Verstappen ឈ្នះ​ការប្រណាំង​នៅ​អង់គ្លេស ចំ​ខួប​ទី​៧០ នៃ​ការបង្កើត Formula One
កីឡាអន្តរជាតិ
រថយន្ត
អន្តរជាតិ
Verstappen ឈ្នះ​ការប្រណាំង​នៅ​អង់គ្លេស ចំ​ខួប​ទី​៧០ នៃ​ការបង្កើត Formula One
10, Aug 2020 , 8:39 pm        
រូបភាព
Max Verstappen ដែល​បើកបរ​ឲ្យ​ក្រុម Red Bull ឈ្នះ​ការប្រណាំង Formula One នៅ​ទីលាន Great Britain Grand Prix ចក្រភព​អង់គ្លេស និង​ចំ​ថ្ងៃ​អបអរ​ខួប​លើក​ទី ៧០ នៃ​ការបង្កើត​កម្មវិធី Grand Prix ផង​។ ជ័យជម្នះ​នេះ ក៏​ជាការ​បញ្ចប់​ការ​ឈ្នះ​ជាប់ៗ​គ្នា​របស់​ក្រុម Mercedes នា​ការប្រណាំង​៤​លើក​កន្លងមក​។



​នា​ការប្រណាំង​នៅ​ទីលាន​ទី​៥ ក្នុង​រដូវ​កាល​ឆ្នាំ​២០២០ នា​ថ្ងៃទី​៩ ខែសីហា កីឡាករ Verstappen បានសម្រេច​ទី​មុនគេ​ដោយ​ប្រើ​ថេរវេលា ១​ម៉ោង ១៩​នាទី និង​៤១​វិនាទី តាម​ពីក្រោយ​ដោយ Lewis Hamilton និង Valtteri Bottas ដែល​សុទ្ធតែ​បើក​ឲ្យ​ក្រុម Mercedes​។ 
 
​មិន​ត្រឹម​ជាការ​ឈ្នះ​លើកដំបូង​សម្រាប់​ក្រុម Red Bull និង​ចំ​ខួប​ទី​៧០​នៃ​ការបង្កើត​កម្មវិធី Grand Prix នោះទេ អ្នក​ប្រណាំង​សញ្ជាតិ​ហូ​ឡង់​រូបនេះ ក៏បាន​បញ្ចប់​ការទទួល​ជម្នះ​៥​លើក​ជាប់​គ្នា​របស់​ក្រុម Mercedes ផងដែរ​។ Bottas បានឈ្នះ​ការប្រណាំង​បើកឆាក ខណៈ​ម្ចាស់​ការពារ​ជើងឯក Hamilton ឈ្នះ ៣​លើក​ជាប់​គ្នា​រួចមកហើយ​។​


 
F1 ឬ​កាំជ្រួច​លើ​ផ្ទៃរាប បាន​ប្រារព្ធ​ខួប ៧០ ឆ្នាំ​របស់ខ្លួន នៅ​ចក្រភព​អង់គ្លេស ដែល​ចាប់ផ្តើម​កម្មវិធី​ប្រណាំង​លំដាប់​ពិភពលោក​ជា​លើកដំបូង​ក្នុង​ឆ្នាំ​១៩៥០​។ ជ័យជម្នះ​នេះ បាន​ជួយ Verstappen ឡើងទៅ​ឈរ​ចំណាត់ថ្នាក់​ទី​២​ក្នុង​តារាង F1 ជំនួស Bottas វិញ​ដោយ​រកបាន​៧៧​ពិន្ទុ​។​
 
Hamilton នៅ​រក្សា​ចំណាត់​ថ្នាក់ទីមួយ​ដដែល​ដោយ​រកបាន​១០៧​ពិន្ទុ ស្របពេល Bottas មិត្ត​រួម​ក្រុម Mercedes មាន​៧៣​ពិន្ទុ​។ កីឡាករ Charles Leclerc ដែល​បើក​ឲ្យ Ferrari រកបាន​៤៥​ពិន្ទុ ឈរ​លេខ​រៀង​ទី​៤ ក្រោយ​ឆ្លងកាត់​ការប្រណាំង​សរុប​៥​លើក​រួចមក​។​
 
​បើ​គិត​ផ្នែក​គ្រឿង​ម៉ាស៊ីន​វិញ Mercedes នៅតែ​នាំមុខគេ​ដដែល​ដោយមាន​១៨០​ពិន្ទុ តាម​ពីក្រោយ​ដោយ Red Bull ដែលមាន​១១៣​ពិន្ទុ​។ Ferrari ឈរ​លេខ​៣ មាន​៥៥​ពិន្ទុ នាំមុខ Mclaren ដែល​ឈរ​លេខ​៤​ចំនួន​២​ពិន្ទុ ខណៈ William Mercedes នៅតែ​គ្មាន​ពិន្ទុ​រាប់​ដដែល​។​
 
​ជំនួប​បន្ទាប់ និង​ជាទី​លាន​ទី​៦​សម្រាប់​រដូវ​កាល​នេះ នឹងធ្វើ​ឡើង​នៅ​ទឹកដី​អេ​ស្ប៉ា​ញ Spanish Grand Prix នៅ​ថ្ងៃទី​៦ ខែសីហា​៕
 

Tag:
 Max Verstappen
  Formula One
© រក្សាសិទ្ធិដោយ thmeythmey.com