារ។ ដោយសារ ដីបុរីទំនេរ ទុកចោលមិនត្រូវការធ្វើអ្វីនោះ លោកក៏សម្រេចចិត្តសុំកន្លែងនេះពីម្ចាស់គេ ដើម្បីដាំបន្លែបន្តិចបន្តួចសម្រាប់បរិភោគ។ ក្រៅពីបរិភោគ បន្លែទាំងអស់នេះក៏បានជួយផ្គត់ផ្គង់ដល់ជីវភាពគ្រួសាររបស់លោកផងដែរ។
បុរសវ័យ៥៩ឆ្នាំរូបនេះ បានលើកឡើងថា អ្នកធ្វើដំណើរឆ្លងកាត់ទីនោះ និងអ្នករស់នៅទីនោះ តែងតែមកទិញបន្លែរបស់លោក និងផ្ដល់តម្លៃឲ្យលើសទីផ្សារថែមទៀតផង។ លោកដាំបន្លែទាំងអស់នេះតាមបែបធម្មជាតិ ដោយលោកប្រើប្រាស់តែជីកំប៉ុសទិញមកពីផ្សារ និងស្រោចទឹកពេលព្រឹកម្ដង និងពេលល្ងាចម្ដង។
ទោះបី លោក វ៉ែន សាក់ មានវ័យចំណាស់បន្តិចមែន តែលោកមិនចង់ឈប់ធ្វើការឡើយ។ លោក វ៉ែន សាក់ បានបញ្ជាក់យ៉ាងដូច្នេះថា៖«អត់ទេ! មិនអាចឈប់ធ្វើការទេ! លុះត្រាតែកម្លាំងខ្ញុំអស់ ដូចថាអស់ពលកម្ម ធ្វើអត់កើតអីអត់កើតចាំគិតតាមហ្នឹងទៀតទៅ។ សព្វថ្ងៃខ្ញុំនៅតែអាចបម្រើការងារសន្តិសុខហ្នឹង ខ្ញុំនៅតែដាំបន្តទៀត លុះត្រាតែដីនេះគេអភិវឌ្ឍ ហើយគ្មានដីដាំចឹងតាមដំណើរទៅ។ ប៉ុន្តែបើដីនេះគេមិនត្រូវការធ្វើអី ខ្ញុំនៅតែដាំរហូត»៕
Tag:
ជាតិ
MOJO
កសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com