ជាតិ
តំបន់​ទេសចរណ៍​ក្នុង​ខេត្តក្រចេះ ដែល​អ្នក​អាច​ទៅ​កម្សាន្ត​បាន នៅ​រដូវវស្សា​
09, Aug 2020 , 9:39 pm        
រូបភាព
ដោយ:
​ក្រុង​ក្រចេះ ដែល​សម្បូរ​ដោយ​អគារ​សម័យ​បារាំង និង​មាន​អារាម​បុរាណ​ផង​នោះ នៅតែ​អាច​ទទួលបាន​ភ្ញៀវទេសចរ​ទៅ​ទស្សនា បាន​នៅ​រដូវវស្សា​នេះ​។ ក្រៅពីនេះ សហគមន៍​អេកូ​ទេសចរណ៍​កោះ​ទ្រុង​ដែល​នៅ​ទល់មុខ​ក្រុង​ក្រចេះ សហគមន៍​ក្រឡាន​, ភ្នំ​សំបុក និង​អន្លង់​ផ្សោត​កាំ​ពី ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ទី​រួម​ខេត្ត ក៏មាន​សក្តា​ពល​ទេសចរណ៍​ដែរ​នា​ខែវស្សា​។ រីឯ វិហារ​សរសរ​១០០ ដែល​ស្ថិតនៅ​ក្នុងស្រុក​សំបូរ ក៏​រង់ចាំ​ស្វាគមន៍​ទេសចរ​ទៅ​កម្សាន្ត​ផងដែរ​។

 
​ក្រចេះ​ជា​ខេត្ត​មួយ​ស្ថិតក្នុង​ដែនដី​ភាគ​ឦសាន តាម​បណ្តោយ​ទន្លេមេគង្គ មាន​សក្តានុពល​ទេសចរណ៍​រហូតដល់​១៩​កន្លែង​។ ប៉ុន្តែ​នៅ​រដូវវស្សា​នេះ មាន​តំបន់​ទេសចរណ៍​មួយចំនួន​ប៉ុណ្ណោះ ដែល​អាច​ទទួល​ភ្ញៀវទេសច​របា​ន​។ លោក ចាន់ សុគ​ន្ធី ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តក្រចេះ​បាន​ប្រាប់​សារព័ត៌មាន ThmeyThmey25 ថា​តំបន់​ទេសចរណ៍​ដែល​ទេសចរ អាច​ទៅ​កម្សាន្ត​បាន មានដូចជា ក្រុង​ក្រចេះ​,​សហគមន៍​អេកូ​ទេសចរណ៍​កោះ​ទ្រុង​,​សហគមន៍​ក្រឡាន​, ភ្នំ​សំបុក​,​អន្លង់​ផ្សោត​កាំ​ពី និង​វិហារ​សរសរ​១០០​។​


 
​បើតាម លោក ចាន់ សុគ​ន្ធី រដូវវស្សា ធ្វើ​ឲ្យ​តំបន់​ទេសចរណ៍ ដែល​នៅតាម​តំបន់ឆ្នេរ​ខ្សាច់​ខេត្តក្រចេះ  មិនអាច​ទទួល​ភ្ញៀវទេសច​រ​បានទេ​។ «​តំបន់​ទេសចរណ៍​ដទៃ ភ្ញៀវទេសចរ​មិនអាច​ទៅ​កម្សាន្ត​បានទេ​ដោយសារ​តំបន់​ទេសចរណ៍​ទាំងនោះ ពឹង​ផ្អែកលើ​សក្តានុពល​ឆ្នេរ​ខ្សាច់ ដូចជា​ឆ្នេរ​ខ្សាច់​កោះ​ទ្រុង​។ បច្ចុប្បន្ន ទឹក​ឡើង​លិច​ខ្សាច់​អស់​ទៅ វា​អត់​មាន​អ្វី​ទទួលភ្ញៀវ​ទេសចរ​បាន​»​។ នេះ​បើតាម​ការបន្ថែម​របស់​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តក្រចេះ​។​
 
​លោក ចាន់ សុគ​ន្ធី រំពឹងថា ទទួលបាន​ភ្ញៀវទេសចរ​ច្រើន ក្នុងពេល​ឈប់សម្រាក​ជំនួស​ចូលឆ្នាំ​ខាងមុខ​។ ខេត្តក្រចេះ​ទទួលភ្ញៀវ​ទេសចរ​មិនតិចជាង ១០០០​នាក់​ទេ ក្នុងឱកាស​បុណ្យទាន​ធំៗ​កន្លងមក​។ ទន្ទឹមនឹងនេះ មន្ទីរ​ទេសចរណ៍​ខេត្តក្រចេះ ក៏​កំពុងធ្វើការ​ទៅលើ​វិធានការ​សុវត្ថិភាព តាម​ការណែនាំ​របស់​ក្រសួងទេសចរណ៍ ដើម្បី​ធានាបាន​នូវ​សុវត្ថិភាព​ភ្ញៀវទេសចរ ក៏ដូចជា​ចូលរួម​ជាមួយ​រដ្ឋាភិបាល ក្នុងការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។ នេះ​ជាការ​បញ្ជាក់​របស់លោក ចាន់ សុគ​ន្ទី​។​


 
​សូមជម្រាបថា  ខេត្តក្រចេះ​មាន​តំបន់​ទេសចរណ៍​សរុប​១៩​កន្លែង រួមមាន​រមណីយដ្ឋាន​ធម្មជាតិ​១៣​កន្លែង រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ ៥​កន្លែង និង​រមណីយដ្ឋាន​វប្ប​ធម៌​ធម្មជាតិ ១​កន្លែង​៕



រូបភាពពីប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះ


© រក្សាសិទ្ធិដោយ thmeythmey.com