COVID-19
ជាតិ
មេដឹកនាំ​កម្ពុជា ស្នើ​អន្តរជាតិ កុំ​បន្ទោស​គ្នា តែ​ត្រូវ​រួមគ្នា​ប្រឆាំងនឹង​កូ​វីដ​
09, Aug 2020 , 5:29 pm        
រូបភាព
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ពាក់ម៉ាស់ការពារពីការឆ្លងជំងឺកូវីដ-១៩ ពេលអញ្ជើញទៅទទួលព្រះមហាក្សត្រ និងព្រះមហាក្សត្រី នៅព្រលានយន្តហោះភ្នំពេញ ដែលព្រះអង្គទាំងទ្វេ ស្តេចយាងមកពីពិនិត្យព្រះរាជសុខភាពនៅចិន កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ (រូបពី AFP)
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ពាក់ម៉ាស់ការពារពីការឆ្លងជំងឺកូវីដ-១៩ ពេលអញ្ជើញទៅទទួលព្រះមហាក្សត្រ និងព្រះមហាក្សត្រី នៅព្រលានយន្តហោះភ្នំពេញ ដែលព្រះអង្គទាំងទ្វេ ស្តេចយាងមកពីពិនិត្យព្រះរាជសុខភាពនៅចិន កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ (រូបពី AFP)
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបាន​អញ្ជើញ​ឲ្យ​ចូលរួម​ថ្លែង​សុន្ទរកថា តាមរយៈ​ការតភ្ជាប់​វីដេអូ (Video Conference) ពី​កម្ពុជា ទៅកាន់​មហាសន្និបាត​នៃ​ក្តីសង្ឃឹម ក្រោម​ប្រ​ធា​បទ «​ការកសាង​និង​ការបង្កើត​ជាតិ​យើង នៅក្នុង​ពិភពលោក ក្រោយ​វិបត្តិ​កូ​វីដ​-១៩» ដែល​រៀបចំឡើង​ដោយ​អង្គការ​សហព័ន្ធ​សាកល (UPF) នៅ​កូរ៉េខាងត្បូង នា​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០២០​។


 
​ក្នុង​សុន្ទរកថា ថ្លែង​ទៅកាន់​មេដឹកនាំ​នៃ​បណ្តា​ប្រទេស​នានា ដែល​ចូលរួម​ផ្ទាល់ក្នុង​មហា​សន្តិ​បាត និងចូលរួមតាមរយៈ​ការតភ្ជាប់​ប្រព័ន្ធ​វីដេអូ​ សម្តេចនាយក​រដ្ឋមន្ត្រី សម្តែង​ការយល់ឃើញ​របស់ខ្លួន​ថា ការឆ្លើយតប​រួមគ្នា និង​ការ​សាមគ្គី​ជា​សាកល ក្នុង​បរិបទ​នៃ​ជំងឺ​កូ​វីដ​-១៩ គឺ​រឹត​តែមាន​ភាពចាំបាច់​។ ​
 
​ជាមួយគ្នានេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា ថែមទាំង​ស្នើ​ឲ្យ​គ្រប់​ប្រទេស ជៀសវាង​ការ​រើ​ស​អើ​ង​ពូជសាសន៍ និង​ជៀសវាង​ការស្តីបន្ទោស​គ្នា ដែលជា «​ល្បែង​ទម្លាក់កំហុស​ដ៏​អា​ក្រ​ក់មួយ​» នាំ​ដល់​ការបែកបាក់​សាមគ្គីភាព ខណៈ​ពិភពលោក​ទាំំ​ង​មូល កំពុង​ខិតខំ​រួមគ្នា​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩​។ 
 
​ទន្ទឹមនឹង​ពិភពលោក កំពុង​រង់ចាំ​ភាពជោគជ័យ​ដំបូង​នៃ​ការផលិត​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បាន​អំពាវនាវជាមុន ​ឲ្យ​ចាត់ទុក​វ៉ាក់សាំង​នេះ ជា​ទំនិញ​រួម​សម្រាប់​សាកលលោក ដែល​ប្រជាជន​គ្រប់រូប និង​នៅ​គ្រប់ទិសទី អាច​ទទួលបាន​។ 
 

អ្នកចូលរួមផ្ទាល់ ក្នុងមហាសន្និបាតនៃក្តីសង្ឃឹម បាននាំគ្នាពាក់ម៉ាស់ការពារ និងអង្គុយរក្សាគម្លាតពីគ្នា។ ឯទិដ្ឋភាពផ្ទាំងខាងលើ គឺជាមេដឹកនាំនៃបណ្តាប្រទេសនានា និងអ្នកពាក់ព័ន្ធផ្សេងទៀត ដែលចូលរួមក្នុងមហាសន្និបាត តាមរយៈ Video Conference

​ប្រមុខ​រដ្ឋាភិបាល បន្តថា គ្រប់​បណ្តា​ប្រទេស ពិត​ជាមាន​ភាពចាំបាច់ ក្នុងការ​ត្រៀមខ្លួន​ឲ្យ​បានល្អ ក្រោយ​វិបត្តិ​កូ​វីដ​-១៩ ត្រូវ​បញ្ចប់​។ ដើម្បី​សម្រេចបាន​គោលដៅ​នេះ មេដឹកនាំ​កម្ពុជា មាន​ទស្សនវិស័យ​ថា ប្រទេស​នានា គួររៀបចំ​ផែនការ​ស្តារឡើងវិញ ដោយ​ដាក់ចេញ​សេណា​រី​យូ​មួយចំនួន សម្រាប់​ឲ្យ​ដំណើរការ​ជា​បណ្តើរៗ​នូវ​ការធ្វើដំណើរ​ឆ្លងកាត់​ព្រំដែន និង​ប្រតិបត្តិការ​ពាណិជ្ជកម្មរ​វាង​ប្រទេស​ក្នុង​តំបន់ និង​ការ​ស្តារឡើងវិញ​នូវ​វិស័យ ដែល​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ពី​វិបត្តិ​កូ​វីដ​-១៩​។ 
 
​មេដឹកនាំ​កម្ពុជា បាន​អាន​សុន្ទរកថា ទៅកាន់​មហាសន្និបាត​ដូច្នេះ​ថា​៖«​យើង ត្រូវ​ពង្រឹង​កិច្ចសហប្រតិបត្តិការ ក្នុងការ​ជំរុញ​សាកលភាវូបនីយកម្ម និង​ពង្រឹង​យន្តការ​ពហុភាគី​និយម ដើម្បី​ធានា​បរិយាកាស​អនុគ្រោះ សម្រាប់​លើកស្ទួយ​កំណើនសេដ្ឋកិច្ច កាត់បន្ថយ​ភាពក្រីក្រ និង​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាជន​។ យើង ត្រូវ​ធានាថា យន្តការ​កិច្ចសហប្រតិបត្តិការ ពិសេស​ការ​ព​ន្លឿ​ន​ការតភ្ជាប់​សង្គម និង​សេដ្ឋកិច្ច​របស់​យើង សម្រាប់​ជំរុញ​របៀប​វា​រៈ​នៃ​ការអភិវឌ្ឍ​របស់​ប្រទេស​នីមួយៗ និង​សម្រេចបាន​នូវ​របៀបវារៈ​សាកល​នៃ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​»​។ 
 
​តួលេខ​ពី​គេហទំព័រ https://www.worldometers.info/coronavirus/ បង្ហាញថា មកដល់​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០២០ មាន​មនុស្ស​ជិត​២០​លាន​នាក់ នៅ​ទូទាំង​ពិភពលោក បាន​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ដោយ​ក្នុងនោះ បានជា​សះស្បើយ​វិញ​ជាង​១២​លាន​នាក់ និង​ស្លាប់​ជាង​៧​សែន​នាក់​។ អាមេរិក មាន​អ្នក​ឆ្លង​ច្រើនជាងគេ គឺមាន​ជាង​៥​លាន​នាក់​ហើយ តែ​បានជា​សះស្បើយ​វិញ​ជាង​២,៦​លាន​នាក់ ខណៈ​អ្នកស្លាប់ មាន​ជាង​១,៦​សែន​នាក់​។​
 
​ដោយឡែក កម្ពុជា មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ​២៤៨​នាក់ ដោយ​គិត​ត្រឹម​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០២០​។ ក្នុងចំណោម​អ្នក​ឆ្លង​ទាំងនោះ មាន​២១៧​នាក់ បានជា​សះស្បើយ​វិញ ហើយ​៣១​នាក់​ទៀត កំពុង​សម្រាក​ព្យាបាល​៕ 

Tag:
 COVID-19
  ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com