COVID-19
អន្តរជាតិ
រដ្ឋមន្ត្រី​សុខាភិបាល​អាមេរិក សរ​សើរ​តៃវ៉ាន់​លើ​ការឆ្លើយតប​នឹង​ជំងឺ COVID-19
10, Aug 2020 , 4:40 pm        
រូបភាព
លោក Alex Azar រដ្ឋមន្ត្រីសុខាភិបាលអាមេរិក (ឆ្វេង) និងលោកស្រី Tsai Ing-wen ប្រធានាធិបតីតៃវ៉ាន់ (ស្ដាំ)។ រូបភាព៖ AFP
លោក Alex Azar រដ្ឋមន្ត្រីសុខាភិបាលអាមេរិក (ឆ្វេង) និងលោកស្រី Tsai Ing-wen ប្រធានាធិបតីតៃវ៉ាន់ (ស្ដាំ)។ រូបភាព៖ AFP
ដោយ:
​លោក Alex Azar  រដ្ឋមន្ត្រី​សុខាភិបាល និង​សេវា​ប្រជាជន​អាមេរិក បានចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​រយៈពេល​៣​ថ្ងៃ​នៅ​កោះ​តៃវ៉ាន់ ដោយ​ជួប​ជាមួយ​មេដឹកនាំ​តៃវ៉ាន់​ជា​បន្តបន្ទាប់​។ ដំណើរ​ទស្សនកិច្ច​នៅ​តៃវ៉ាន់​លើក​នេះ ជា​ដំណើរ​ទស្សនកិច្ច​កម្រិត​ខ្ពស់បំផុត​របស់​មន្ត្រី​អាមេរិក​គិត​តាំងពី​ឆ្នាំ​១៩៧៩ មក ។ ចិន​បាន​ប្រឆាំង​ដាច់ខាត ទៅនឹង​ជំនួប​នេះ ដោយ​ចាត់ទុក​ទស្សនកិច្ច​នេះ​ជាការ​គម្រាមកំហែង​ទៅដល់ សន្តិភាព និង​ស្ថិរភាព​។

 
​ក្នុងជំនួប​ជាមួយ​លោកស្រី​ប្រធានាធិបតី Tsai Ing-wen នៅ​ថ្ងៃទី​១០ ខែសីហា លោក Azar បា​នស​រសើរ​តៃវ៉ាន់​ចំពោះ​ការគ្រប់គ្រង​ជំងឺ COVID-19 ។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក Azar បាន​លើកឡើងថា​៖« ការឆ្លើយតប​របស់​តៃវ៉ាន់​ទៅនឹង​ជំងឺ COVID-19 គឺ​ក្នុងចំណោម​ប្រទេស​ដែល​ជោគជ័យ​បំផុត​ក្នុង​លោក ហើយ​នេះ​គឺ​ដោយសារតែ​ការបើកចំហរ តម្លាភាព និង​ប្រជាធិបតេយ្យ​របស់​សង្គម​និង​វប្ប​ធ​ម៍​តៃវ៉ាន់​»​។​
 
​ចំណែកឯ​លោកស្រី Tsai បាន​អរគុណ​អាមេរិក​ដែល​គាំទ្រ​ឲ្យ​តៃវ៉ាន់​បាន​ចូលទៅក្នុង​អង្គការ​សុខភាព​ពិភពលោក បើទោះបីជា​ចិន​ជំទាស់​ក៏ដោយ​។ ដោយ​មិន​និយាយ​ចំឈ្មោះ​ចិន លោកស្រី Tsai អះអាងថា ហេតុផល​នយោបាយ មិនគួរណា​មាន​អទិភាព​ជាង​សិទ្ធ​ទទួលបាន​ការថែទាំ​សុខភាព​ឡើយ​។ 
 
«​សារ​ដែល​ខ្ញុំ​នាំមក​ថ្ងៃនេះ គឺ​ការធានា​នូវ​ការពង្រឹង​ភាពជា​ដៃគូ​រវាង​អាមេរិក និង​តៃវ៉ាន់​ក្នុង​វិស័យ​សន្តិសុខ ពាណិជ្ជកម្ម សុខាភិបាល និង​តម្លៃ​រួម​ដូចជា​ប្រជាធិបតេយ្យ សេរីភាព​សេដ្ឋកិច្ច និង​សិទ្ធិសេរីភាព​»​។ នេះ​ជាការ​លើកឡើង​របស់លោក Azar មុន​ជំនួប​ជាមួយ​លោកស្រី Tsai Ing-wen ប្រធានាធិបតី​តៃវ៉ាន់ ។ 
 
​ក្រៅតែពី​ជំនួប​នេះ លោក Azar ក៏​នឹង​ជួប​ជាមួយនឹង​រដ្ឋមន្ត្រី​សុខាភិបាល Chen Shih-chung និង​រដ្ឋមន្ត្រីការបរទេស Joseph Wu​ផងដែរ​។​
 
​លោក Douglas Paal អតីត​ប្រធាន​វិទ្យាស្ថាន​អាម៉េរិក​នៅ​តៃវ៉ាន់ បាន​លើកឡើងថា បើទោះបីជា​អាមេរិក​បញ្ជូន​រដ្ឋមន្ត្រី​ទៅ​ចិន​ក៏ពិតមែន តែ​រដ្ឋបាល​របស់លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ក៏​នៅ​គិតគូ​ពី​បន្ទាត់​ក្រហម​ផងដែរ​។ នោះ​គឺ មកទល់ពេលនេះ​មិនទាន់មាន​មន្ត្រី​អាមេរិក​ដែល​ទទួលបន្ទុក​បញ្ហា​សន្តិសុខ​បានមក​ធ្វើ​ទស្សនកិច្ច​នៅ​តៃវ៉ាន់​ឡើយ​។ ការបញ្ជូន​លោក Azar ទៅ​តៃវ៉ាន់ គឺជា​ការគោរព​គោលនយោបាយ​ចិន​តែមួយ ប៉ុន្តែ​ក៏​ឆ្លៀត​ឆ្កឹះឆ្កៀល​ចិន​ក្នុងពេល​តែមួយ​ផងដែរ​។ ការណ៍​ដែល​អាម​រិ​ក​មិន​បញ្ជូន​ទីប្រឹក្សា​សន្តិសុខ​ជាតិ ឬ​អ្នក​ឯទៀត បង្ហាញថា អាមេរិក​ព្យា​យម​ចូល​ទៅជិត​បន្ទាត់​ក្រហម​តាមតែ​អាចធ្វើ​ទៅបាន ប៉ុន្តែ​ក៏​មិន​ចង់​រំលង​បន្ទាត់​ក្រហម​នេះដែរ​។​
 
​ទស្សនកិច្ច​របស់​រដ្ឋ​មន្ត្រី​សុខាភិបាល Azar ទៅ​កោះ​តៃវ៉ាន់ ត្រូវបាន​ចាត់ទុក​ជាទ​ស្សន​កិច្ច​ជាន់ខ្ពស់ ត្បិត​អី​លោក​ជា​មន្ត្រីជាន់ខ្ពស់​អាមេរិក​ទីមួយ​ទៅ​តៃវ៉ាន់​តាំងពី​ឆ្នាំ​១៩៧៩ មក​។ នៅ​ឆ្នាំ​២០០០ រដ្ឋមន្ត្រី​ដឹកជញ្ជូន​អាមេរិក ក៏​ធ្លាប់​ទៅ​តៃវ៉ាន់​ដែរ ប៉ុន្តែ​បើ​គិតពី​ឋានានុក្រម​សមាជិក​រដ្ឋាភិបាល​អាមេរិក លោក Azar ជា​មន្ត្រី​មាន​តំណែង​ខ្ពស់ជាង​៕
 
 

Tag:
 ចិន​
 ​អាមេរិក​
 ​តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com