កីឡាអន្តរជាតិ
អន្តរជាតិ
ម្ចាស់​ក្លិប Juventus ហ៊ាន​ភ្នាល់​ថា Pirlo នឹង​ក្លាយជា Zidane ឬ Guardiola ថ្មី​
10, Aug 2020 , 9:39 pm        
រូបភាព
​ក្លិប Juventus បានដាក់​ក្តី​រំពឹង​ខ្ពស់​លើ​លោក Andrea Pirlo ដោយ​ហ៊ាន​ភ្នាល់​ថា​អ្នកចាត់ការ​ទូទៅ​ថ្មី​របស់ខ្លួន​រូបនេះ នឹង​ជួយ​ក្រុម​ទទួលបាន​ជោគជ័យ ដូច​អ្នកចាត់ការ​ឆ្នើម​លោក Zinedine Zidane និង​លោក Pep Guardiola ដែល​បាន​ជួយ Real Madrid និង Manchester City លេចធ្លោ​អ៊ីចឹង​ដែរ​។​

 
​ការងារ​ជា​អ្នកចាត់ការ​ដំបូង​ក្នុង​អាជីព​របស់ Pirlo បាន​បង្កក្តី​សង្ឃឹម​សម្រាប់​ក្លិប​យក្ស​អ៊ីតាលី​យ៉ាងខ្លាំង​។ ដំបូង​ឡើយ អតីត​តារា​ឆ្នើម​ក្រុម​ជម្រើសជាតិ​អ៊ីតាលី វ័យ ៤១ ឆ្នាំ​រូបនេះ ត្រូវ​ក្លិប​រហស្សនាម​សេះបង្កង់​តែងតាំង​ជា​គ្រូ​ក្រុម​អាយុ​ក្រោម​២៣​ឆ្នាំ (U23) Juventus ប៉ុណ្ណោះ​។ ប៉ុន្តែ​ត្រឹម​រយៈពេល​មួយ​សប្តាហ៍ បន្ទាប់ពី​ក្លិប​បញ្ចប់​តំណែង​លោក Maurizio Sarri ក្រោយ​ធ្លាក់​ចេញពី UEFA Champions League ភ្លាមៗ Pirlo ត្រូវ​ដំឡើង​ជា​គ្រូ​ឈុត​ធំ​តែម្តង​។​
 
​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក Andrea Agnelli ប្រធាន​ក្លិប Juventus ធ្លាប់បាន​និយាយ​កាលពី​ថ្ងៃទី​៣១ ខែកក្កដា ថា Andrea Pirlo កំពុង​ចាប់ផ្តើម​ផ្លូវ​ដើរ​ថ្មី ដែល​ប្រហែលជា​ថ្ងៃ​ណាមួយ​រូបគេ​នឹង​ឡើងទៅ​ដឹកនាំ​ក្រុម​កំពូល​ជា​លើកដំបូង​។ អ្វីៗ​ពិតជា​អាច​កើតឡើង​ស្មាន​មិន​ដល់​មែន ទាំង​ដែល Pirlo មិន​ធ្លាប់​ដឹកនាំ​ក្រុម​ពីមុនមក​ទាល់តែសោះ​។ 
​បន្ទាប់ពី​ម្ចាស់​ជើងឯក​អ៊ីតាលី Serie A បញ្ច​ប់លោក Maurizio Sarri ពី​តំណែង​ក្រោយ​មិនអាច​នាំ​ក្រុម​ឆ្លង​ផុត​វគ្គ​១៦​ក្រុម​ចុងក្រោយ​ក្របខណ្ឌ Champions League នោះ Pirlo ត្រូវ​ឡើងទៅ​ជំនួស​កៅអី​នេះ​ភ្លាមៗ​ដែរ​។ ក្រោយ​តែងតាំង​អតីត​សមាជិក​ក្រុម AC Milan និង New York City ម្ចាស់​ក្លិប Juventus ថែមទាំង​ដាក់​ការជឿជាក់​យ៉ាងខ្លាំង ដោយ​រំពឹងថា​បុរស​វ័យ​៤១​ឆ្នាំនេះ​នឹង​ជួយ​ក្រុម​ជោគជ័យ​។​
 
​លោក Agnelli ហ៊ាន​ភ្នាល់​ថា Pirlo នឹង​ក្លាយជា Zidane អ្នកចាត់ការ​ឆ្នើម​ក្រុម Real Madrid ឬ​លោក Guardiola អ្នកចាត់ការ Manchester City ថ្មី​មិន​ខាន​នាពេល​អនាគត​ដ៏​ខ្លី​។ ការអះអាង​ដូច្នេះ ក៏​ដោយសារ​ប្រធាន​ក្លិប​សញ្ជាតិ​អ៊ីតាលី​រូបនេះ​មើលឃើញ​ពីបទ​ពិសោធ​យ៉ាង​ក្រាស់ក្រែល​របស់ Pirlo ក្នុង​អាជីព​កីឡាករ​បាល់ទាត់ និង​ជា​កីឡាករ​ដែលមាន​ចរិត​ជា​អ្នកដឹកនាំ​។​
 
Pirlo ធ្លាប់​លេង​ឲ្យ AC Milan ចំនួន​១០​រដូវ​កាល​ចន្លោះ​ពី​ឆ្នាំ​២០០១​ដល់​២០១១ មុន​ផ្លាស់​ទៅ Juventus ចន្លោះ​ឆ្នាំ​២០១១​ដល់​២០១៥​។ អតីត​ខ្សែបម្រើ​ឆ្នើម​រូបនេះ ជោគជ័យ​បំផុត​សម្រាប់​ក្រុម​នៅ​អ៊ីតាលី​ទាំងពីរ​នេះ មុន​ចាកចេញ​ទៅកាន់​ក្លិប​នៅ​អាមេរិក New York City ៣​រដូវ​កាល បន្ទាប់ពី​ប្រកាស​ចូលនិវត្តន៍​ពី​កីឡាករ​បាល់ទាត់​នៅ​ខែវិច្ឆិកា ឆ្នាំ ២០១៧៕
 
 

Tag:
 Juventus
  Andrea Pirlo
  Andrea Agnelli
© រក្សាសិទ្ធិដោយ thmeythmey.com