ពីនេះ ពីនោះ
សុខភាព
គួរ​អាន​! ហេតុអ្វី​ទើប​ការឡើង​ជណ្ដើរ​ល្អ​ចំពោះ​សុខភាព​?
10, Aug 2020 , 6:59 pm        
រូបភាព
​ភាគច្រើន​នៃ​ពួកយើង​ប្រហែលជា​មិន​ធ្លាប់​ដឹង​ទេ​ថា​ការឡើង​ជណ្ដើរ​អាច​ផ្ដល់​អត្ថប្រយោជន៍​គួរឱ្យកត់សម្គាល់​ចំពោះ​សុខភាព​។ ថា​តើ​ការឡើង​ជណ្ដើរ​អាច​ផ្ដល់​ផល​ល្អ​អ្វីខ្លះ​? ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​មូលហេតុ​ដែល​អ្នក​គួរ​ឧស្សាហ៍​ឡើងជណ្ដើរ ៖

 
១. វា​ជួយ​ពង្រឹង​សុខភាព​ឆ្អឹង​
 
​ការឡើង​ជណ្ដើរ​អាច​ចាត់ទុកជា​ទម្រង់​នៃ​លំ​ហាត់ប្រាណ​មួយបែប​ហៅថា (weight-bearing exercise) ដែល​ទ្រ ឬ​ទប់​ទម្ងន់​ខ្លួន​។ នេះ​មានន័យថា​ការឡើង​ជណ្ដើរ​ពិតជា​អាចជួយ​ពង្រឹង​សុខភាព​ឆ្អឹង​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ពុក​ឆ្អឹង​បាន​យ៉ាង​ប្រសើរ​។ ការឡើង​ជណ្ដើរ​ក៏​ជា​លំ​ហាត់ប្រាណ​ដ៏​ល្អ​បំផុត​មួយ​ដើម្បី​រក្សា​សុខភាព​សន្លាក់​ផងដែរ​។​
 
២. វា​ធ្វើឱ្យ​អ្នក​មិនឆាប់​ហត់​
 
​អ្នក​ប្រាកដ​ជាមាន​អារម្មណ៍​ហត់​មួយ​រំពេច​ក្រោយពី​ឡើងជណ្ដើរ​មិនទាន់បាន​ប៉ុន្មាន​កាំ​ផង​ប្រសិនបើ​មិន​ឧស្សាហ៍​ដើរ​ឡើង​ទេនោះ​។ ប៉ុន្តែ​នៅពេល​ឡើងជា​ញឹកញាប់ ឬ​ជាប្រចាំ​អ្នកនឹង​មិន​ងាយ​ហត់​ដូច​មុន​ទៀតឡើយ​។ អត្ថប្រយោជន៍​នេះ​ក៏​ល្អ​សម្រាប់​អ្នក​ក្នុងការ​ការធ្វើសកម្មភាព​រាងកាយ​ផ្សេងទៀត​ដោយ​មិន​ងាយ​អស់កម្លាំង​ផងដែរ​។​
 
៣. វា​ធ្វើ​ឱ្យជើង​របស់​អ្នក​មើលទៅ​ស្រស់ស្អាត​
 
​ការឡើង​ជណ្ដើរ​ជា​ទម្រង់​នៃ​លំ​ហាត់ប្រាណ​ដ៏​ប្រសើរ​បំផុត​មួយ​សម្រាប់​ជើង​របស់​អ្នក​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​ចូរ​បង្កើត​ទម្លាប់​ដើរ​ឡើងជណ្ដើរ​ជាប្រចាំ​។​
 
៤. វា​ល្អ​សម្រាប់​សុខភាព​សាច់ដុំ​
 
​ការឡើង​ជណ្ដើរ​មិន​ត្រឹមតែ​ប្រសើរ​សម្រាប់តែ​សាច់ដុំ​ជើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ល្អ​សម្រាប់​សាច់ដុំ​គូទ សាច់​ដុំដៃ និង​ថែម​ជួយ​បង្រួម​ចង្កេះ​ទៀតផង​។​
 
៥. វា​ជួយ​ឱ្យ​អ្នក​ស្រក​ទម្ងន់​ដែល​លើស​
 
​ប្រសិនបើ​អ្នក​ចង់​ស្រក​ទម្ងន់​បាន​កាន់តែ​ប្រសើរ ចូរ​ព្យាយាម​ដើរ​ឡើងជណ្ដើរ​ជើង​ជំនួស​ជណ្ដើរយន្ត​។ ការឡើង​ជណ្ដើរ​អាចជួយ​ដុតបំផ្លាញ​កាឡូរី​បន្ថែម​និង​ធ្វើឱ្យ​អ្នក​ស្រក​ទម្ងន់​គួរឱ្យកត់សម្គាល់​។​
 
៦. វា​ជួយ​គ្រប់គ្រង​សម្ពាធ​ឈាម​
 
​ការធ្វើ​លំ​ហាត់ប្រាណ​ទៀងទាត់​ជាប្រចាំ គឺ​ចាំបាច់​ណាស់​ដើម្បី​រក្សាបាន​នូវ​សុខភាព​រាងកាយ​ទាំងមូល​ល្អប្រសើរ ក៏ដូចជា​ទប់ស្កាត់បាន​នូវ​បញ្ហា​សម្ពាធ​ឈាម​ឡើង​ខ្ពស់​។ ហើយ​ការមិនធ្វើ​លំ​ហាត់ប្រាណ​សោះនឹង​បង្ក​ផលប៉ះពាល់​ដល់​មុខងារ​របស់​បេះដូង​ក្នុងការ​ច្របាច់​ឈាម​ទៅ​សព្វ​រាងកាយ​ដែលនាំឱ្យ​កើតមាន​បញ្ហា​សុខភាព​ផ្សេងៗ រួមទាំង​ជំងឺលើសឈាម​។ នេះ​មិនមែន​មានន័យថា​អ្នក​ចាំបាច់​ត្រូវធ្វើ​លំ​ហាត់ប្រាណ​ខ្លាំងក្លា​ឡើយ ត្រឹមតែ​ការដើរ ឬ​ឡើងជណ្ដើរ​ក៏​ជា​លំ​ហាត់ប្រាណ​ល្អប្រសើរ​ដើម្បី​ទប់ស្កាត់​ជំងឺលើសឈាម​ដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com