ជាតិ
សង្គមជាតិ
ព្រះមហាក្សត្រនិងមេដឹកនាំខ្មែរ រំលែកទុក្ខចំពោះមរណភាពលោក ឡឺ ខាភៀវ អតីតអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម
09, Aug 2020 , 6:20 pm        
រូបភាព
លោក ឡឺ ខាភៀវ អតីតអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម ដែលកាន់តំណែងពីឆ្នាំ១៩៩៧ ដល់ឆ្នាំ២០០១ (រូបពីទំព័រហ្វេសប៊ុករបស់ស្ថានទូតវៀតណាមប្រចាំកម្ពុជា)
លោក ឡឺ ខាភៀវ អតីតអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម ដែលកាន់តំណែងពីឆ្នាំ១៩៩៧ ដល់ឆ្នាំ២០០១ (រូបពីទំព័រហ្វេសប៊ុករបស់ស្ថានទូតវៀតណាមប្រចាំកម្ពុជា)
ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រកម្ពុជា រួមទាំងមេដឹកនាំកំពូលៗរបស់កម្ពុជា គឺ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និង សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្វាយនិងជូនសារទៅកាន់មេដឹកនាំវៀតណាម ដើម្បីសម្តែងការសោកស្តាយនិងចូលរួមរំលែកចំពោះមរណភាពរបស់លោក ឡឺ ខាភៀវ (Le Kha Phieu) អតីតអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម ក្នុងជន្មាយុ៨៩ឆ្នាំ កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០។



ព្រះមហាក្សត្រ និងសម្តេច ហ៊ុន សែន ថ្វាយព្រះរាជសាររំលែកទុក្ខ និងជូនលិខិតរំលែកទុក្ខ ទៅកាន់លោក ង្វៀន ភូជុង (Ngyen Phu Trong) ជាអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាមបច្ចុប្បន្ន ជាប្រធានាធិបតី និង ជាប្រមុខរដ្ឋ។ សម្តេច សាយ ឈុំ និង សម្តេច ហេង សំរិន ជូនលិខិតរំលែកទុក្ខ ទៅកាន់អ្នកស្រី ង្វៀនធី គីមងិន (Nguyen Thi Kim Ngan) ប្រធានរដ្ឋសភាវៀតណាម។

ក្នុងព្រះរាជសាររំលែកទុក្ខ ដែលឡាយព្រះហស្ថលេខានៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០ ព្រះប្រមុខរដ្ឋកម្ពុជា មានព្រះបន្ទូលទៅកាន់ប្រមុខរដ្ឋវៀតណាមថា៖«ខ្ញុំ សូមសម្តែងនូវការសោកស្តាយដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះមរណភាពរបស់ឯកឧត្តម ឡឺ ខាភៀវ គឺជាការបាត់បង់ថ្នាក់ដឹកនាំដ៏ឆ្នើមនិងល្អប្រពៃមួយនៃប្រជាជាតិនិងប្រជាជនវៀតណាម ដែលបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការកសាងនិងការអភិវឌ្ឍសាធារណរដ្ឋសង្គមនិយមវៀតណាម»។

ព្រះអង្គ មានព្រះរាជឱង្ការបន្តថា៖«សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតានៃខ្ញុំ និងប្រជាជននៃព្រះរាជាណាចក្រកម្ពុជា រួមទាំងខ្ញុំ សូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសព និងប្រជាជនវៀតណាមជាបងប្អូន»។

ចំណែកសម្តេច ហ៊ុន សែន ដែលសរសេរលិខិតរំលែកទុក្ខ ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា បានចាត់ទុកមរណភាពរបស់លោក ឡឺ ខាភៀវ ថាជាការបាត់បង់ធ៏ធំធេងនូវមេដឹកនាំដ៏វាងវៃមួយរូប ដែលបានធ្វើពលិកម្មពេញមួយជីវិត ក្នុងការតស៊ូ ដើម្បីឯករាជ្យរបស់វៀតណាម ព្រមទាំងសន្តិភាព និងវិបុលភាពសម្រាប់ប្រជាជនវៀតណាម។

ក្នុងលិខិតរំលែកទុក្ខ ចុះហត្ថលេខានៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ ជូនទៅប្រមុខរដ្ឋវៀតណាម សម្តេចប្រធានគណបក្សប្រជាជនកម្ពុជា បានរំលេចអត្ថន័យថា៖«ឯកឧត្តម [ឡឺ ខាភៀវ] ក៏ជាមិត្តយូរអង្វែងរបស់កម្ពុជាផងដែរ ដោយបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ចំណងមិត្តភាពជាបងប្អូន ក៏ដូចជាកិច្ចសហប្រតិបត្តិការដ៏ស្អិតល្មួត មិនត្រឹមតែរវាងគណបក្សប្រជាជនកម្ពុជានិងបក្សកុម្មុយនីស្តវៀតណាមប៉ុណ្ណោះទេ តែរវាងរដ្ឋាភិបាល និងប្រជាជនយើងទាំងពីរផងដែរ»។

រីឯ សម្តេច សាយ ឈុំ បានហៅលោក ឡឺ ខាភៀវ ថាជាឥស្សរជនដឹកនាំជាន់ខ្ពស់វៀតណាមដ៏សំខាន់ម្នាក់ និងជាមិត្តដ៏ល្អរបស់ប្រជាជនកម្ពុជា។ សម្តេចប្រធានព្រឹទ្ធសភា មានប្រសាសន៍ទៅកាន់ប្រធានរដ្ឋសភាវៀតណាម ក្នុងលិខិតរំលែកទុក្ខថា៖«ស្នាដៃជាប្រវត្តិសាស្ត្រនិងគំរូដ៏ឆ្នើមរបស់ឯកឧត្តម ឡឺ ខាភៀវ នឹងបន្តស្ថិតស្ថេរជានិរន្តរ៍»។

សម្រាប់សម្តេច ហេង សំរិន វិញ មរណភាពរបស់លោក ឡឺ ខាភៀវ គឺជាការបាត់បង់មិត្តដ៏ល្អរបស់កម្ពុជា។ សម្តេច បន្តថា លោក ឡឺ ខាភៀវ ធ្លាប់បានរួមចំណែកស្តារ កសាង អភិវឌ្ឍ និង ចូលរួមលើកកម្ពស់ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា។

តាមរយៈលិខិតរំលែកទុក្ខ ជូនទៅប្រធានរដ្ឋសភាវៀតណាម សម្តេចប្រធានរដ្ឋសភា បង្ហាញសមានចិត្តថា៖«ក្នុងខណៈដ៏សោកសង្រេងនេះ ខ្ញុំ សូមចូលរួមជាមួយលោកជំទាវ ព្រមទាំងបក្ស រដ្ឋ និង ប្រជាជនវៀតណាម ក៏ដូចជា ក្រុមគ្រួសារសព ដើម្បីឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ឯកឧត្តម ឡឺ ខាភៀវ សូមទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ»។

លិខិតរំលែកទុក្ខរបស់សម្តេចប្រធានព្រឹទ្ធសភា និងលិខិតរំលែកទុក្ខរបស់សម្តេចប្រធានរដ្ឋសភា ដែលជូនទៅប្រធានរដ្ឋសភាវៀតណាម គឺធ្វើឡើងនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០ជាមួយគ្នា។

លោក ឡឺ ខាភៀវ កើតនៅឆ្នាំ១៩៣១ ហើយចាប់ពីឆ្នាំ១៩៦៤ ដល់ឆ្នាំ១៩៩២ លោក បានចូលបម្រើការងារក្នុងជួរកងទ័ព រហូតដល់ឡើងឋានន្តរសកិ្តជាឧត្តមសេនីយ៏ឯកបម្រុង និងជាប្រធានអគ្គនាយកដ្ឋាននយោបាយ។

ក្នុងមហាសន្និបាតបក្សអាណតិ្តទី៧ នៅឆ្នាំ១៩៩១ លោក ឡឺ ខាភៀវ បានជាប់ឆ្នោតជាសមាជិកគណៈកម្មាធិការមជ្ឈិមបក្ស។ នៅខែមិថុនា ឆ្នាំ១៩៩៤ ក្នុងអង្គប្រជុំមជ្ឈិមលើកទី៣ (អាណត្តិ៧) លោក បានជាប់ឆ្នោតចូលក្នុងគណៈលេខា ដល់ខែមករា ឆ្នាំ១៩៩៤ លោក បានជាប់ឆ្នោតជាសមាជិកការិយាល័យនយោបាយ ហើយនៅខែមេសា ឆ្នាំ១៩៩៦ លោក ត្រូវបានតែងតាំងជាអចិន្ត្រៃយ៍គណៈលេខា។

រហូតដល់មហាសន្និបាតបក្សអាណត្តិទី៨ នៅឆ្នាំ១៩៩៦ លោក ឡឺ ខាភៀវ បានបន្តជាប់ឆ្នោតជាសមាជិកគណៈកម្មាធិការមជ្ឈឹមបក្ស សមាជិកគណៈអចិន្ត្រៃយ៍នៃការិយាល័យនយោបាយ និងប្រចាំការការិយាល័យនយោបាយ។ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ១៩៩៧ ក្នុងអង្គប្រជុំលើកទី៤ (អាណតិ្តទី៨) លោក បានជាប់ឆ្នោតជាអគ្គលេខាធិការមជ្ឈិមបក្ស និងបានកាន់តួរនាទីនេះដល់ខែមេសាឆ្នាំ២០០១។

លោក ឡឺ ខាភៀវ ធ្លាប់កាន់តួនាទីជាបញ្ជាការរងទទួលបន្ទុកនយោបាយនៃបញ្ជាការដ្ឋានកងទ័ពស្ម័គ្រចិត្តវៀតណាមនៅកម្ពុជា ហៅថា រណសិរ្យ៧១៩។ ប្រវត្តិសង្ខេបរបស់លោក ឡឺ ខាភៀវ ខាងលើនេះ ត្រូវបានបង្ហោះលើទំព័រហ្វេសប៊ុករបស់ស្ថានទូតវៀតណាមប្រចាំកម្ពុជា។

អគ្គលេខាធិការបក្ស ឬអគ្គលេខាធិការមជ្ឈិមបក្ស គឺជាអ្នកដែលមានឋានៈនិងអំណាចខ្លាំងជាងគេ ក្នុងបក្សកុម្មុយនីស្តវៀតណាម។ បក្សកុម្មុយនីស្តនៃប្រទេសផ្សេងទៀត ដូចជា បក្សកុម្មុយនីស្តចិន ជាដើម ក៏ចាត់ទុកអគ្គលេខាធិការបក្ស ជាអ្នកដែលមានឋានៈខ្ពស់ជាងគេដែរ។ ក្នុងរចនាសម្ព័ន្ធបក្សកុម្មុយនីស្ត អគ្គលេខាធិការបក្ស ប្រៀបដូចជាប្រធានបក្ស៕

Tag:
 ព្រះបាទនរោត្តម សីហមុនី
  សាយ ឈុំ
  ហេង សំរិន
  ហ៊ុន សែន
  សាររំលែកទុក្ខ
  ឡឺ ខាភៀវ
© រក្សាសិទ្ធិដោយ thmeythmey.com