កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ AT-Madrid មាន​សមាជិក​ពីរ​នាក់​ឆ្លង COVID-19 មុន​ប៉ះ Leipzig វគ្គ​១/៤
10, Aug 2020 , 11:04 am        
រូបភាព
​សមាជិក​ក្រុម Atletico Madrid ពីររូប​បានធ្វើ​តេស្ត​ចេញ​លទ្ធផល​វិជ្ជា​មាន COVID-19 មុនពេល​ពួកគេ​ត្រូវធ្វើ​ដំណើរ​ទៅ​ព័រ​ទុយ​ហ្គា​ល់​ដើម្បី​ប្រកួត​ជាមួយ RasenBallsport Leipzig ក្នុង​ពានរង្វាន់ UEFA Champions League វគ្គ ៨ ក្រុម​ចុងក្រោយ​។ ក្របខណ្ឌ La Liga នៃ​ប្រទេស​អេ​ស្ប៉ា​ញ​ប្រកាស​ដូច្នេះ​នៅ​ថ្ងៃ​៩ សីហា​។​


​អ្នក​ទាំងពីរ​ដែល​រក​ឃើញថា ឆ្លង​ជំងឺ​រលាក​សួត​ធ្ងន់ធ្ងរ​បង្ករ​ដោយ​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​ថ្មី​នេះ កំពុង​ដាក់​ឲ្យ​នៅ​ដាច់ដោយឡែក​នៅផ្ទះ​រៀងៗ​ខ្លួន និង​ទទួល​ការព្យាបាល​ពី​ក្រុមគ្រូពេទ្យ​។ យ៉ាងណាក៏ដោយ ក្លិប​នៃ​លី​គ​កីឡាបាល់ទាត់​កំពូល​អេ​ស្ប៉ា​ញ​មួយ​នេះ មិនបាន​បង្ហាញ​ពី​អត្តសញ្ញាណ​សមាជិក​រប​ស់​ពួកគេ ឬ​បញ្ជាក់ថា ជា​កីឡាករ ឬក៏​បុគ្គលិក​នោះទេ​។​
 
​ក្នុង​សេចក្តីប្រកាស AT-Madrid បានសរសេរថា​៖« កាលពី​ថ្ងៃទី ៨ ខែសីហា​សមាជិក​ទាំងអស់​នៃ​ក្រុមទី​១ ដែល​ត្រូវ​ធ្វើដំណើរ​ទៅ​ក្រុង Lisbon ត្រូវបាន​បញ្ជូនទៅ​ធ្វើតេស្ត ដោយ​គោរព​តាម​គោល​ការ​របស់ UEFA ក្នុង​ការចូល​រួមការ​ប្រកួត​វគ្គ ៨ ក្រុម​ចុងក្រោយ​ក្របខណ្ឌ Champions League​។ នៅ​ថ្ងៃ​បន្ទាប់ យើង​បាន​រកឃើញ​អ្នក​ឆ្លង COVID-19 ចំនួន​ពី​នាក់ ក្នុងចំនោម​អ្នកធ្វើ​តេស្ត​ទាំងអស់ ហើយ​ឥឡូវ​ពួកគេ​ត្រូវដាក់​ច​ត្តា​ឡី​ស័ក​នៅក្នុង​ផ្ទះ​រៀងៗ​ខ្លួន​»​។​
 
Atletico Madrid បញ្ជាក់ទៀតថា សមាជិក​ក្រុម​ទាំងអស់​នឹងត្រូវ​បានធ្វើ​តេស្ត​ម្តងទៀត​មុនពេល​អាចធ្វើ​ដំណើរ​ទៅ​ជួប RB Leipzig ក្រុម​នៃ​ក្របខណ្ឌ​អាល្លឺម៉ង់ នៅ​រាត្រី​ថ្ងៃទី​១៣ ខែសីហា ម៉ោង ២:០០ [​ម៉ោង​នៅ​កម្ពុជា​] នា​កីឡដ្ឋាន Estadio Jose Alvalade ក្នុង​ក្រុង Lisbon ប្រទេស​ព័រ​ទុ​ហ្គា​ល់ ដែល UEFA ជ្រើសរើស​ជា​ទឹកដី​កណ្តាល​សម្រាប់​ពាន​កំពូល​អឺរ៉ុប​ចាប់ពី​វគ្គ​៨​ក្រុម​រដូវ​កាល​នេះ​។​
 
​ក្រុម​ដែល​ត្រូវ​ប៉ះគ្នា​នៅ​វគ្គ ១/៤ ផ្តាច់ព្រ័ត្រ​ផ្សេងទៀត មាន Atalanta ប៉ះ Paris Saint-Germain, Barceloan តទល់​ជាមួយ Bayern Munich និង Manchester City ជួប Lyon​។​
​គិត​មក​ត្រឹម​ពេលនេះ អេ​ស្ប៉ា​ញ​មាន​ចំនួន​អ្នក​ឆ្លង​ជាង​៣៦​ម៉ឺន​ករណី ក្នុងនោះ​ស្លាប់​ជាង​២៨០០០​នាក់ ខណៈ​ពិភពលោក​ទាំងមូល​មាន​ចំនួន​អ្នក​ឆ្លង​ជាង​២០​លាន​នាក់ សះស្បើយ​ជិត​១៣​លាន​នាក់ និង​ស្លាប់​ជាង​៧​សែន​នាក់​៕

Tag:
 Atletico Madrid
  COVID-19
  Champions League
© រក្សាសិទ្ធិដោយ thmeythmey.com