ពីនេះ ពីនោះ
សុខភាព
ជួយចែករំលែក! បញ្ហាបែកញើសខ្លាំង? កុំរំលងរូបមន្តធម្មជាតិទាំងនេះ
× ការបែកញើស គឺជាប្រតិកម្មទូទៅមួយរបស់រាងកាយតបតនឹងកម្ដៅ។ ហើយការបែកញើសច្រើននៅពេលធ្វើសកម្មភាពរាងកាយ ឬហាត់ប្រាណខ្លាំងក៏មិនមែនជារឿងចម្លែកអ្វីដែរ។ ទោះជាយ៉ាងណាការបែកញើសខ្លាំងសូម្បីតែពេលអង្គុយធម្មតាសោះអាចជារឿងគួរឱ្យអាម៉ាសបំផុតមួយ។ គួរធ្វើបែបណា? ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗទប់ទល់បញ្ហាបែកញើសខ្លាំង ៖
១. តែខ្មៅ
តែខ្មៅមានផ្ទុកអាស៊ីត tannic ដែលកម្ចាត់បាក់តេរី។ វាក៏ជួយកាត់បន្ថយបរិមាណនៃញើសផងដែរ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែឆុងតែខ្មៅ ២ កញ្ចប់តូចក្នុងទឹកក្ដៅ ៣ ពែងសម្រាប់រយៈពេលពី ១០ ទៅ ១៥ នាទី។ ទុកឱ្យចុះត្រជាក់សិន សឹមជ្រលក់បន្ទះសំឡីស្អាត ឬក្រណាត់ស្អាតចូល រួចលាបក្រោមក្លៀកជាការស្រេច។ អ្នកក៏អាចត្រាំជើងក្នុងតែខ្មៅដោយបន្ថែមទឹកត្រជាក់ចូលក្នុងចំនួនសមល្មមដើម្បីបន្ថយកម្ដៅ។ បន្ទាប់មកដាក់ត្រាំជើងសម្រាប់រយៈពេលពី ១៥ ទៅ ២០ នាទី។ អនុវត្តជាប្រចាំរហូតដល់ទទួលបានលទ្ធផលប្រសើរ។
២. ក្រូចឆ្មារ
សម្រាប់ការបែកញើសក្លៀក
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយម្សៅ Baking soda ១ ស្លាបព្រាកាហ្វេជាមួយទឹកក្រូចឆ្មារស្រស់ឱ្យក្លាយជាល្បាយរាវៗ រួមប្រើប្រាស់បន្ទះសំឡីជ្រលក់លាបត្រង់ក្លៀក និងទុកចោលសម្រាប់រយៈពេលពី ២០ ទៅ ៣០ នាទី សឹមលាងសម្អាតចេញជាមួយទឹកធម្មតាជាការស្រេច។ អ្នកក៏អាចលាបទឹកក្រូចឆ្មារស្រស់ផ្ទាល់ក្រោមក្លៀក និងទុកចោលសម្រាប់រយៈពេលពេញមួយយប់ ឬពី ១៥ ទៅ ៣០ នាទី សឹមលាងសម្អាតចេញជាមួយទឹកជាការស្រេច។ ពេលវេលាដ៏សាកសមបំផុតដើម្បីអនុវត្តរូបមន្តនេះ គឺនៅពេលយប់មុនពេលចូលគេង។
សម្រាប់ការបែកញើសរាងកាយ
លាយអំបិល ១ ស្លាបព្រាបាយជាមួយទឹកក្រូចឆ្មារស្រស់ពី ១ ទៅ ២ ស្លាបព្រាបាយ។ កូរឱ្យសព្វ សឹមលាបម៉ាស្សាទឹកល្បាយលើផ្នែកនៃរាងកាយដែលងាយនឹងបែកញើស។ ទុកចោលសម្រាប់រយៈពេលពី ១៥ ទៅ ២០ នាទី សឹមលាងសម្អាតចេញជាមួយទឹកធម្មតា។ អនុវត្តជាប្រចាំ។
៣. ប៉េងប៉ោះ
ការរួមបញ្ចូលប៉េងប៉ោះក្នុងរបបអាហារប្រចាំថ្ងៃ ឬការទទួលទឹកផ្លែប៉េងប៉ោះស្រស់ ១ កែវរាល់ថ្ងៃពិតជាអាចជួយគ្រប់គ្រងការបែកញើសខ្លាំងគួរឱ្យកត់សម្គាល់។ នេះក៏ព្រោះតែប៉េងប៉ោះមានលក្ខណៈសម្បត្តិជួយបង្រួមរន្ធញើស។ អ្នកក៏អាចលាបទឹកប៉េងប៉ោះស្រស់ត្រង់ក្លៀកនិងទុកចោលសម្រាប់រយៈពេលយ៉ាងហោចណាស់ ១០ នាទីសឹមលាងសម្អាតចេញជាមួយទឹកធម្មតា៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com