ដោយ៖ ហេង គីមគង់
សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន ត្រូវបានបង្កើតឡើងជាផ្លូវការនៅថ្ងៃទី ៨ ខែសីហា ឆ្នាំ ១៩៦៧ នៅទីក្រុងបាងកកដោយប្រទេសជាសមាជិកដើមចំនួន ៥ ដែលរួមមាន ប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និងថៃ។ ប្រទេសព្រុយណេបាន ចូលរួមក្នុងឆ្នាំ ១៩៨៤ វៀតណាមនៅឆ្នាំ ១៩៩៥ ឡាវនិងមីយ៉ាន់ម៉ានៅឆ្នាំ ១៩៩៧ និងកម្ពុជាក្នុងឆ្នាំ ១៩៩៩ ។
គោលបំណងធំៗក្នុងការបង្កើតសមាគមអាស៊ានរួមមានដូចជា៖ (១) ពន្លឿនកំណើនសេដ្ឋកិច្ច វឌ្ឍនភាពសង្គម និងការអភិវឌ្ឍវប្បធម៌ (២) លើកកម្ពស់សន្តិភាព និងស្ថិរភាពក្នុង តំបន់ (៣) ជំរុញកិច្ចសហប្រតិបត្តិការសកម្ម និងការជួយគ្នាទៅវិញទៅមកលើបញ្ហា ពាក់ព័ន្ធផលប្រយោជន៍រួម (៤) ផ្តល់ជំនួយដល់គ្នាទៅវិញទៅមកទាក់ទងនឹង ការបណ្តុះបណ្តាល និងការស្រាវជ្រាវ (៥) សហការគ្នាឱ្យកាន់តែមានប្រសិទ្ធភាព សំរាប់ការទាញយកផលប្រយោជន៍ឱ្យកាន់តែទូលំទូលាយពីវិស័យកសិកម្ម និងឧស្សាហកម្ម ព្រមទាំងការពង្រីកពាណិជ្ជកម្ម (៦) ជំរុញការសិក្សាអំពីអាស៊ីអាគ្នេយ៍ និង (៧) រក្សាកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងមានប្រយោជន៍ជាមួយអង្គការតំបន់ និងអន្តរជាតិ ដែលមានគោលបំណងនិងគោលដៅស្រដៀងគ្នា។
យោងតាមគេហទំព័រផ្លូវការរបស់អាស៊ាន សមាគមអាស៊ានអនុវត្តតាមគោលការណ៍គ្រឹះចំនួនប្រាំមួយក្នុងនោះមាន៖ (១) ការគោរពគ្នាទៅវិញ ទៅមកចំពោះឯករាជ្យអធិបតេយ្យភាព និងបូរណភាពទឹកដី (២) សេរីភាពពីការ ជ្រៀតជ្រែកមកពីខាងក្រៅ (៣) ការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង របស់ប្រទេស ជាសមាជិក (៤) ការដោះស្រាយភាពខុសគ្នា ឬជម្លោះដោយសន្តិវិធី (៥) ការលះបង់ ការគំរាមកំហែងនានា ឬការប្រើប្រាស់កម្លាំង និង (៦) កិច្ចសហប្រតិបត្តិការប្រកប ដោយប្រសិទ្ធភាពក្នុងតំបន់។ អាស៊ាន បានបង្កើតសហគមន៍អាស៊ានដែលមាន សរសរគ្រឹះចំនួន ៣ គឺសហគមន៍សន្តិសុខនយោបាយអាស៊ាន សហគមន៍សេដ្ឋកិច្ច អាស៊ាននិងសហគមន៍វប្បធម៌សង្គមអាស៊ាន។
បន្ទាប់ពីបានឆ្លងកាត់ឧបសគ្គជាច្រើនទាំងក្នុងតំបន់និងក្នុងពិភពលោក អាស៊ានមានអាយុ ៥៣ ឆ្នាំហើយនៅក្នុងឆ្នាំ ២០២០នេះ។ អត្ថបទនេះនឹងផ្តល់ចំណុចសង្ខេបនៃបញ្ហាប្រឈមសំខាន់ៗ ដែលអាស៊ានកំពុងជួបប្រទះ និងពិនិត្យមើលមាគ៌ាឆ្ពោះទៅមុខ សំរាប់សមាគមនេះ ដើម្បីបង្កើនភាពពាក់ព័ន្ធ និងសារៈសំខាន់របស់ខ្លួនក្នុងពេលអនាគត។ នេះក៏ចំពេលដែលពិភពលោកកំពុងប្រឈមនឹងភាពមិនប្រាកដប្រជាដែលបណ្តាលមកពីភាពតានតឹងនៃភូមិសាស្ត្រនយោបាយ ការប្រកួតប្រជែងជាយុទ្ធសាស្ត្រដែលកំពុងបន្តរវាងមហាអំណាចធំៗ និងការរីករាលដាលនៃជំងឺកូវីត-១៩។
បញ្ហាប្រឈមសំខាន់ៗ
ទោះបីអាស៊ានត្រូវបានគេសាទរចំពោះសមិទ្ធិផលដ៏អស្ចារ្យរបស់ខ្លួនក្នុងការជួយសម្របសម្រួលនិងជំរុញសន្តិភាពក្នុងតំបន់និងពិភពលោកក៏ដោយ ក៏មានបញ្ហាប្រឈមជាច្រើនដែលសមាគមនេះត្រូវដោះស្រាយ។ យោងតាមលោក Kishore Mahbubani និង លោក Jeffery Sng អ្នកនិពន្ធ សៀវភៅ "ភាពអស្ចារ្យរបស់អាស៊ាន៖ កត្តាជំរុញដើម្បីសន្តិភាព" បញ្ហាប្រឈមមួយដែលអាស៊ានមានគឺទាក់ទងនឹងភាពទន់ខ្សោយរបស់ខ្លួន។ ខុសពីសហគមន៍អឺរ៉ុប អាស៊ានមិនមានអ្នកទទួលខុសត្រូវក្នុងការរក្សាប្លុកប្រទេសទាំង ១០ នេះឱ្យដើរទៅមុខស្រួលនោះទេ។ សមាគមនេះខ្វះស្ថាប័នរឹងមាំ ដើម្បីធានាបាននូវភាពជោគជ័យនៃការអនុវត្តសេចក្តីសម្រេចចិត្តរួមរបស់ខ្លួន។ អាស៊ានក៏ប្រឈមនឹងបញ្ហាទាក់ទងនឹងពលរដ្ឋរបស់ខ្លួនខ្វះភាពជាម្ចាស់នៃសមាគមផងដែរ។
បើតាមលោក Kishore Mahbubani និង លោក Jeffery Sng អាស៊ានប្រឈមនឹង កត្តាគំរាមកំហែងធំៗ ចំនួនបី ។ ទីមួយគឺការប្រកួតប្រជែង ជាយុទ្ធសាស្ត្រដើម្បីដណ្ដើមឥទ្ធិពលនៅអាស៊ីប៉ាស៊ីហ្វិករវាងសហរដ្ឋអាមេរិកនិងចិន។ ថ្មីៗនេះអាស៊ានត្រូវបានបង្ខំឱ្យជ្រើសរើសរវាងសហរដ្ឋអាមេរិក និងចិន។ ជាក់ស្តែងបណ្តាប្រទេស អាស៊ានរួមទាំងប្រទេសកម្ពុជាផង កំពុងប្រឈមនឹងបញ្ហាភូមិសាស្ត្រនយោបាយ កាន់តែកើនឡើងនៅពេលដែលសហរដ្ឋអាមេរិកនិងចិនបង្កើនការប្រកួតប្រជែង យុទ្ធសាស្ត្ររបស់ពួកគេនិងចាប់ផ្តើមធ្វើសង្គ្រាមត្រជាក់ថ្មី។ អាស៊ានអាចនឹងមាន អស្ថិរភាព ឬអាចត្រូវបានបំផ្លាញ ប្រសិនបើសមាគមមួយនេះលេងល្បែងភូមិសាស្ត្រ នយោបាយនេះមិនមានប្រសិទ្ធភាពល្អ។
ចំនុចទីពីរគឺអាស៊ានខ្វះមេដឹកនាំរឹងមាំនិងមានការប្តេជ្ញាចិត្តខ្ពស់ដែលអាចដោះស្រាយបញ្ហាប្រឈមនានារបស់អាស៊ាន។ មេដឹកនាំភាគច្រើននៅក្នុងអាស៊ាន រវល់ដោះស្រាយបញ្ហាប្រឈមក្នុងប្រទេសរបស់ពួកគេរៀងៗខ្លួន រួមមានបញ្ហានយោបាយ សង្គម និងសេដ្ឋកិច្ច។ ដោយសារផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពី ជំងឺCOVID-១៩ មេដឹកនាំ ប្រទេសអាស៊ាននីមួយៗ នឹងផ្តល់អាទិភាពដល់កិច្ចការក្នុងប្រទេសរបស់ខ្លួនជាពិសេស ជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ចក្នុងអំឡុងពេល និងក្រោយជំងឺរាតត្បាត។ ការផ្តោតខ្លាំងលើកិច្ចការផ្ទៃក្នុងនៃប្រទេសនីមួយៗពិតជាជះឥទ្ធិពលដល់ភាពជោគជ័យ និងសុខុមាលភាពរបស់អាស៊ានទាំងមូលក្នុងពេលនេះ និងពេលអនាគត។
បញ្ហាប្រឈមទីបីគឺអាស៊ានងាយរងគ្រោះដោយសារជម្លោះផ្ទៃក្នុងនិងជម្លោះមកពី ខាងក្រៅ។ នៅក្នុងសមាគមអាស៊ានបញ្ហាព្រំដែនរវាងកម្ពុជានិងថៃ និងរវាងកម្ពុជា និងវៀតណាមនៅតែមានហើយអាចនឹងផ្ទុះឡើងដោយមិននឹកស្មានដល់នាពេល អនាគត។ ជម្លោះព្រំដែនរវាងថៃនិងមីយ៉ាន់ម៉ាអាចនឹងប្រែក្លាយជាធ្ងន់ធ្ងរដោយចលនាអន្តោប្រវេសន៍ខុសច្បាប់ និងការបះបោររបស់ជនជាតិផ្សេងៗនៅពេលណាមួយ។ ព្រំដែនរវាងម៉ាឡេស៊ី និងសឹង្ហបុរីក៏អាចបង្កបញ្ហាផងដែរជាពិសេសទាក់ទងនឹងជម្លោះ ដែនទឹកនៅតំបន់ជ្រោយ Johor ជាប់នឹងទឹកដីដែលបានទាមទារដោយសិង្ហបុរី។ ចំពោះបញ្ហានៅខាងក្រៅតំបន់ គឺបញ្ហាប្រឈមដ៏ស្មុគស្មាញដែលទាក់ទងនឹងជម្លោះ ដណ្ដើមទឹកដីនៅក្នុងសមុទ្រចិនខាងត្បូង។
វេទិកាសេដ្ឋកិច្ចពិភពលោក បានចុះផ្សាយអត្ថបទមួយដែលអះអាងថាអាស៊ាន កំពុងប្រឈមនឹងឧបសគ្គចំនួន ៧ ខណៈសមាគមមួយនេះព្យាយាមធ្វើឱ្យសម្រេចបាន នូវកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។ បញ្ហាទាំងនោះរួមមាន ជម្លោះទឹកដី អំពើពុករលួយ ការផ្លាស់ប្តូរប្រជាសាស្ត្រ ភាពខុសគ្នាផ្នែកសេដ្ឋកិច្ច វិសមភាពក្នុងការទទួល យកបច្ចេកវិទ្យា និងការធ្វើសមាហរណកម្ម សេដ្ឋកិច្ចក្នុងពិភពលោក។
នៅមានបញ្ហាប្រឈមផ្សេងទៀតដែលទាក់ទងនឹងការបោះឆ្នោត និងអភិបាលកិច្ច ការកើនឡើងនៃភាពផ្តាច់ការក្នុងតំបន់ ភាពពាក់ព័ន្ធរបស់សមាគម ការពឹងពាក់ ពាណិជ្ជកម្មរបស់អាស៊ានលើប្រទេសចិន ការធ្លាក់ចុះនៃការចូលរួមរបស់សហរដ្ឋ អាមេរិកក្នុងតំបន់អាស៊ីអាគ្នេយ៍ និងវិបត្តិជនជាតិរ៉ូហ៊ីងយ៉ាក្នុងប្រទេសមីយ៉ាន់ម៉ា។
ក្រៅពីនេះយ៉ាងហោចណាស់មានប្រទេសចំនួន ៤ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែល កំពុងប្រឈមនឹងបញ្ហាសំខាន់ៗដែលបណ្តាលមកពីនយោបាយគ្រប់គ្រងទឹក។ ជាក់ស្តែង ទន្លេមេគង្គដែលហូរកាត់ប្រទេសអាស៊ានចំនួន ៥ គឺមីយ៉ាន់ម៉ា ឡាវ ថៃ កម្ពុជា និង វៀតណាម កំពុងជួបវិបត្តិធ្ងន់ធ្ងរ។ ទំនប់វារីអគ្គិសនីជាច្រើនទៀតត្រូវបានសាងសង់ និងកំពុងត្រូវបានសាងសង់ ដែលបណ្តាលឲ្យមានការរាំងស្ទះដល់លំហូរទឹក និង ការធ្វើដំណើររបស់ត្រី បំផ្លាញជីវចម្រុះនិងបរិស្ថាន និងប៉ះពាល់ដល់អាយុជីវិត និងជីវភាពរស់នៅរបស់ប្រជាជននៅតាមបណ្តោយដងទន្លេមេគង្គ។
មាគ៌ាឆ្ពោះទៅមុខ
ដើម្បីឆ្ពោះទៅមុខនិងសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព Kishore Mahbubani និង លោក Jeffery Sng បានផ្តល់អនុសាសន៍ថា អាស៊ានត្រូវតែ បណ្តុះនិងធ្វើឱ្យប្រសើរឡើងនូវស្មារតីនៃភាពជាម្ចាស់របស់អាស៊ានក្នុងចំណោម ប្រជាជននៅក្នុងតំបន់។ មុខវិជ្ជាស្តីពីការសិក្សាពីអាស៊ានគួរតែត្រូវបានបញ្ចូល ទៅក្នុងកម្មវិធីសិក្សារបស់សាលាចាប់ពីបឋមសិក្សាដល់សាកលវិទ្យាល័យ។ អាស៊ានក៏ត្រូវបង្កើនសក្ដានុពលរបស់លេខាធិការអាស៊ានផងដែរ។ សមាគម អាចប្តូរគោលនយោបាយរបស់ខ្លួនស្តីពីការផ្តល់មូលនិធិស្មើៗគ្នា មកអនុវត្ត តាមគោលការណ៍របស់អង្គការសហប្រជាជាតិ ពោលគឺប្រទេសអ្នកមានត្រូវ ចូលរួមវិភាគទានច្រើនជាងប្រទេសដែលនៅក្រ ក្នុងការគាំទ្រដល់ អង្គការ សហប្រជាជាតិ។ ដូចគ្នានេះផងដែរ កិច្ចខិតខំប្រឹងប្រែងផ្សេងៗទៀត គួរតែត្រូវ បានធ្វើឡើងដើម្បីទ្រទ្រង់និងលើកកម្ពស់សមិទ្ធិផលដែលមានស្រាប់របស់អាស៊ាន។ សមាគមនេះមានសក្តានុពលអាចក្លាយជាពន្លឺថ្មីនៃក្តីសង្ឃឹមសំរាប់ ពិភពលោក។ ដូច្នេះវាចាំបាច់ណាស់ដែលអាស៊ានត្រូវលើកកម្ពស់ភាពខ្លាំងរបស់ខ្លួន។
ម្យ៉ាងវិញទៀតអាស៊ានត្រូវតែរកវិធីដែលមានភាព ច្នៃប្រឌិតដើម្បីដោះស្រាយ បញ្ហាប្រឈមសំខាន់ៗមួយចំនួនដែលបានលើកឡើងខាងលើ។ សមាគមត្រូវ ព្យាយាមជំរុញការសម្របសម្រួលឱ្យកាន់តែជិតស្និទ្ធ កាត់បន្ថយអំពើពុករលួយ លើកទឹកចិត្តតម្លាភាពក្នុងការ គាំទ្រការស្រាវជ្រាវនិងការច្នៃប្រឌិត និងជំរុញ ការបង្កើតថ្មីនិងសហគ្រិនភាព។ អ្វីដែលសំខាន់ជាងនេះទៀតនោះ គឺប្រទេសអាស៊ាន ត្រូវតែធ្វើការរួមគ្នាយ៉ាងជិតស្និទ្ធ ដើម្បីកែលំអវិស័យសុខាភិបាល ការអប់រំ សមាហរណកម្មសេដ្ឋកិច្ច ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់ក្នុងតំបន់។ សមាគមនេះត្រូវផ្តល់អាទិភាពដល់តម្លៃនៃ លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ កំណើនរួមគ្នា និងការអភិវឌ្ឍប្រកបដោយចីរភាព។ វាចាំបាច់ណាស់ដែលសមាគមអាស៊ានត្រូវ យកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍ សេដ្ឋកិច្ចឌីជីថលនៅក្នុងតំបន់ ដោយត្រូវគាំទ្រ និងជួយគ្នាទៅវិញទៅមក ជាពិសេសជួយសមាជិកដែលមិនសូវមានការអភិវឌ្ឍខ្ពស់ ដើម្បីពង្រឹងការផ្ទេរ និងការប្រើប្រាស់បច្ចេកវិទ្យា។
ទាក់ទងនឹងការរីករាលដាលនៃជំងឺរាតត្បាតកូវីត-១៩ អាស៊ានត្រូវសហការនិងធ្វើសកម្មភាពរួមគ្នាជាជាងឆ្លើយតបទៅនឹងជំងឺកូវីត-១៩ ជាលក្ខណៈឯកភាគី តាម ប្រទេសនីមួយៗ។ ដូចដែលលោក ពូ សុធីរ: នាយកប្រតិបត្តិនៃវិទ្យាស្ថានខ្មែរសំរាប់សហប្រតិបត្តិការនិងសន្តិភាព បានលើកឡើង ខណៈពេលនេះមិនមែនជាពេលដែល សមាជិកអាស៊ានត្រូវផ្តាច់ខ្លួនចេញពីគ្នានោះទេ។ ផ្ទុយទៅវិញ សមាគមនេះគួរតែ លើកកម្ពស់ការឆ្លើយតបចំពោះជំងឺរាតត្បាតកូវីត-១៩ ជាលក្ខណៈតំបន់។ ការងាកទៅរក «ឯកតោភាគីនិយម, ជាតិនិយម និងការគាំពារនិយម» នឹងមិនជួយ អាស៊ានឆ្លើយនឹងព្យុះជំងឺកូវីត-១៩ និងការធ្លាក់ចុះនៃ សេដ្ឋកិច្ចដែលបណ្តាលមកពី ជំងឺរាតត្បាតនោះ ប្រកបដោយប្រសិទ្ធភាពទេ។ ការប្រកាន់ខ្ជាប់នូវការ ដោះស្រាយបញ្ហាជាមួយគ្នា ជាលក្ខណៈតំបន់ និងការធ្វើការជាមួយគ្នាយ៉ាងពិតប្រាកដ គឺជាគន្លឹះនៃការប្រយុទ្ធរួមគ្នាប្រឆាំងនឹង ជំងឺកូវីត-១៩។
ដើម្បីដោះស្រាយបញ្ហាទាក់ទងនឹងទំនប់វារីអគ្គិសនីនៅតាមដងទន្លេមេគង្គ និងការ ប្រែប្រួលអាកាសធាតុដែលធ្វើឱ្យបញ្ហាកាន់តែធ្ងន់ធ្ងរ អាស៊ាន ជាពិសេសបណ្តា ប្រទេសតាមដងទន្លេមេគង្គត្រូវបង្កើនការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការអន្តរស្ថាប័ន ពង្រីកការចូលរួមក្នុងតំបន់ និងបង្កើនការ ទទួលបានព័ត៌មាននិងទិន្នន័យជលសាស្ត្រ។ បណ្តាប្រទេសអាស៊ានដែលពាក់ព័ន្ធ រឿងទន្លេមេគង្គ ត្រូវតែព្យាយាមធ្វើឱ្យមាន តុល្យភាពល្អរវាងការចំណេញ ខាងពាណិជ្ជកម្មនិងការការពារបរិស្ថានក្នុងតំបន់ទន្លេ មេគង្គ។ អ្វីដែលសំខាន់ អាស៊ានត្រូវដោះស្រាយបញ្ហាទន្លេមេគង្គដោយភាពយកចិត្ត ទុកដាក់ និងភាពបន្ទាន់ខ្ពស់។
ការដោះស្រាយបញ្ហាទន្លេមេគង្គជាមួយប្រទេសចិនតាមរយៈវិធីសាស្ត្រឯកតោភាគី ប្រហែលមិនមែនជាជម្រើសដែលល្អនោះទេ ប្រសិនបើយើងក្រឡេកមើលឥទ្ធិពល និងអំណាចមហិមារបស់ចិន។ ផ្លូវឆ្ពោះទៅមុខជាមួយបញ្ហានេះស្ថិតនៅក្នុងដៃ របស់ រដ្ឋនៃទន្លេមេគង្គ។ ប្រទេសទាំងនេះត្រូវតែសហការគ្នា ពង្រឹងជំហរ និងបញ្ចុះបញ្ចូល សមាគមអាស៊ានឱ្យយកចិត្តទុកដាក់បន្ថែមទៀតចំពោះបញ្ហា ទន្លេមេគង្គ ឱ្យដូចគ្នាទៅនឹងរបៀបដែលសមាគមនេះដោះស្រាយបញ្ហា សមុទ្រចិនខាងត្បូង។
ទាក់ទងនឹងបញ្ហាសមុទ្រចិនខាងត្បូង អាស៊ានត្រូវតែដោះស្រាយជម្លោះដោយ យកផលប្រយោជន៍រួមជាធំ។ ប្រទេសដែលមានបញ្ហាជាមួយចិន រឿងសមុទ្រចិន ខាងត្បូងមិនគួរបង្ខំប្រទេសដែលមិនពាក់ព័ន្ធផ្ទាល់ឱ្យចូលរួម ក្នុងជម្លោះនោះទេ ព្រោះវាអាចបង្កអន្តរាយដល់ឯកភាពអាស៊ាន និងធ្វើឱ្យខូចខាតដល់ទំនាក់ទំនងទ្វេភាគី និងពហុភាគីជាមួយចិន ដែលជាដៃគូពាណិជ្ជកម្មធំបំផុតរបស់អាស៊ាន។
ផ្ទុយទៅវិញទាំងប្រទេសដែលមានជម្លោះ និងប្រទេសដែលមិនមានជម្លោះ ជាមួយ ប្រទេសចិនត្រូវតែដោះស្រាយភាពមិនចុះសម្រុងរបស់ពួកគេ និងស្វែងរកចំណុច រួមមួយ ដែលផ្តល់អាទិភាពដល់ផលប្រយោជន៍ ឯកភាព និងមជ្ឈភាពរបស់អាស៊ាន។ ដើម្បីប្រឆាំងនឹងការទាមទារទឹកដីរបស់ចិន ទាំងយន្តការទ្វេភាគី និងពហុភាគីគួរតែ ត្រូវបានអនុវត្ត។ ដូចអ្នកវិភាគខ្លះបានអះអាង “អាស៊ីអាគ្នេយ៍មួយដែលរួបរួមគ្នា ជាធ្លុងមួយនឹងធ្វើឱ្យក្រុងប៉េកាំងពិបាកបំបែកនិងយកឈ្នះបាន” ។
ដូច្នេះមធ្យោបាយឆ្ពោះទៅមុខល្អបំផុត គឺអាស៊ានត្រូវតែរក្សាសាមគ្គីភាព និងភាពធន់ របស់ខ្លួន ខណៈពេលដែលសមាគមនេះព្យាយាមលើកកម្ពស់ ការគោរពច្បាប់អន្តរជាតិ និងច្បាប់សមុទ្រ។ ដោយសារភាពខុសគ្នាខ្លាំង រវាងទំហំប្រទេសនិងប្រជាជន កម្លាំងសេដ្ឋកិច្ច អំណាចយោធា និងឥទ្ធិពល រវាងចិននិងរដ្ឋដែលមានជម្លោះជាមួយ ចិន រួមជាមួយការគិតពីផលប្រយោជន៍ រៀងៗខ្លួនក្នុងចំណោមប្រទេសជាសមាជិក អាស៊ាន បញ្ហាសមុទ្រចិនខាងត្បូងនឹង នៅតែបន្តក្លាយជាបញ្ហាប្រឈមដ៏ធំចំពោះ អាស៊ាន។ សមាគមនេះត្រូវតែពង្រឹង សាមគ្គីភាពរបស់ខ្លួន ដោះស្រាយបញ្ហាដែល ពាក់ព័ន្ធប្រទេសចិន និងសហរដ្ឋអាមេរិក ប្រកបដោយលក្ខណៈស្ថាបនា និងធ្វើយ៉ាងណាព្យាយាមបញ្ចប់ឲ្យបាននូវការការចងក្រងក្រមប្រតិបត្តិដែលទាក់ទងសមុទ្រចិនខាងត្បូង ដែលគ្រប់គ្នាមានការរំពឹងទុកខ្ពស់នោះ៕
លោក ហេង គីមគង់ ជាបេក្ខជនបណ្ឌិតនៅសាកលវិទ្យាល័យ ឃ្វីនលែន ក្នុង ប្រទេសអូស្ត្រាលី និងជាអ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថានខ្មែរសំរាប់សហប្រតិបត្តិការនិងសន្តិភាព។ លោកគឺជាអ្នកទទួលបានអាហារូបករណ៍ រដ្ឋាភិបាលអូស្ត្រាលី និងជាសហស្ថាបនិកនៃវេទិកាអប់រំកម្ពុជា។ អត្ថបទវិភាគរបស់លោកត្រូវបានបោះពុម្ពផ្សាយ ដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងអន្តរជាតិជាច្រើន។