អន្តរជាតិ
រដ្ឋមន្ត្រី និង​សមាជិកសភា​លី​បង់ លាលែង​ពី​តំណែង​ជា​បន្តបន្ទាប់
10, Aug 2020 , 1:10 pm        
រូបភាព
ប្រជាជនលីបង់ បាតុកម្មទាមទារឲ្យរដ្ឋាភិបាលចុះចេញពីតំណែង។ រូបភាព៖ Al Jazeera
ប្រជាជនលីបង់ បាតុកម្មទាមទារឲ្យរដ្ឋាភិបាលចុះចេញពីតំណែង។ រូបភាព៖ Al Jazeera
​រដ្ឋមន្ត្រី និង​សមាជិកសភា​លី​បង់ នៅ​ថ្ងៃទី​៩ ខែសីហា បាន​ចុះ​ចេញពី​តំណែង​ជា​បន្ទាប់ ខណៈពេល​បាតុកម្ម​នៅក្នុង​ទីក្រុង​បេ​រូត បាន​ឈាន​ចូលដល់​ថ្ងៃទី​២​។ ក្រុមបាតុករ​ជាច្រើន​នាក់ បាន​រងរបួស និង​ប៉ូលិស​ម្នាក់ បាន​ស្លាប់បាត់​បង់ជីវិត​។


​បន្ទាប់ពី​ករណី​ផ្ទុះ​សារធាតុ​គីមី​អា​ម៉ូ​ញ៉ូ​ម​នីត្រាត​នៅក្នុង​ទីក្រុង​បេ​រូត​នាពេល​កន្លងមក ស្ថានការណ៍​នយោបាយ​នៅ​នៅ​លី​បង់ បាន​កើនឡើង​កម្តៅ​ខ្លាំង​ជាង​មុន​។ គិត​ត្រឹម​ថ្ងៃទី​៩ ខែសីហា បាតុកម្ម​នៅក្នុង​ទីក្រុង បាន​ឈាន​ចូលដល់​ថ្ងៃទី​២​ហើយ ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ចុះ​ចេញពី​តំណែង​។ បាតុករ​បាន​ចោល​ដុំថ្ម​លើ​ប៉ូលិស ដុត​រូប​ប្រធានាធិបតី និង​បំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួន ហើយក៏​បាន​ចូល​អុកឡុក​ស្ថាប័នរដ្ឋ​ជាច្រើន​។ 
 
​ក្រុមប៉ូលិស​បង្ក្រាប​កុបកម្ម បាន​ព្យាយាម​បំបែក​ក្រុមបាតុករ​តាមរយៈ​ការបាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក និង​បាញ់​គ្រាប់កាំភ្លើង​ជ័រ​។ ប៉ុន្តែ​ការធ្វើ​បែបនេះ មិនអាច​ធ្វើ​ឲ្យ​ចលនា​បាតុកម្ម​បំបែក​ក្រុម​បានឡើយ​។ បាតុករ​យ៉ាងហោចណាស់ ៧២៨​នាក់ បាន​រងរបួស និង​ប៉ូលិស​បង្ក្រាប​បាតុកម្ម​ម្នាក់ បាន​បាត់​បង់ជីវិត​។​
 
​ខណៈ​វិបត្តិ​នយោបាយ​កាន់តែ​ផុង​ជ្រៅ សមាជិក​គណៈរដ្ឋមន្ត្រី​លី​បង់ និង​សមាជិកសភា បាន​លា​ចេញពី​តំណែង​ជា​បន្តបន្ទាប់​។ តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Al Jazeera រដ្ឋមន្ត្រី​ព័ត៌មាន​លី​បង់ លោកស្រី Manal Abdel Samad បានប្រកាស​លា​ចេញពី​តំណែង​ហើយ ដោយសារ​រដ្ឋាភិបាល​នាយករដ្ឋមន្ត្រី Hassan Diab អសកម្ម និង​មិនអាច​បំពេញ​សេចក្តីត្រូវការ​របស់​ប្រជាជន​។ ចំណែកឯ​រដ្ឋមន្ត្រី​បរិស្ថាន លោក Damianos Kattar ក៏បាន​លា​ចេញពី​តំណែង​ដែរ ដោយសារ​បាត់បង់​ក្តី​សង្ឃឹមលើ​រដ្ឋាភិបាល​។ 
 
​មុន​ករណី​ផ្ទុះ​សារធាតុ​គីមី​ក្នុង​ទីក្រុង​ប៉េ​រូត​មួយថ្ងៃ រដ្ឋមន្ត្រីការបរទេស​លី​បង់ លោក Nassif Hitti ក៏បាន​លា​ចេញពី​តំណែង​ដែរ ព្រោះ​មិន​ពេញចិត្ត​នឹង​ការដឹកនាំ​របស់​រដ្ឋាភិបាល​លី​បង់​។ មិន​ត្រឹមតែ​រដ្ឋមន្ត្រី​ទេ សមាជិកសភា​លី​បង់ ក៏​លា​ចេញពី​តំណែង​ផងដែរ​។ គិត​ចាប់តាំងពី​ផ្ទុះ​ឃ្លាំង​សារធាតុ​គីមី​មក​ត្រឹម​ថ្ងៃទី​៩ ខែសីហា សមាជិកសភា​ចំនួន ៧​នាក់​ហើយ​បាន ចុះ​ចេញពី​តំណែង​។ 
​សូមបញ្ជាក់ថា គិត​មក​ត្រឹម​ថ្ងៃទី​៩ ខែសីហា អ្នកស្លាប់​ដោយសារ​ករណី​ផ្ទុះ​សារធាតុ​គីមី បាន​កើន​ដល់ ១៥៨​នាក់ ខណៈ​មនុស្ស​ជាង ៦០០០​នាក់​រងរបួស​។ លើសពីនេះ ប្រជាជន​ជាច្រើន​ពាន់​នាក់ កំពុងតែ​ខ្វះ​ទីជម្រក​៕ 

Tag:
 លី​បង់
© រក្សាសិទ្ធិដោយ thmeythmey.com