COVID-19
អន្តរជាតិ
COVID-19៖ ករណី​ស្លាប់​នៅ​វៀតណាម កើន​ដល់​១៣​នាក់ ឯ​ករណី​ឆ្លង​សរុប​មាន ៨៤១​នាក់​
10, Aug 2020 , 2:35 pm        
រូបភាព
ពេទ្យវៀតណាម កំពុងជជែកគ្នា។ រូបភាព៖ VnExpress
ពេទ្យវៀតណាម កំពុងជជែកគ្នា។ រូបភាព៖ VnExpress
​វៀតណាម នៅ​ព្រឹក​ថ្ងៃទី​១០ ខែសីហា បាន​រាយការណ៍​ថា មាន​អ្នកជំងឺ COVID-19 ស្លាប់​ចំនួន ២​នាក់​បន្ថែមទៀត​។ អ្នកស្លាប់​ដោយសារ​COVID-19 នៅ​វៀតណាម បាន​កើនឡើង​ចំនួន ១៣​ករណី ខណៈ​ករណី​ឆ្លង​កើន​ដល់ ៨៤១​ករណី​។

 
​តាម​សេចក្តីប្រកាស​របស់​ក្រសួងសុខាភិបាល វៀតណាម​មាន​អ្នកស្លាប់​ចំនួន ២​នាក់ ដែលជា​ស្ត្រី​ទាំងអស់​។ អ្នកស្លាប់​ទី​១២ គឺជា​ស្ត្រី​វ័យ ៣៣​ឆ្នាំ ដែល​រស់នៅក្នុង​ទីក្រុង​ដា​ណា​ង​។ ស្ត្រី​រូបនេះ គឺមាន​ជំងឺ​តម្រង់​នោម ជំងឺ​បេះដូង និង​លើសឈាម​ជាដើម​។ ស្ត្រី​វ័យ​៣៣​ឆ្នាំ​រូបនេះ បាន​ស្លាប់​នៅ​ព្រឹក​ថ្ងៃទី​១០ ខែសីហា​។ 
 
​ចំណែក​អ្នកស្លាប់​ទី​១៣ គឺជា​ស្ត្រី​វ័យ​៤៧​ឆ្នាំ ក៏​រស់នៅក្នុង​ទីក្រុង​ដា​ណា​ង​ដែរ និង​មាន​ជំងឺ​តម្រង់​នោម​ដំណាក់កាល​ចុងក្រោយ និង​លើសឈាម​។ ស្ត្រី​រូបនេះ បាន​ស្លាប់​នៅ​ព្រឹក​ថ្ងៃទី​១០ ខែសីហា​។ អ្នកស្លាប់​ដោយសារ​COVID-19 ទាំងអស់ មាន​ចំនួន​១៣​នាក់ ដែល​ភាគច្រើន​មាន​ជំងឺ លើសឈាម តម្រង់​នោម ជំងឺ​បេះដូង និង​មហារីក​ជាដើម​។ 
 
​ករណី​សរុប​របស់​វៀតណាម បាន​កើន​ដល់ ៨៤១​ករណី និង​មាន​អ្នកជា​សះស្បើយ​ចំនួន ៣៩៩​នាក់​។ 
​បើតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​ក្នុងស្រុក អ្នកដំណើរ​ចំនួន ៦២៤​នាក់​ទៀត បាន​ជាប់​នៅ​ទីក្រុង​ដា​ណា​ង ក្រោយ​រដ្ឋាភិបាល​ប្រកា​សបិទ​ការធ្វើដំណើរ​ចេញចូល​ទីក្រុង​ទេសចរណ៍​មួយ​នេះ​។ ពេលនេះ អាជ្ញាធរ​កំពុង​ធ្វើតេស្ត​អ្នក​ទាំងនោះ ដើម្បី​រក​COVID-19 មុននឹង​អនុញ្ញាត​ឲ្យ​ត្រលប់មក​ផ្ទះ​វិញ​។ 
 
​ដោយឡែក បុរស​ជនជាតិ​វៀតណាម​ចំនួន ២​នាក់ ត្រូវបាន​អាជ្ញាធរ​ពិន័យ​ក្នុង​ទឹកប្រាក់ ៨៦​ដុល្លារ បន្ទាប់ពី​មិន​គោរព​វិធាន​ច​ត្តា​ឡី​ស័ក​នៅផ្ទះ បន្ទាប់ពី​ទើប​ត្រលប់​មកពី​ដា​ណា​ង​៕ 

Tag:
 វៀតណាម​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com