សង្គមអន្តរជាតិ
អន្តរជាតិ
ចិន ដាក់ទណ្ឌកម្មសមាជិកព្រឹទ្ធសភាអាមេរិក២នាក់នាក់ពាក់ព័ន្ធបញ្ហាហុងកុង សមាជិកព្រឹទ្ធសភាអាមេរិក លោក Marco Rubio (ឆ្វេង) និងលោក Ted Cruz (AFP)
× រដ្ឋាភិបាលប៉េកាំង តាមរយៈក្រសួងការបរទេស បានប្រកាសដាក់ទណ្ឌកម្មលើជនជាតិអាមេរិក១១នាក់ ក្នុងនោះក៏មាន សមាជិកព្រឹទ្ធសភា លោក Marco Rubio និងលោក Ted Cruz ផងដែរ។ នេះគឺជាវាយបកនឹងចំណាត់ការដូចគ្នាដែលក្រុងវ៉ាស៊ីនតោនបានដាក់ប្រឆាំងមន្ត្រីចិន ពាក់ព័ន្ធរឿងចម្រូងចម្រាសនៅហុងកុង។
«ចិន បានសម្រេចដាក់ទណ្ឌកម្មលើមនុស្សខ្លះ ដែលបានប្រព្រឹត្តមិនល្អលើបញ្ហាទាក់ទងនៅហុងកុង»។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian និយាយបែបនេះ នៅថ្ងៃទី ១០ ខែសីហា ដែលដកស្រង់ចុះផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters ។
ក្រៅពីមន្ត្រីជាន់ខ្ពស់អាមេរិកទាំងពីរនាក់ខាងលើ អគ្គនាយកនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស (HWR) Kenneth Roth និងប្រធានចលនាជាតិដើម្បីប្រជាធិបតេយ្យ Carl Gershman ក៏ជាប់ឈ្មោះក្នុងបញ្ជីខ្មៅរបស់រដ្ឋាភិបាលចិនផងដែរ។
ទណ្ឌកម្មនេះ ធ្វើឡើងក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃទី ៧ ខែសីហា បានប្រកាសថា ខ្លួនបានបង្កកទ្រព្យសម្បត្តិនៅសហរដ្ឋអាមេរិករបស់ប្រធានប្រតិបត្តិទីក្រុងហុងកុង អ្នកស្រី ការី ឡាំ និងមន្ត្រីជាន់ខ្ពស់ចិន១០នាក់ផ្សេងទៀត។ នេះគឺចាត់ទុកជាទណ្ឌកម្មធ្ងន់ធ្ងរបំផុតមួយដែលអាមេរិកដាក់ប្រឆាំងហុងកុង ចាប់តាំងពីក្រុងប៉េកាំងបានដាក់ប្រើប្រាស់ច្បាប់សន្តិសុខជាតិថ្មីលើទឹកដីនេះ។
ទាក់ទិនបញ្ហានេះ លោកអ្នកនាំពាក្យ Zhao និយាយថា ទង្វើរបស់សហរដ្ឋអាមេរិក គឺការជ្រៀតជ្រៀកក្នុងកិច្ចការផ្ទៃក្នុងរបស់ចិន និងរំលោភធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ។ បើតាម Reuters ក្រសួងការបរទេសចិន អះអាងថា ខ្លួននឹងអនុវត្តទណ្ឌកម្មទាំងនេះ ចាប់ពីថ្ងៃចន្ទ ទី ១០ ខែសីហា តទៅតែម្ដង។
គួររម្លឹកផងដែរថា កាលពីខែមុន រដ្ឋាភិបាលចិន ក៏ធ្លាប់បានប្រកាសដាក់ទណ្ឌកម្មប្រឆាំងលោក Cruz, លោក Rubio និងមន្ត្រីអាមេរិកដទៃទៀងផងដែរ បន្ទាប់ពីក្រុងវ៉ាស៊ីនតោនបានដាក់ទណ្ឌកម្មប្រឆាំងមន្ត្រីពាក់ព័ន្ធរឿងការធ្វើទុកម្នេញជនជាតិភាគតិច Uighur កាន់សាសនាឥស្លាម នៅតំបន់ Xinjiang៕
Tag:
ចិន
សហរដ្ឋអាមេរិក
ហុងកុង
Ted Cruz
Marco Rubio
© រក្សាសិទ្ធិដោយ thmeythmey.com