អន្តរជាតិ
ពិភពលោក សន្យា​ផ្ដល់​លុយ​ជិត​៣០០​លាន​ដុល្លារ​ឲ្យ​លី​បង់​ស្ដារ​ប្រទេស​
10, Aug 2020 , 12:07 pm        
រូបភាព
ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង និយាយក្នុងសន្និសីទអន្តរជាតិដើម្បីកៀរគរជំនួយឲ្យលីបង់។ រូបភាព AFP
ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង និយាយក្នុងសន្និសីទអន្តរជាតិដើម្បីកៀរគរជំនួយឲ្យលីបង់។ រូបភាព AFP
​មេដឹកនាំ​ពិភពលោក ដែល​ចូលក្នុង​សន្និសីទ​អន្តរជាតិ​ស្ដីពី​លី​បង់​នៅ​ថ្ងៃទី​៩ ខែសីហា បាន​សន្យា​ផ្ដល់ប្រាក់​ចំនួន​២៥០​លាន​ដុល្លារ​ដើម្បី​ស្ដារ​ប្រទេស​ឡើងវិញ​ក្រោយ​ហេតុការណ៍​ផ្ទុះ​ឃ្លាំង​សារធាតុ​គីមី​កក្រើក​រដ្ឋធានី​បេ​រូត​។ នេះ​បើតាម​ការបញ្ជាក់​របស់​បារាំង​ដែលជា​អ្នករៀបចំ​ជំនួប​អន្តរជាតិ​នេះ​។ ជំនួយ​បន្ទាន់ នឹងត្រូវ​ផ្ដល់​ឲ្យ​ប្រជាជន​ដែល​រងគ្រោះ​ដោយផ្ទាល់ ដោយ​មិន​ឆ្លងកាត់​រដ្ឋាភិបាល​លី​បង់​ដែល​ប្រជាជន​ចោទថា ពុករលួយ​គ្មាន​សមត្ថភាព​។​

 
​មេដឹកនាំ​ប្រទេស​ចំនួន​១៥ និង​តំណាង​មកពី​ប្រទេស​ជាច្រើន​ទៀត បាន​ចូលរួម​ក្នុង​សន្និសីទ​អន្តរជាតិ​ដែល​ធ្វើតាម​ប្រព័ន្ធ​អន​ឡាញ​នៅ​ថ្ងៃទី​៩ ខែសីហា ក្នុង​គោលដៅ​បង្ហាញ​សាមគ្គីភាព​ជាមួយ​ពលរដ្ឋ​លី​បង់​ដែល​ញាំញី​ដោយ​វិបត្តិ និង​ចុង​ក្រោយនេះ គឺ​ការផ្ទុះ​ឃ្លាំង​ផ្ទុក​អា​ម៉ូ​ញ៉ូ​ម​នីត្រាត​កាលពីដើម​សប្ដាហ៍​មុន​។ ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ក៏មាន​វត្តមាន​ក្នុងជំនួប​ដែល​ដឹកនាំ​ដោយ​ប្រធានាធិបតី​បារាំង អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង និង​អង្គការសហប្រជាជាតិ​។​
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ការិយាល័យ​លោក ម៉ា​ក្រុង ប្រកាសថា ជំនួយ​បន្ទាន់​ដែល​ត្រូវបាន​កៀរគរ​ភ្លាមៗ​មាន​ចំនួន​២៥២,៧​លាន​អឺរ៉ូប ដែល​ស្មើនឹង​២៩៨​លាន​ដុល្លារ​។ ក្នុងនោះ បារាំង​នឹង​ចេញ​ចំនួន​៣០​លាន​អឺរ៉ូ​។ រដ្ឋមន្ត្រីការបរទេស​អាល្លឺម៉ង់ ហៃ​កូ ម៉ាស និយាយថា ទឹកប្រាក់​ច្រើនជាង​២០០​លាន​ដុល្លារ ត្រូវបាន​ប្រមូល​ហើយ ហើយ​អាល្លឺម៉ង់​ក៏បាន​ចេញ​២០​លាន​អឺរ៉ូ​ដែរ​។ 
 
​ក្នុង​សេចក្ដីថ្លែងការណ៍​រួម​ក្រោយ​ជំនួប មេដឹកនាំ និង​តំណាង​ប្រទេស​ដែល​ចូលរួម បាន​រំលេច​ពី​ក្ដីបារម្ភ​របស់​ពួកគេ​ពាក់ព័ន្ធ​អំពើពុករលួយ​របស់រ​ដ្ឋា​ភិ​បាល​លី​បង់ និង​បាន​ប្រកាន់​ជំហរ​ផ្ដល់ជំនួយ​បន្ទាន់​ឲ្យ​ពលរដ្ឋ​ដោយផ្ទាល់​។ សេចក្ដីថ្លែងការណ៍​បញ្ជា​ក់ថា​៖ «​អ្នកចូលរួម​ទាំងអស់​យល់ស្រប​ថា ជំនួយ​របស់​ពួកគេ ត្រូវតែ​ទាន់ពេល មាន​ប្រសិទ្ធភាព និង​ស្របតាម​តម្រូវការ​របស់​ប្រជាជន​លី​បង់ ហើយ​ត្រូវបាន​សម្របសម្រួល​ដោយ​អង្គការ​ហ​ប្រជាជាតិ ព្រមទាំង​ចែក​ដោយផ្ទាល់​ដល់​ប្រជាជន ជាមួយ​តម្លាភាព និង​ប្រសិទ្ធភាព​ខ្ពស់បំផុត​។​»  
 
​នាយក​ស្ដីទី​ទីភ្នាក់ងារ USAID របស់​អាមេរិក John Barsa បាន​និយាយ​ដែរ​ថា ជំនួយ​របស់​អាមេរិក ដែល​ក្នុងនោះ​មាន​ទឹកប្រាក់​១៥​លាន​ដុល្លារ​បានប្រកាស​រួចហើយ នឹងមិន​ឆ្លង​រដ្ឋាភិបាល​ទីក្រុង​បេ​រូត​ដាច់ខាត​។ 
 
​ដោយឡែក​អង្គការសហប្រជាជាតិ ក៏​ប្រកាស​ដែរ​ថា ទឹកប្រាក់​ចំនួន​១១៧​លាន​ដុល្លារ កំពុង​ត្រូវ​ចាំបាច់​សម្រាប់​ការឆ្លើយតប​បន្ទាន់​រយៈ​ពេល​បី​ខែ​ដោ​យោ​ផ្ដោតលើ​ការផ្ដល់​សេវាកម្ម​សុខាភិបាល ការសាងសង់​ជម្រក​បន្ទាន់ ការចែក​អាហារ និង​កម្មវិធី​ផ្សេងៗ​ដើម្បី​ទប់ស្កាត់​ការ​រាលដាល​ជំងឺ COVID-19 ផងដែរ​។ ប្រធានាធិបតី​លី​បង់ Michel Aoun បាន​អរគុណ​ប្រទេស​ទាំងអស់​ដែល​ផ្ដល់ជំនួយ​សម្រាប់​ប្រទេស​របស់លោក​៕

Tag:
 លី​បង់​
  បារាំង
© រក្សាសិទ្ធិដោយ thmeythmey.com