កីឡាករ ឡុង សុ​ផា ចូលប្រឡូក​ក្នុង​វិស័យ​ប្រដាល់ ដើម្បី​រកលុយ​ជួយ​ដោះបំណុល​ម្តាយ​
កីឡាជាតិ
ជាតិ
កីឡាករ ឡុង សុ​ផា ចូលប្រឡូក​ក្នុង​វិស័យ​ប្រដាល់ ដើម្បី​រកលុយ​ជួយ​ដោះបំណុល​ម្តាយ​
10, Aug 2020 , 2:22 pm        
រូបភាព
កីឡាករ ឡុង សុផា (បង្គោលខៀវ)ត្រូវបានអាជ្ញាកណ្តាលលោក ជា រិទ្ធ លើកដៃក្រោយទទួលបានជ័យជម្នះលើកីឡាករ ផាន់ សុវណ្ណ នៅវគ្គផ្តាច់ព្រ័ត្រ
កីឡាករ ឡុង សុផា (បង្គោលខៀវ)ត្រូវបានអាជ្ញាកណ្តាលលោក ជា រិទ្ធ លើកដៃក្រោយទទួលបានជ័យជម្នះលើកីឡាករ ផាន់ សុវណ្ណ នៅវគ្គផ្តាច់ព្រ័ត្រ
​កត្តា​ជីវភាព​និង​ការចង់​សាង​ភាពល្បីល្បាញ បាន​ទាក់ទាញ​កីឡាករ ឡុង សុ​ផា ឲ្យ​ចូលប្រឡូក​ក្នុង​វិស័យ​កីឡាប្រដាល់​គុន​ខ្មែរ​។ កីឡាករ​វ័យ​១៨​ឆ្នាំ​រូបនេះ រំពឹងថា វិស័យ​កីឡាប្រដាល់ នឹង​ជួយ​ឲ្យ​ខ្លួន​អាច​រកចំណូលបាន​ច្រើន ដើម្បី​ជួយ​ដោះស្រាយ​ជីវភាព និង​ជួយ​ម្តាយ​សងបំណុល​ធនាគារ​។ ក្រោយ​ក្លាយជា​ម្ចាស់​ជើងឯក​ប្រាក់​លាន​ក្នុង​ការប្រកួត​ម៉ារ៉ាតុន​ប្រចាំ​កម្មវិធី​អធិរាជ​គុន​ខ្មែរ ISI PALM-ISI PIPE នៅ​សង្វៀន​ភី​អិន​អិន សុ​ផា រំពឹងថា ខ្លួន​នឹងមាន​ទីផ្សារ​ប្រកួត​កាន់តែច្រើន​។

 
​ស្ថិតក្នុង​វ័យ​១៨​ឆ្នាំ​កីឡាករ ឡុង សុ​ផា សម្រេចចិត្ត​ចាកចេញ​ពី​ស្រុកកំណើត និង​លា​ឪពុកម្តាយ​មក​ប្រកប​អាជីព​ជា​អ្នក​ប្រដាល់​នៅ​រាជធានី​ភ្នំពេញ​ដោយ​រំ​ពឺ​ង​ថា វិស័យនេះ​នឹង​ជួយ​ឲ្យ​ខ្លួន​និង​គ្រួសារ​មាន​ជីវភាព​ល្អប្រសើរ​ជាង​មុន​។ កីឡាករ​រូបនេះ​អះអាងថា មូលហេតុ​ដែល​ជំរុញ​ឲ្យ​ខ្លួន​សម្រេចចិត្ត​ធ្វើបែបនេះ ដោយសារ​កត្តា​ជីវភាព និង​ចង់​សាង​ភាពល្បីល្បាញ​លើ​វិថី​មួយ​នេះ​។ 

 កីឡាករ ឡុង សុផា (ឆ្វេងទី២)ឡើងទទួលពាន និងប្រាក់រង្វាន់ក្រោយឈ្នះជើងឯកក្នុងការប្រកួតម៉ារ៉ាតុននៅភីអិនអិន

​កីឡាករ​រូបនេះ​រំពឹងថា វិស័យ​កីឡាប្រដាល់​គុន​ខ្មែរ​នឹង​ជួយផ្តល់​ប្រាក់ចំណូល​ឲ្យ​ខ្លួន​បាន​ច្រើន​ក្នុងការ​ដោះស្រាយ​ជីវភាព​គ្រួសារ​និង​ជួយ​រួមចំណែក​សងបំណុល​ធនា​គារ​របស់​ម្តាយ​នៅ​ស្រុកកំណើត​។ បើ​និយាយ​ពី​ស្ថានភាព​គ្រួសារ សុ​ផា ត្អូញត្អែរថា គ្រួសារ​ខ្លួន​មិន​ត្រឹម​តែមាន​ជីវភាព​ខ្វះខាត​ប៉ុណ្ណោះ​ទេ ថែមទាំង​ជំពាក់​ធនាគារ​ទៀតផង​។   
 
​ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ​កីឡាករ ឡុង សុ​ផា បាន​រៀបរាប់​ពី​ស្ថានភាព​គ្រួសារ​យ៉ាង​ដូច្នេះ​ថា​៖«​ជីវភាព​គ្រួសារ​ខ្ញុំ​រាល់ថ្ងៃ​ពិបាក​ដែរ ព្រោះ​គាត់​(​ម្តាយ​)​ជំពាក់​លុយ​អង្គការ​រាង​ច្រើន​ដែរ អ៊ីចឹង​ទើប​ខ្ញុំ​ខំតស៊ូ​មក​ប្រដាល់​។ ខ្ញុំ​ឡើង​ប្រកួត​បាន​ចំនួន​៦​ដង ហើយ​រាល់​ការឡើង​សង្វៀន​ប្រដាល់​របស់ខ្ញុំ គឺ​ដើម្បី​រកលុយ​ជួយ​សង​ធនាគារ​ឲ្យ​ម៉ែ​ខ្ញុំ​»​។ 
 
​តែ​យ៉ាងណា កូនសិស្ស​របស់លោក​គ្រូ ឡុង សាល​វ័​ន្ត រូបនេះ មិនបាន​ដឹង​ពី​ចំនួន​ទឹកប្រាក់​ដែល​ម្តាយ​ខ្លួន​បាន​ខ្ចី​ធនាគារ និង​ការសង​ត្រឡប់​ប្រចាំខែ​ទៅ​ធនាគារ​វិញ​មាន​ចំនួន​ប៉ុន្មាន​នោះទេ គ្រាន់តែ​បញ្ជាក់ថា ទឹកប្រាក់​នោះ​មាន​ចំនួន​ច្រើន​។ សុ​ផា អះអាងថា បច្ចុប្បន្ន​ខ្លួន​មិនទាន់មាន​លទ្ធភាព​អាចជួយ​សងបំណុល​ម្តាយ​បាន​នៅឡើយ​ទេ​ដោយ​រំពឹងថា រូបគេ​នឹង​អាច​រកលុយ​ជួយ​សងបំណុល​ម្តាយ​ក្នុង​រយៈពេល​១​ឆ្នាំ​ខាងមុខនេះ​។ 
 
​ទោះបី​បច្ចុប្បន្ន ឡុង សុ​ផា មិនទាន់​អាច​រកប្រាក់​ចំណូល​ពី​វិស័យ​កីឡាប្រដាល់​គុន​ខ្មែរ ដើម្បី​ជួយ​ឪពុកម្តាយ​ក៏ដោយ រូបគេ​នៅតែ​មានជំនឿថា វិស័យនេះ​នឹង​អាចជួយ​ឲ្យ​ខ្លួន​មាន​ជីវភាព​ល្អប្រសើរ​ជាង​មុន​។ កីឡាករ​រូបនេះ​អះអាងថា បច្ចុប្បន្ន​ខ្លួន​បាន​ព្យាយាម​ខិតខំ​ហ្វឹកហាត់​យ៉ាង​យកចិត្តទុកដាក់ មិនដែល​ធ្វេសប្រហែស​នោះទេ​។ 


 កីឡាករ ឡុង សុផា ទទួលពានជើងឯកក្នុងការប្រកួតម៉ារ៉ាតុនពីលោក ឆឹង យ៉ៅយ៉េន

​កីឡាករ​វ័យ​១៨​ឆ្នាំ​រូបនេះ បាន​ចូល​ហ្វឹកហាត់​កីឡាប្រដាល់​គុន​ខ្មែរ​នៅ​ក្លិប​សាល​វ័​ន្ត​គុន​ខ្មែរ ទើបតែ​បាន​ជាង​១​ខែ​ប៉ុណ្ណោះ​។ ប៉ុន្តែ​ដោយសារ​ការយកចិត្តទុកដាក់ ខិតខំ​ព្យាយាម​ហ្វឹកហាត់ រួមជាមួយ​ការ​អំណោយផល​ផ្នែក​កាយសម្បទា សុ​ផា ត្រូវបាន​គ្រូបង្វឹក​ផ្តល់ឱកាស​ឲ្យ​ឡើង​សង្វៀន​ប្រកួត​ជា​បន្តបន្ទាប់​។ បច្ចុប្បន្ន​កីឡាករ​រូបនេះ​មាន​បទពិសោធ​ឡើង​សង្វៀន​ចំនួន​៦​លើក​ឈ្នះ​៤ និង​ចាញ់​២​។ 
 
​ជាក់ស្តែង​កាលពី​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០២០ កីឡាករ ឡុង សុ​ផា ត្រូវបាន​ស្ថានីយទូរទស្សន៍​ភី​អិន​អិន​ផ្តល់ឱកាស​ឲ្យ​ចូលរួម​ប្រកួតប្រជែង​ដណ្តើម​ប្រាក់​លាន​ម៉ារ៉ាតុន​ប្រចាំ​កម្មវិធី​ប្រដាល់​អធិរាជ​គុន​ខ្មែរ ISI PALM-ISI PIPE ជាមួយ​កីឡាករ​៣​រូប​ផ្សេងទៀត​។ ជា​លទ្ធផល​កីឡាករ ដែល​ទើប​មាន​ប្រវត្តិ​ឡើង​សង្វៀន​បាន​៦​លើក​រូបនេះ បាន​ក្លាយជា​ម្ចាស់​ជើងឯក​ប្រា​ក់លាន​ប្រចាំ​កម្មវិធី​នេះ ក្រោយ​យកឈ្នះ​កីឡាករ ផាន់ សុវណ្ណ ដោយ​ពិន្ទុ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។ នៅក្នុង​វគ្គ​ជម្រុះ​រូបគេ​បាន​យកឈ្នះ​កីឡាករ គង់ ឧ​ត្ត​ម ដោយ​ពិន្ទុ ចំណែក ផាន់ សុវណ្ណ យកឈ្នះ​កីឡាករ សា​រ៉ា​យ ចំរើន ដោយ​ពិន្ទុ​ដូចគ្នា​។ 
 
​សម្រាប់​តំណែង​ជើងឯក​នេះ សុ​ផា ទទួលបាន​ប្រាក់រង្វាន់​លើកទឹកចិត្ត​ចំនួន​២​លាន​៦​សែន​រៀល ខណៈ​ជើងឯក​រង​ទទួលបាន​១​លាន​២​សែន​រៀល​។ ម្ចាស់​ជើងឯក​ក្នុង​ការប្រកួត​ម៉ារ៉ាតុន​រូបនេះ​អះអាងថា ខ្លួន​នឹង​យក​ថវិកា​ទាំងនេះ មួយចំនួន​ទៅ​ជួយ​គ្រួសារ និង​មួយចំនួនទៀត​ទុក​សម្រាប់​ចំណាយ​លើ​ការចាយវាយ​ផ្ទាល់ខ្លួន​។ រូបគេ​ប្តេជ្ញា​ថា​៖«​ខ្ញុំ​ប្តេជ្ញា​ថា នឹង​តស៊ូ​ខំប្រឹង ដើម្បី​រកលុយ​ចិញ្ចឹម​ឪពុកម្តាយ​របស់ខ្ញុំ​»​។  
 
​ក្រោយ​ទទួលបាន​ជើងឯក​ក្នុង​ការប្រកួត​ម៉ារ៉ាតុន​នៅ​សង្វៀន​ភី​អិន​អិន សិស្ស​គុន​មកពី​ក្លិប​សាល​វ័​ន្ត​គុន​ខ្មែរ​រូបនេះ រំពឹងថា រូបគេ​នឹងមាន​ទីផ្សារ​ប្រកួត​កាន់តែច្រើន​។ ទន្ទឹមនឹងនេះ រូបគេ​ប្តេជ្ញា​ថា នឹង​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​អភិវឌ្ឍន៍​សមត្ថភាព​ឲ្យ​កាន់តែ​ល្អប្រសើរ​ថែមទៀត ដើម្បី​បង្កើន​ការទាក់ទាញ​ទីផ្សារ​ប្រកួត​នៅតាម​ស្ថានីយទូរទស្សន៍​ផ្សេងៗ​ទៀត​៕  
 

Tag:
 ប្រដាល់​គុន​ខ្មែរ​
  ឡុង សុ​ផា​
  ភី​អិន​អិន
© រក្សាសិទ្ធិដោយ thmeythmey.com