ជាតិ
ជនជាតិដើម​ភាគតិច​បារម្ភ​ពី​ការធ្លាក់ចុះ​នៃ​ចំនួន​សមាជិក​របស់​ខ្លួន ដោយសារ​ការផ្លាស់​ប្ដរ​ទីលំនៅ
10, Aug 2020 , 11:29 pm        
រូបភាព
ជនជាតិដើម​ភាគតិច​កំពុង​សែនព្រេន​បែប​ជនជាតិ​គួ​យ​នៅ​កម្មវិធី​អបអរសាទរ​ទិវា​អន្តរជាតិ​ជនជាតិដើម​ភាគតិច​នៅ​ថ្ងៃទី​៩​សីហា ឆ្នាំ​២០២០​។ លោក វាំង សំរិទ្ធ តំណាង​ជនជាតិដើម​ភាគតិច​(​រូប​ខាងលើ​) និង លោក តឹក វណ្ណា​រ៉ា នាយក​ប្រតិបត្តិ​អង្គការ NGOF (​រូប​ខាងក្រោម​)​។
ជនជាតិដើម​ភាគតិច​កំពុង​សែនព្រេន​បែប​ជនជាតិ​គួ​យ​នៅ​កម្មវិធី​អបអរសាទរ​ទិវា​អន្តរជាតិ​ជនជាតិដើម​ភាគតិច​នៅ​ថ្ងៃទី​៩​សីហា ឆ្នាំ​២០២០​។ លោក វាំង សំរិទ្ធ តំណាង​ជនជាតិដើម​ភាគតិច​(​រូប​ខាងលើ​) និង លោក តឹក វណ្ណា​រ៉ា នាយក​ប្រតិបត្តិ​អង្គការ NGOF (​រូប​ខាងក្រោម​)​។
​តំណាង​ជនជាតិដើម​ភាគតិច​ព្រួយបារម្ភ​ពី​ការ​ធាក់​ចុះ​នៃ​ចំនួន​ជនជាតិដើម​ភាគតិច ជាក់ស្ដែង​ដូចជា​នៅ​ខេត្ត​ព្រះសីហនុ និង​ព្រះវិហារ ដោយសារ​ការ​ចំណាកស្រុក​។ លើសពីនេះ គឺ​ការបាត់បង់​អត្តសញ្ញាណ​ភាសា​របស់ខ្លួន មានដូចជា​ជនជាតិ​កួយ ព្រៅ កា​វែ​ត ព័រ និង​លុន កំពុង​ប្រឈម​នឹង​ការបាត់បង​ការប្រើប្រាស​ភាសា ព្រោះតែ​ការហូរចូល​វប្បធម៌​និង​ភាសា​ពី​ខាងក្រៅ រួមជាមួយ​ការមិន​បានគិត​គួរ​របស់​ចាស់ទុំ​ក្នុង​សហគមន៍​ផងដែរ​។

 
​ដើម្បី​អភិរក្ស​អត្តសញ្ញាណ​ជនជាតិដើម​ភាគតិច អង្គការ​សង្គម​ស៊ីវិល​និង​តំណាង​ជនជាតិដើម​ភាគតិច​បាន​អំពាវនាវ​ឲ្យ​មានការ​ចូលរួម​ថែរក្សា​វប្បធម៌ ប្រពៃណី បង្កើត​ស​ម្ព័​ន​ជនជាតិដើម​ភាគតិច និង​ការចុះបញ្ជី​ដី​សមូហភាព​។ ជាមួយគ្នា​ដែរ ត្រូវ​បង្រៀន​បំ​ណិ​ន​ជីវិត ឲ្យ​ជនជាតិដើម​ភាគតិច​ចេះ​ប្រក​បរបរ​ចិញ្ចឹមជីវិត ចេះ​រៀបចំ​ដី​និង​បច្ចេកទេស​ដាំ​ដុះ​។ 
 
​កាលពី​ថ្ងៃទី​៩​សីហា អង្គការ វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​(The NGO Forum on Cambodia) និង​ជនជាតិដើម​ភាគតិច​មកពី​៨​ខេ្តត បាន​ចូលរួម​រៀបចំ​ទិវា​អន្តរជាតិ​ជនជាតិដើម​ភាគតិច​លើក​ទី​២៦​និង​ជា​លើក​ទី​១៦​នៅ​កម្ពុជា ក្នុង​ដែនជម្រកសត្វព្រៃ​សង្ឃ​រុក្ខ​វ័ន​ខេត្ត​ឧ​ត្ត​រ​មានជ័យ ដោយមាន​អ្នកចូលរួម​ជាង​២០០​នាក់​។ ក្នុង​កម្មវិធី​នេះ ធ្វើឡើង​ដើម្បី​ឲ្យ​សាធារណជន​បាន​យល់ដឹង​និង​ចូលរួម​ការអភិរក្ស​វប្បធម៌ ប្រពៃណី ទំ​ទៀម​ទម្លាប់​របស់​ជនជាតិដើម​ភាគតិច​។ 
 
​នៅ​កម្មវិធី​អបអរសាទ​ទិវា​អន្តរជាតិ​ជនជាតិដើម​ភាគតិច លោក វាំង សំរិទ្ធ តំណាង​ជនជាតិដើម​ភាគតិច​បានបង្ហាញ​ការព្រួយបារម្ភ​ពី​ក​ត្កា​ចំណាកស្រុក​របស់​ជនជាតិ​ដើម​ភាគតិច ដោយសារ​បញ្ហា​ជីវភាព​បានធ្វើ​ឲ្យ​ធ្លាក់ចុះ​នៃ​ចំនួន​ជនជាតិដើម​ភាគតិច​។ 
 
​លោក ថ្លែងថា​៖ «​ការធ្លាក់ចុះ​ចំនួន​ជនជាតិដើម​ភាគតិច​នៅ​ខេត្ត​ព្រះសីហនុ​ព្រោះ​មាន​សមាជិក​តិចពេក ភាពជា​អ្នកដឹកនាំ​ក្នុង​សហគម​នៅមានកម្រិត ហើយ​នៅតាម​តំបន់​ដទៃទៀត​ក៏​កំពុង​ធ្លាក់ចុះ​ដែរ ដោយសារ​បងប្អូន​ជនជាតិដើម​ភាគតិច​និង​មិនមែន​ជនជាតិដើម​ភាគតិច​នៅ​តំបន់​ខ្លះ​ស​ម្លើ​ង​ឃើញ​ផលប្រយោជន៍​ក្នុងការ​គ្រប់គ្រង​ដី​និង​ដោះដូរ​ជា​លុយ ដើម្បី​ដោះស្រាយ​ជីវភាព​។ អ៊ីចឹង​ហើយ​ក្នុង​សារ​មួយ​នេះ ខ្ញុំ​សូម​ឲ្យ​មានការ​គាំទ្រ​ឲ្យ​បាន​ច្រើន​ទៅលើ​ជនជាតិដើម​ភាគតិច​ដែល​ទទួលបាន​បណ្ណ​ដី​សមូហភាព​និង​ដំណើរការ​ចុះបញ្ជី​ក្ដី​»​។ 
 
​តំណាង​ជនជាតិដើម​ភាគតិច​រូបនេះ​ក៏បាន អំពាវនាវ​ឲ្យ​មានការ​បង្រៀន​បំ​ណិ​ន​ជីវិត ពោលគឺ​ការរៀបចំ​ដីធ្លី បច្ចេកទេស​ដាំ​ដុះ និង​ការប្រកប​របរ​លក់ដូ​រ​ជាដើម​។ លោក​បន្តថា ការធ្វើ​បែបនេះ គឺ​ដើម្បី​ជួយ​ដោះស្រាយ​ជីវី​ភាព​របស់​បងប្អូន​ជនជាតិដើម​ភាគតិច​និង​កាត់បន្ថយ​ការ​ចំណាក់ស្រុក​និង​ការលក់ដូរ​ដី ដែលជា​ដើមហេតុ​ធ្វើ​បាត់​ចំនួន​ជនជាតិដើម​ភាគតិច​ក្នុង​សហគមន៍​។ 
 
​ក្រៅពី​ការធ្លាក់ចុះ​ចំនួន​ជនជាតិដើម​ភាគតិច​ពី​២៧​គ្រួសារ មក​ត្រឹម​២០​គ្រួសារ​នៅ​ខេត្ត​ព្រះសីហនុ នៅ​ខេត្តព្រះវិហារ​ក៏មាន​ការធ្លាក់ចុះ​គួរ​ឲ្យ​កត់សម្គាល់​ផងដែរ​។ ជនជាតិដើម​ភាគតិច​មិនមែន​មានតែ​បញ្ហា​ប្រឈម​មួយ​នេះឡើយ គ្រប់​ជនជាតិដើម​ភាគតិច​ទាំងអស់​នៅ​កម្ពុជា​កំពុង​ប្រឈម​នឹង​ការបាត់បង់​អក្សរ​និង​ភាសា​។ នេះ​បើតាម​លោក សាមឿន វុទ្ធី តំណាង​អង្គការ​អាយ​រ៉ា​ម​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ​នៅ​ថ្ងៃទី​១០​សីហា​។ 
 
«​ក្រៅពី​ខេត្ត​ព្រះសីហនុ តួលេខ​នៃ​ការធ្លាក់ចុះ​គ្រួស​សារ​ជនជាតិដើម​ភា​គតិ​ត យើង​សង្កេតឃើញ​មានការ​ធ្លាក់​នៅតាម​បណ្ដា​ខេត្ត​ផ្សេងទៀត ប៉ុន្តែ​យើង​មិនទាន់មាន​តួលេខ​ច្បាស់លាស់​នៅឡើយ​ទេ​។ ក្រៅពី​បញ្ហា​នេះ គ្រប់​ជនជាតិដើម​ភាគតិច​គឺ​កំពុង​ប្រឈម​ការបាត់បង់​អក្សរ​ទាំ​ង​អស់ យើង​ឃើញ​មានតែ​ជនជាតិ​ព្នង​ទេ​ដែលមាន​អក្សរ​។ បើ​ភាសា​វិញ ជនជាតិ​កួយ ព្រៅ កា​វែ​ត ព័រ និង​លុន កំពុង​ប្រឈម​ការបាត់បង់​ខ្លាំង ព្រោះ​ការហូរចូល​វប្បធម៌​និង​ភាសា​ពី​ក្រៅ​ចូល​សហគមន៍ ហើយ​ចាំ​ទុំ​ក្នុងភូមិ​ក៏​មិនបាន​គិតដល់​បញ្ហា​បាត់បង់​ភាសា​នេះ ទើប​ធ្វើ​ឲ្យ​មាន​បញ្ហា​ប្រឈម​កើនឡើង​»​។ នេះ​ជាការ​លើកឡើង​របស់ លោក សាមឿន វុទ្ធី​។ 
 
​នាយក​ប្រតិបត្តិ​អង្គការ វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​(The NGO Forum on Cambodia) លោក តឹក វណ្ណា​រ៉ា បាន​ថ្លែងថា​ប្រាប់​សារ​ព័ត៌មាន​នៅក្នុង​ទិវា​អន្តរជាតិ​នៃ​ជនជាតិដើម​ភាគតិច​ថា ដើម្បី​អភិរក្ស​អត្តសញ្ញាណ​ជនជាតិដើម​ភាគតិច អង្គការ​សង្គម​ស៊ីវិល ជនជាតិដើម​ភាគតិច និង​អ្នកពាក់ព័ន្ធ​ទាំងអស់​ត្រូវ​ជម្រុញ​ឲ្យ​មានការ​បង្កើត​សម្ព័ន្ធ​ជនជាតិដើម​ភាគតិច​តាមរយៈ​ការចុះបញ្ជី​ទទួលស្គាល់​នៅ​ក្រសួងមហាផ្ទៃ ការចុះបញ្ជី​ដី​សមូហភាព និង​ការថែរក្សា​វប្បធម៌​តាមរយៈ​ការបង្កើត​ម​ជ្ឈ​ល​វប្បធម៌​ជនជាតិដើម​ភាគតិច​។ 
 
​ទន្ទឹមនឹងនេះ លោក​សង្កត់ធ្ងន់ថា​៖ «​យើង​ស្នើសុំ​ឲ្យ​បងប្អូន​ជនជាតិដើម​ភាគតិច ត្រូវតែមាន​មោទនភាព​ចំពោះ​អត្តសញ្ញាណ​របស់ខ្លួន​ឯង ហើយ​បង្ហាញ​ទៅ​សាធារណជន​ថា ខ្ញុំ​ជា​ជនជាតិដើម​ភា​ញ​តិច​ព្នង ចា​រាយ ព្រៅ លុន​...​ពេល​យើង​មាន​មោទនភាព​ជាមួយ​អត្តសញ្ញាណ​របស់​យើង សាធារណជន​ក៏បាន​ជ្រោ​ជ្រាក នេះហើយ​គឺ​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ការចូល​ចំណែក​តាម​លទ្ធិភាព​ការពារ​ថែរក្សា​អត្តសញ្ញាណ​»​។ 
 
​ចំណែក​ព្រះអង្គ ប៊ុន សា​លួត ព្រះ​មេគណ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​បាន​មាន​សង្ឃដីកា​ពី ការគ្រប់គ្រង​ធនធានធម្មជាតិ គឺជា​ផ្នែក​មួយ​សំខាន់​សម្រាប់​ជនជាតិដើម​ភាគតិច​និង​ពលរដ្ឋ​ទូទៅ ដើម្បី​ទាញយក​អនុផល​ព្រៃឈើ​មកវិញ​។ ពិ​សេ​សេ​ព្រៃឈើ​ក៏​ជា​អត្តសញ្ញាណ​របស់​ជនជាតិ​ដើម​ភាគតិច​មួយផ្នែក​ដែរ ដូចជា​ប្រកប​របរ​រក​ជ័រ ផ្លែឈើ និង​ការរក្សា​ព្រៃ​ជា​តំបន់​ប្រពៃណី​កប់​សព​ជាដើម​។ ដូច្នេះ ព្រះអង្គ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទាំងអស់​ចូលរួម​សហការ​​អភិរក្ស​ព្រៃឈើ ដើម្បី​ប្រយោជន៍​រួម​ទាំងអស់គ្នា​៕ 
 

Tag:
 ជនជាតិដើម​ភាគតិច​
© រក្សាសិទ្ធិដោយ thmeythmey.com