អន្តរជាតិ
អេស្ប៉ាញ៖ បាតុករទាមទារបញ្ចប់របបរាជានិយម ក្រោយអតីតមហាក្សត្រ និរទេសព្រះកាយ បាតុករអេស្ប៉ាញចុះផ្លូវទាមទារបញ្ចប់របបរាជានិយម កាលពីឆ្នាំ២០១៤។ រូបភាព៖AFP
× បាតុករអេស្ប៉ាញ នៅថ្ងៃទី៩ ខែសីហា បានទាមទារឲ្យបញ្ចប់របបរាជានិយមនៅអេស្ប៉ាញ និងបង្កើតរបបសាធារណរដ្ឋឡើងវិញ បន្ទាប់ពីអតីតព្រះមហាក្សត្រ Juan Carlos បាននិរទេសព្រះកាយ ខណៈប្រឈមមុខទៅនឹងការស៊ើបអង្កេតពាក់ព័ន្ធទៅនឹងរឿងអាស្រូវពុករលួយលើទឹកប្រាក់ចំនួន១០០លានដុល្លារ។
ក្រោយពេលដែលព្រះមហាក្សត្រ Juan Carlos បាននិរទេសខ្លួន បាតុកម្មប្រឆាំង នឹងរបបរាជានិយមបានកើតឡើងនៅទូទាំងអេស្ប៉ាញ។ បាតុករអេស្ប៉ាញរាប់រយនាក់ បាននាំគ្នាចុះផ្លូវនៅក្នុងរាជធានីម៉ាឌ្រីដ ដើម្បីប្រឆាំងទៅនឹងរបបរាជានិយមអេស្ប៉ាញ និងទាមទារឲ្យបង្កើតរបបសាធារណរដ្ឋសាជាថ្មី។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
រូបភាពពីការជួបជុំបានបង្ហាញឲ្យឃើញបាតុករមួយចំនួនកាន់ទង់សាធារណរដ្ឋអេស្ប៉ាញទី២ និងស្រែកប្រឆាំងគ្រួសាររាជវង្ស។ បាតុករម្នាក់បាននិយាយថា៖ «យើងត្រូវបោសសម្អាតប្រព័ន្ធដែលពុករលួយ ហើយយើងគួរចាប់ផ្តើមពីរាជវាំង។» ក្រៅតែពីបាតុកម្មនៅរាជធានីម៉ាឌ្រីដនៅថ្ងៃទី៩ ខែសីហា បាតុកម្មក៏មាននៅទីក្រុង Valencia ខណៈបាតុកម្មច្រើនទៀត គ្រោងធ្វើជាបន្តបន្ទាប់ក្នុងសប្តាហ៍នេះ។ បាតុករ នឹងជួបជុំគ្នានៅកោះ Mallorca ទីដែលព្រះមហាក្សត្រអេស្ប៉ាញ Felipe VI គ្រោងយាងទៅនៅសប្តាហ៍នេះ។
ព្រះចៅ Juan Carlos បានឡើងសោយរាជ្យក្នុងឆ្នាំ១៩៧៥ ក្រោយការស្លាប់របស់មេដឹកនាំផ្ដាច់ការ Francisco Franco ហើយបានសោយរាជ្យអស់រយៈពេល៣៨ឆ្នាំ មុនពេលដាក់រាជ្យឲ្យបុត្រាទ្រង់ មហាក្សត្រ Felipe VI ក្នុងខែមិថុនា ឆ្នាំ២០១៤។
មកទល់ពេលនេះ រាជវាំង និងរដ្ឋាភិបាលអេស្ប៉ាញ ក៏ដូចជាមេធាវីរបស់ទ្រង់ បានបដិសេធពីទីកន្លែងដែលទ្រង់យាងទៅ។ ប៉ុន្តែគេហទំព័រព័ត៌មាន Niusdiario.es នៅថ្ងៃទី៨ សីហាបានបង្ហាញរូបភាពព្រះអង្គនៅអាកាសយានដ្ឋាន អាប៊ុយដាបី ប្រទេសអេមីរ៉ាតអារ៉ាប់រួម។ អតីតស្ដេចអេស្ប៉ាញរូបនេះ ត្រូវគេជឿថា មានទំនាក់ទំនងជិតស្និទ្ធជាមួយរជ្ជទាយាទអេមីរ៉ាតអារ៉ាប់រួម។
ក្រោយការនិរទេសព្រះកាយ ការស្ទង់មតិមួយបានធ្វើឡើង ដែលក្នុងនោះអ្នកចូលរួមឆ្លើយសំណួរចំនួន៨០ភាគរយ និយាយថា ព្រះអង្គត្រូវប្រឈមមុខទៅនឹងនីតិវិធីតុលាការ។ ទោះជាយ៉ាងណាក្តី អ្នកចូលរួមក្នុងការស្ទង់មតិ ៦៩ភាគរយ ចាត់ទុកថាព្រះអង្គមានតួនាទីយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូរប្រទេសអេស្ប៉ាញ ឲ្យចេញពីរបបផ្តាច់ការមកប្រជាធិបតេយ្យ ចាប់តាំងពីឆ្នាំ១៩៧៥ មកក្រោយស្ថិតក្រោមការដឹកនាំបែបផ្ដាច់ការរបស់ Franco អស់ពេល៣៦ឆ្នាំ។
នៅអេស្ប៉ាញ បាតុកម្មទាមទារឲ្យបញ្ចប់របបរាជានិយមមិនមែនជារឿងថ្មីឡើយ ជាក់ស្តែងក្រោយការដាក់រាជរបស់ព្រះបាទ Juan Carlos ក្នុងឆ្នាំ២០១៤ បាតុកររាប់ពាន់នាក់បាននាំគ្នាចុះផ្លូវទាមទារឲ្យធ្វើប្រជាមតិលើការបន្តរបបរាជានិយមអេស្ប៉ាញ៕
Tag:
Juan Carlos
អេស្ប៉ាញ
© រក្សាសិទ្ធិដោយ thmeythmey.com