ជាតិ
កំពត និង​កែប សម្បូរ​អ្នក​ទៅលេង​ច្រើនជាងគេ កាលពី​ខែកក្កដា​កន្លងមក​
10, Aug 2020 , 9:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ភ្ញៀវទេសចរ ចំនួន ៧៤០ ០២៨​នាក់ បានចេញ​ដើរ​កម្សាន្ត​នៅតាម​រមណីយដ្ឋាន​នានា​នៅ​ទូទាំងប្រទេស​កម្ពុជា​។ ចំនួន​នេះ​កើនឡើង​ចំនួន ១៥.២​ភាគរយ ធៀប​នឹង​ខែមិថុនា​។  នេះ​បើតាម​តារាង​ស្ថិតិ ដែល​ផ្សាយ​នៅ​ទំព័រ​ហ្វេ​ស​ប៊ុ​ក្រសួងទេសចរណ៍​។

 
​តាម​ស្ថិតិ​ដដែល ក្នុងចំណោម​ទេសចរ​ទាំ​ង​អស់ មាន​ភ្ញៀវទេសចរ​ជាតិ ៧២៣ ២៣៨ កើនឡើង ១៥.៣៥​ភាគរយ និង​ទេសចរ​អន្តរជាតិ ១៦ ៧៩០​នាក់ កើនឡើង ៩.៩៩​ភាគរយ ធៀប​នឹង​ខែមិថុនា ឆ្នាំ​២០២០​កន្លងទៅ​។ 
 
​ខេត្ត​ដែល​ទទួលបាន​ភ្ញៀវទេសចរ​ច្រើនជាងគេ ក្នុង​ខែកក្កដា គឺ​ខេត្តកំពត និង​ខេត្ត​កែប ដោយ​ខេត្ត​ទាំង​២​នេះ ទទួលបាន​ទេសចរ​ស​រុ​ប​ជាង ២៦​ម៉ឺន​។ ចំណែក​ខេត្តកណ្តាល ស្ថិតនៅ​លំដាប់​ទី​៣ ដែល​ទទួលបាន​ទេសច​រ​ច្រើន ក្នុង​ចំនួន ៦៥ ២៥៤​នាក់ នា​ខែកក្កដា​កន្លងទៅ​។ ដោយឡែក​ខេត្តសៀមរាប ដែល​ធ្លាប់តែ​ទទួលបាន​ទេសចរ​ច្រើនជាងគេ​បំផុត​នោះ មាន​ទេសចរ​តែ ៥២៧១​នាក់​ប៉ុណ្ណោះ កាលពី​ខែកក្កដា​កន្លងទៅ​។ 


 
​ក្រសួង​ទេសចរ បាន​បង្ហោះ​តួលេខ​អ្នកទេសចរ​ប្រចាំខែ​កក្កដា ជាមួយនឹង​ការពន្យល់​បន្ថែមថា វិស័យ​ទេសចរណ៍​ក្នុងប្រទេស​កម្ពុជា មាន​ភាព​វិជ្ជមាន​ឡើងវិញ ដោយ​សេវាកម្ម​ទេសចរណ៍​ដូចជា​ផ្ទះសំណាក់ និង​សណ្ឋាគារ បាន​បើក​ដំណើរការ​ជាច្រើន​។ ប៉ុន្តែ​សប្តាហ៍​ចុងក្រោយ ក្នុង​ខែកក្កដា ចំនួន​ភ្ញៀវទេសចរ មានការ​ថយចុះ​វិញ ដោយសារ​អាកាសធាតុ​មិនសូវ​អំណោយផល ពោល​គឺមាន​ភ្លៀង​ធ្លាក់​ស្ទើរ​ទូទាំងប្រទេស​។ ទន្ទឹមនឹង​បញ្ហា​អាកាសធាតុ ការរកឃើញ​វិជ្ជមាន​នៃ​ជំងឺ​កូ​វីដ​-១៩ ជា​បន្តបន្ទាប់​វិញ​នោះ ក៏​ជះឥទ្ធិពល​ដល់ ការធ្វើដំណើរ​កម្សាន្តរ​បស់​ទេសចរណ៍​នៅក្នុង​ស្រុក​ដែរ​៕

© រក្សាសិទ្ធិដោយ thmeythmey.com