ជាតិ
បាត់ដំបង និងបន្ទាយមានជ័យ ជាខេត្តប៉ះពាល់ដំណាំស្រូវខ្លាំងគេ ខណៈខេត្តមួយចំនួនកំពុងមានភ្លៀងច្រើន
× ខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង រងផលប៉ះពាល់ច្រើនជាងគេលើដំណាំស្រូវវស្សា។ នេះបើតាមលោក ឃីន សុខា អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ប្រាប់សារព័ត៌មានThmeyThmey25 តាមទូរសព្ទនៅថ្ងៃទី ៦ ខែ សីហា ឆ្នាំ២០២០។
អ្នកនាំពាក្យរូបនេះបានឲ្យដឹងថា៖ «យើងមិនទាន់អាចកំណត់តួរលេខជាក់លាក់នោះទេ ប៉ុន្តែដោយសារប៉ុន្មានថ្ងៃនេះមានភ្លៀងធ្លាក់នៅតាមតំបន់ខ្លះ ដូច្នេះស្រូវមួយចំនួនបានសង្គ្រោះ។ មកដល់ពេលនេះ ខេត្តពីររងគ្រោះខ្លាំងជាងគេ គឺបាត់ដំបង និងបន្ទាយមានជ័យ»។ ដោយសារ ការធ្លាក់ភ្លៀងឆ្នាំនេះមានភាពយឺតយ៉ាវ និងបរិមាណទឹកក្នុងអាងស្តុកមានការថយចុះ ជាហេតុធ្វើឲ្យកម្ពុជាជួបគ្រោះរាំងស្ងួត»។
យោងតាមរបាយការណ៍របស់មន្ទីកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តបន្ទាយមានជ័យ នៅថ្ងៃទី ៣ ខែសីហា ឆ្នាំ២០២០ ដំណាំស្រូវវស្សា ចំនួន ៦.៦ម៉ឺនហិកតា កំពុងប្រឈមនឹងការខូតខាត ដោយសាររបាយទឹកភ្លៀងធ្លាក់ពុំបានសព្វល្អ ក្នុងនោះស្រុកព្រះនេត្រព្រះ និងស្រុកមង្គលបូរី ប៉ះពាល់ខ្លាំងជាងគេ។
លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីកសិកម្មខេត្តបន្ទាយមានជ័យ ប្រាប់សារព័ត៌មានThmeyThmey25 នៅថ្ងៃទី ៥ ខែសីហា តាមទូរសព្ទថា៖ «ដំណាំស្រូវនៅខេត្តបន្ទាយមានជ័យ ជួបប្រទះនឹងបញ្ហារាំងស្ងួតរាល់ឆ្នាំដំណាំស្រូវខូចខាតតិច ឬច្រើន អាស្រ័យលើបរិមាណទឹកភ្លៀង ទោះប្រព័ន្ធប្រឡាយមានគ្រប់គ្រាន់ក៏គ្មានទឹកនោះដែរ ប៉ុន្តែបើមានភ្លៀងធ្លាក់ស្រូវទាំងនោះនឹងអាចសង្គ្រោះបាន»។
ដោយឡែកលោក ឈឹម វជិរា ប្រធានមន្ទីកសិកម្មខេត្តបាត់ដំបងបានប្រាប់សារព័ត៌មានThmeyThmey25 តាមទូរសព្ទនៅថ្ងៃទី ៧ ខែសីហា ឆ្នាំ២០២០ ថា៖«គិតមកដល់ពេលនេះការធ្វើស្រូវវស្សាក្នុងខេត្តបាត់ដំបងទើបសម្រេចបានប្រមាណ ៧៥ ភាគរយប៉ុណ្ណោះ ហើយមានស្រុកចំនួន៣ ដែលរងប៉ះពាល់ស្រូវវស្សាដោយសារគ្រោះរាំងស្ងួត មានស្រុកបាណន់ ស្រុកបង្វិល និងស្រុកថ្មគោល»។ លោកមិនបានបញ្ជាក់ពីតួរលេខនូវផលប៉ះពាល់ទាំងមូលនោះទេ ប៉ុន្តែលោកបានបញ្ជាក់ពីមូលហេតុថាដែលប៉ះពាល់ក្នុងវិស័យកសិកម្មនេះ ដោយសារខ្សត់ទឹកភ្លៀង លោកបន្តថាស្រូវទាំងអស់ត្រូវបានសង្គ្រោះដោយសារនៅថ្ងៃទី ៦ ខែសីហា មានភ្លៀងធ្លាក់យ៉ាងច្រើនទូទាំងខេត្ត។
តាមរបាយការណ៍របស់នាយកដ្ឋានកសិកម្មនៅថ្ងៃទី ៦ ខែសីហា ឆ្នាំ២០២០ ផ្ទៃដីបង្កបង្កើនផលស្រូវវស្សាទូទាំងប្រទេសមានចំនួន ២ ៣៧៩ ៧៩៥ ហិកតា ស្មើនឹង ៩១,៩៥ភាគរយ ក្នុងនោះស្រូវស្រាលមាន ៦៩២ ៤៦៣ ហិកតា ស្រូវកណ្ដាល ១ ២២៣ ៥៧៦ហិកតា ស្រូវធ្ងន់ ៤១២ ១៦២ហិកតា ស្រូវចម្ការ ១៨ ១៦១ហិកតា និងស្រូវឡើងទឹក ៣៣ ៤៣៣ហិកតា។
ក្រសួងធនធានទឹក និងឧតុនិយម ក៏កំពុងមមាញឹកក្នុងការដោះស្រាយផលប៉ះពាល់គ្រោះរាំងស្ងួត ក្នុងខេត្តបន្ទាយមានជ័យ បាត់ដំបង និងខេត្តផ្សេងៗ ដោយរៀបចំស្ដារឡើងវិញនូវប្រព័ន្ធធារាស្ត្រ និងរៀបចំកន្លែងស្តុកទឹកផងដែរ។ ជាក់ស្ដែងកាលពីថ្ងៃទី ៧ ខែសីហា ឆ្នាំ២០២០ មានភ្លៀងធ្លាក់ស្ទើទូទាំងប្រទេស ហើយស្រូវវស្សារបស់កសិករជាច្រើនត្រូវបានសង្គ្រោះ៕
Tag:
គ្រោះរាំងស្ងួត
ដំណាំស្រូវវស្សា
© រក្សាសិទ្ធិដោយ thmeythmey.com