ជាតិ
វិធីសាស្ត្រ​ចិញ្ចឹម​ទាកាប៉ា​លក្ខណៈ​គ្រួសារ​
10, Aug 2020 , 9:29 am        
រូបភាព
ដោយ:
​ដើម្បី​ចិញ្ចឹម​ទាកាប៉ា​តាម​បច្ចេកទេស​សមស្រប អនុវត្ត​ទទួលបាន​ជោគជ័យ និង​ទទួលបាន​ទិន្នផល​ខ្ពស់ ទាមទារ​ឲ្យ​កសិករ​ត្រូវ​គិតគូរ​ពី​ការធ្វើ​ទ្រុង ការជ្រើសរើស​ពូជ ការ​បង្កាត់​ពូជ របៀប​ថែទាំ និង​ការផ្ដល់​ចំណី​។ នេះ​បើតាម​សៀវភៅ​បច្ចេកទេស​ចិញ្ចឹមសត្វ​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​។

 
​តាម​សៀវភៅ​បច្ចេកទេស​ចិញ្ចឹមសត្វ​នេះ ជម្រក ឬ​ទ្រុង ជា​ផ្នែក​មួយ​សំខាន់ អាចជួយ​ការពារ​ទាកាប៉ា ពី​អាកាសធាតុ​មិនល្អ ជៀស​ផុតពី​សត្វ​ឆ្កែ កណ្ដុរ ពស់ និង​ឆ្មារ​។ មិនតែប៉ុណ្ណោះ វា​នឹង​ជួយ​ឃាំង​ទា មិន​ឲ្យ​ចេញ​ក្រៅ​បំផ្លាញ​បន្លែបង្ការ និង​កាត់បន្ថយ​ការឆ្លង​ជំងឺ​ពី​ខាងក្រៅ​ផងដែរ​។ ចំពោះ​ទីតាំង​សង់​ទ្រុង គួរតែ​ជា​កន្លែង​ទីទួល ទីតាំង​ទូលាយ ដី​មិន​ស្អិត មិន​ឆ្ងាយ​ពី​ផ្ទះ​ងាយ​មើលថែ និង​មាន​ប្រភពទឹក​គ្រប់គ្រាន់​។ នេះ​ដោយឡែក​សម្ភារ​សាងសង់​ទ្រុង គួរប្រើ​ប្រាស់​របស់​ដែល​ងាយស្រួល​រក​ដូចជា ដើម​ឫស្សី​។ បន្ទាប់​ជ្រើសរើស​ទីតាំង និង​មាន​សម្ភារ​គ្រប់គ្រាន់ ដើម្បី​សាងសង់​ទ្រុង​ទា​ហើយ ត្រូវ​កំណត់​ទំហំ​ទ្រុង ទៅតាម​ទំហំ​ដី និង​ស្ថានភាព​ដី​។​
 
​បើសិន​អ្នក​ចិញ្ចឹម​ទា​ពី ៥​ក្បាល​ទៅ ៩​ក្បាល ទ្រុង​ត្រូវមាន​បណ្ដោយ ៥​ម៉ែត្រ ទទឹង ២,៥​ម៉ែត្រ មេដំបូល ត្រូវមាន​កម្ពស់​ពី​ដី ៣​ម៉ែត្រ (​គួររៀបចំ​ទ្រុង​ឲ្យ​ទូលាយ​បើសិន​មាន​ដី​ទំនេរ​)​។  ជាទូទៅ ទាកាប៉ា ចូលចិត្ត​ដេក​ទាំង​នៅលើ​ធ្នើរ និង​ផ្ទាល់​ដី ដូច្នេះ​គួររៀបចំ​ធ្នើរ​សម្រាប់​ទាកាប៉ា​ទាបៗ​ពី​ដី​។ ក្នុង​លក្ខ​ណ្ឌ​ទីតាំង​ចិញ្ចឹម​មិនមាន​ស្រះ ឬ​ត្រពាំង គួរ​ធ្វើ​អាង​សិប្ប​និមិត្ត សម្រាប់​សត្វ​ទា​ហែល​លេង ព្រោះ​ទា​ជា​ប្រភេទ​សត្វ​ដែល​ចូលចិត្ត​ទឹក​។ គួរ​ចំណាំ​៖ ត្រូវ​ឧស្សាហ៍​ប្ដូរ​ទឹក​ឲ្យ​ទា ហើយ​សម្រាប់​កូន​ទា​តូចៗ អាយុ​ក្រោម ៨ ថ្ងៃ​មិនគួរ​ឲ្យ​លេង​ទឹក​អាង​នោះទេ​។​
 
​ការជ្រើសរើស​ពូជ​៖ ត្រូវ​ជើ​ស​រើស​ទាកាប៉ា​សម្រាប់ធ្វើ​ពូជ​នៅពេល​អាយុ​បាន ៦ ទៅ ៧ អាទិត្យ​។ គួរ​ជ្រើសរើស​ពូជ​ទា​ដែលមាន មាឌ​និង​ទំហំ​របស់​ទា​ធំ ស្វាហាប់ មាន​រោម​ភ្លឺរលោង​ល្អ ចូលចិត្ត​ស៊ី​ចំណី និង​ផឹកទឹក ផលិត​ស៊ុត​បាន​ច្រើន​។ សម្រាប់​ពូជ​ទាកាប៉ា​ឈ្មោល មាន​ទម្ងន់ ៥-៧​គីឡូ និង​ទាកាប៉ា​ញី មាន​ទម្ងន់ ២-៥​គីឡូ​។ ដោយឡែក​ការជ្រើសរើស​កូន​ទា​ទុក​ធ្វើ​ពូជ ត្រូវ​មើល​លើ​កូន​ទា​ដែល​រឹងមាំ ស្វាហាប់ មាន​សុខ​ភាពល្អ ដែល​ញាស់​ពី​មេបា មាន​សុខ​ភាពល្អ ត្រូវ​ជ្រើសរើស​កូន​ទា ២ ទៅ​៣ ក្នុង​មួយ​សំបុក​បាន​ហើយ​។ 




 
​មេ​ទាកាប៉ា​ចាប់ផ្ដើម​ផ្ដល់​ពង​ចាប់ពី​អាយុ ៧​ខែ ហើយ​ដើម្បី​ឲ្យ​ការបង្ក​កំណើត​កូន​ក្នុង​ស៊ុត​ទាកាប៉ា​បានល្អ​គេ​ត្រូវដាក់​បង្កាត់​មេ​ពី ៥ ទៅ ៦ ក្បាល​ក្នុង​ទាកាប៉ា​ឈ្មោល ១ ក្បាល​។ ជាទូទៅ​ទាកាប៉ា​ក្រាប​ភ្ញាស់​កូន​ដោយ​ខ្លួនឯង ដូច្នេះ​សំបុក​ត្រូវ​រៀបចំ​ឲ្យ​បានល្អ ចំពោះ​មេ​ទាកាប៉ា ១ ក្បាល​អាច​ភ្ញាស់​កូន​បាន ១២ ទៅ ១៥ គ្រាប់​ក្នុង ១ លើក​។  អំឡុងពេល​មេ​ទា​កំពុង​ក្រាប​ពង​ត្រូវដាក់​ចំណី​ឲ្យ​បាន​គ្រប់គ្រាន់​។​
 
​សម្រាប់​វិធីសាស្ត្រ​ថែទាំ​កូន​ទាកាប៉ា​ត្រូវ​ថែទាំ​ឲ្យ​បាន​ត្រឹមត្រូវ កូន​ទា​ដែល​ទើបនឹង​ញាស់​ត្រូវការ​ផ្ដល់​កំដៅ​បន្ថែម ទឹក ចំណី និង​មាន​ខ្យល់អាកាស​ចេញចូល​ល្អ​។ កូន​ទា​មាន​អាយុ​រហូត ២ អាទិត្យ​ត្រូវ​ថែរក្សា​ឲ្យ​មាន​សុវត្ថិភាព ដាក់​ក្នុង​កន្លែង​ដែល​កក់ក្ដៅ និង​រៀបចំ​ទ្រុង​សម្រាប់​ដាក់​កូន​ទា​តូចៗ​។ ការផ្ដល់​ចំណី​ដល់​កូន​ទាកាប៉ា​តូចៗ ត្រូវធ្វើឡើង​បន្ទាប់ពី ១២ ម៉ោង​នៃ​ការ​ញាស់​។ ចំណី​ដែល​កូន​ទាកាប៉ា​ចូលចិត្ត​មាន ចុងអង្ករ កន្ទក់​និង​ចំណី​ក្រុមហ៊ុន (​ត្រូវ​ផ្ដល់ ៤ ទៅ ៥ ដង​ក្នុង ១​ថ្ងៃ​) ដែលមាន​ប្រូតេអ៊ីន​ពី ២០ ភាគរយ​។ ក្នុង​លក្ខខណ្ឌ​ដែលមាន​អាកាសធាតុ​ត្រជាក់​ត្រូវ​បន្ថែម​កំដៅ​ដល់​កូន​ទា​ដូចជា អំពូល​ភ្លើង ឬ​ក្អម​កំដៅ​។ មិនត្រូវ​ឲ្យ​កូន​ទាកាប៉ា​នៅក្រោម​ទឹកភ្លៀង​ទេ ព្រោះ​កូន​ទា​មាន​អាយុ​ចាប់ពី ៣ ទៅ ៤​ខែ​ឡើងទៅ​ទើប​អាច​ទប់ទល់​អាកាសធាតុ​បាន​។​
 
​គ្រាប់​ធញ្ញជាតិ​កសិកម្ម និង​ប្រភេទ​សត្វល្អិត​ជា​ប្រភេទ​ចំណី​ពេញនិយម​របស់​ទាកាប៉ា​ពេញវ័យ​ដូចជា​៖ កូន​ត្រី កង្កែប ខ្ច​ង កំពឹស ចុងអង្ករ ជាដើម​។ ជាទូទៅ​អ្នក​ចិញ្ចឹម​ទាកាប៉ា​អាច​ទទួលបាន​ផល​យ៉ាងច្រើន​ពី​ការចិញ្ចឹម បើសិន​ការចិញ្ចឹម​របស់​ពួកគាត់​ទៅតាម​បច្ចេកទេស និង​មានការ​កើនឡើង​នូវ​ប្រាក់ចំណូល​ផងដែរ​បើសិន​ពង្រីក​ការចិញ្ចឹម​។ ដោយឡែក​សម្រាប់​រយៈពេល​នៃ​ការប្រមូល​ផល​ទាកាប៉ា​គឺ​អាស្រ័យទៅលើ​ការថែទាំ និង​ការផ្ដល់​ចំណី​បើ​ថែទាំ​បានល្អ និង​ផ្ដល់​ចំណី​គ្រប់គ្រាន់​ទិន្នផល​ក៏​ទៅតាម​ហ្នឹង​ដែរ​៕


 
 

Tag:
 ​ទាកាប៉ា​
 ​កសិកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com