សម្តេច ស ខេង៖«មន្រ្តីខ្លះ ដេកដល់ម៉ោង១០ព្រឹក ហើយសុំឲ្យតែងតាំងតំណែង ទៅមិនរួចទេ»
ជាតិ
សង្គមជាតិ
សម្តេច ស ខេង៖«មន្រ្តីខ្លះ ដេកដល់ម៉ោង១០ព្រឹក ហើយសុំឲ្យតែងតាំងតំណែង ទៅមិនរួចទេ»
10, Aug 2020 , 6:40 pm        
រូបភាព
សម្តេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ថ្លែងក្នុងពិធីតែងតាំងលោក ឆែម សាវុធ ជាអគ្គនាយកថ្មីនៃអគ្គនាយកដ្ឋានពន្ធនាគារ នៅទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០
សម្តេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ថ្លែងក្នុងពិធីតែងតាំងលោក ឆែម សាវុធ ជាអគ្គនាយកថ្មីនៃអគ្គនាយកដ្ឋានពន្ធនាគារ នៅទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០
ដោយ: ថ្មីៗ
សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លើកទឹកចិត្តដល់បណ្តាមន្រ្តី ឲ្យប្រឹងប្រែងធ្វើការងារនិងពង្រឹងសមត្ថភាព ទើបស័ក្តិសមនឹងទទួលបានការដំឡើងតំណែង។ ទន្ទឹមនឹងនេះ សម្តេច បានដាស់តឿនពួកគេ ថាមិនត្រូវរត់ការ ដើម្បីតំណែងតួនាទីឡើយ។



សាររបស់សម្តេច ស ខេង គឺធ្វើឡើងក្នុងពិធីតែងតាំងលោក ឆែម សាវុធ ជាអគ្គនាយកថ្មីនៃអគ្គនាយកដ្ឋានពន្ធនាគារ ជំនួសលោក ចាន់ គីមសេង នារសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០។ ក្នុងពិធីនោះ សម្តេច បានលើកឡើងពីមន្រ្តីខ្លះ ដែលមិនសូវរហ័សរហួននឹងការងារ តែបែរជាចង់បានតំណែង។

រដ្ឋមន្រ្តីមហាផ្ទៃ មានប្រសាសន៍បណ្តើរនិងអស់សំណើចបណ្តើរថា៖«សុំទោស បើលើកទៅ វាប៉ះអីយ៉ាងម៉េច សុំអធ្យាស្រ័យ...មន្រ្តីខ្លះ គឺថាគាត់ ជូនអីដេកដល់ម៉ោង១០ [ព្រឹក] មិនទាន់ក្រោកពីដំណេកផង វា មានអ៊ីចឹង ហើយឲ្យរៀបចំតែងតាំង ទៅវាមិនកើត។ រឿងនេះ ជារឿងជាតិ ជោគវាសនារបស់ជាតិយើង»។

សម្តេចរដ្ឋមន្រ្តី ផ្ញើសារជូនមន្រ្តីទាំងនោះថា ការប្រឹងរត់ការ ដើម្បីបានតំណែង គឺជាការគិតខុសរបស់ពួកគេ។ សម្តេច យល់ថា ការរត់ការ ដើម្បីបានតំណែង គឺមកពីមន្រ្តីទាំងនោះ មិនទុកចិត្តលើសមត្ថភាពខ្លួនឯង ហើយក៏មិនទុកចិត្តលើការវាយតម្លៃរបស់ថ្នាក់ដឹកនាំ ក្នុងការផ្តល់តំណែងនោះ ដូច្នេះហើយ ទើបពួកគេ ពឹងផ្អែកលើការរត់ការ។ សម្តេច បញ្ជាក់ថា៖«អាហ្នឹងខ្ញុំថា មិនល្អទេ កុំនាំគ្នាធ្វើអ៊ីចឹង»។

សម្តេចរដ្ឋមន្រ្តី មិនឲ្យតម្លៃលើការរត់ការឡើយ។ សម្តេច មានទស្សនៈថា៖«យើងខ្ញុំជាអ្នកដឹកនាំគ្រប់គ្រង មិនពឹងផ្អែកទៅលើអ្នករត់ការ ឬពឹងផ្អែកទៅលើថា យី! អ្នកណាចូលផ្ទះខ្ញុំញឹកញយ អ្នកណាឧស្សាហ៍ឲ្យអង្ករហូប ឬមួយត្រីងៀត អាហ្នឹងល្អ តែអាគ្នាខំ [ធ្វើការ] ចង់ងាប់ អត់បានយកអីទៅឲ្យយើង អាហ្នឹងអាក្រក់ ទស្សនៈអ៊ីចឹង មិនត្រឹមត្រូវទេ»។

សម្តេច បានលើកករណីរបស់លោក ឆែម សាវុធ ដែលទើបនឹងបានតំណែងជាអគ្គនាយកពន្ធនាគារ មកធ្វើជាឧទាហរណ៍ជាក់ស្តែង។ សម្តេច អះអាងថា សម្តេច ស្គាល់តែឈ្មោះលោក ឆែម សាវុធ ប៉ុណ្ណោះ តែមិនដែលជួបនិងមិនដែលស្គាល់មុខលោក ឆែម សាវុធ នោះទេ។ សម្តេច ថ្លែងថា៖«បើដើរបុកគ្នា ក៏មិនស្គាល់ដែរ»។

សម្តេច លើកព្រឹត្តិការណ៍មួយ ពាក់ព័ន្ធនឹងគុណសម្បត្តិរបស់លោក ឆែម សាវុធ ដែលធ្លាប់ធ្វើជាអតីតប្រធានពន្ធនាគារខេត្តសៀមរាប។ សម្តេច រម្លឹកថា កាលពីឆ្នាំ២០១១ មានជនលិចខ្លាំង ហើយបណ្តាលឲ្យលិចដល់ពន្ធនាគារខេត្តសៀមរាម ហើយពេលនោះ គឺលោក ឆែម សាវុធ ជាអ្នកដោះស្រាយ។

សម្តេច បន្តថា ចាប់តាំងពីពេលនោះមក សម្តេច ក៏ស្គាល់ឈ្មោះលោក ឆែម សាវុធ។ សម្តេច ប្រាប់អ្នកចូលរួមក្នុងពិធីខាងលើថា៖«ខ្ញុំ ក៏ដាក់ចិត្ត ដើម្បីនឹងតាមដាន [មើលលោក ឆែម សាវុធ]»។

ការលើកឡើងពីករណីរបស់លោក ឆែម សាវុធ គឺសម្តេចរដ្ឋមន្រ្តី ចង់ជម្រាបបណ្តាមន្រ្តីឲ្យដឹងថា ការតែងតាំង លោក ឆែម សាវុធ គឺពឹងផ្អែងលើគុណសម្បត្តិ សមត្ថភាព និង ការខិតខំ តែមិនមែនដោយសារការរត់ការនោះទេ។

ជាមួយគ្នានេះ សម្តេច បានជំរុញមន្រ្តីក្នុងអគ្គនាយកដ្ឋានពន្ធនាគារ រាប់ចាប់តាំងពីអគ្គនាយករងចុះមក ឲ្យប្រឹងប្រែងធ្វើការងារពីពេលនេះទៅ ហើយមិនត្រូវពឹងលើការរត់ការ ដើម្បីបានតំណែងរបស់លោក ឆែម សាវុធ នៅពេលលោក ឆែម សាវុធ ចូលនិវត្តក្នុងរយៈពេល៣-៤ឆ្នាំខាងមុខនោះទេ។ សម្តេច សន្យាថា៖«ឧបមាថា ខ្ញុំនៅហ្នឹង ខ្ញុំធានាថាខ្ញុំឲ្យ [តំណែងហ្នឹង] ឲ្យតែអ្នកលេចធ្លោមានសមត្ថភាព អាចដឹកនាំបាន ខ្ញុំផ្តល់ជូន។ ខ្ញុំ អត់មានគិតថា មិត្តភក្តិមនោសញ្ចេតនា បងប្អូនសាច់ញាតិទេ»៕

Tag:
 ស ខេង
  មន្រ្តី
  រត់ការដើម្បីតំណែង
© រក្សាសិទ្ធិដោយ thmeythmey.com