COVID-19
អន្តរជាតិ
Covid-19៖ គណៈរដ្ឋមន្ត្រី លោក​ប្រធានាធិបតី ចូ​កូ​វី ដូ​ដូ ពិតជា​គេច​មិន​ផុតពី​ការរុះរើ​?
11, Aug 2020 , 9:58 am        
រូបភាព
ប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ ។ រូបភាព Antara
ប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ ។ រូបភាព Antara
ដោយ:
​ទោះបីជា​បណ្តា​ប្រទេស​ក្នុង​តំបន់​មួយចំនួន​មានការ​ថមថយ​នៃ​ការឆ្លង​វីរុស Covid-19 ក៏ដោយ ឥណ្ឌូណេស៊ី ដែលមាន​ប្រជាជន​ច្រើនជាងគេ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ នៅតែមាន​ករណី​ឆ្លង​ក្នុង​អត្រា​មួយ​ដែល​គួរ​ឲ្យ​ព្រួយបារម្ភ​។ ស្ថានភាព​នេះ មិន​ត្រឹមតែ​គំរាមកំហែង​ដល់​ការរស់នៅ​របស់​ប្រជាជន​ឥណ្ឌូណេស៊ី​ប៉ុណ្ណោះ​នោះទេ ក៏ប៉ុន្តែ​វា កំពុងតែបន្ត​ដាក់​សម្ពាធ​ដល់​គណៈរដ្ឋមន្ត្រី​របស់​លោក​ប្រធានាធិបតី ចូ​កូ វី​ដូ​ដូ ដែល​កំពុងតែ​ដឹកនាំ​រដ្ឋាភិបាល​ក្នុង​អាណត្តិ​ទី​ពីរ​របស់លោក​ផងដែរ​។​

 
​គ្រាន់តែ​រយៈពេល​មិន​ដល់​ពីរ​ខែ​ផង លោក​ប្រធានាធិបតី ចូ​កូ វី​ដូ​ដូ បានបង្ហាញ​ការខកចិត្ត​ពីរលើក​រួចទៅហើយ​លើ​ការអនុវត្ត​ការងារ​របស់​មន្ត្រីក្រោមឱវាទ​របស់លោក ពាក់ព័ន្ធ​នឹង​វិធានការ​ឆ្លើយតប​នឹង​ការរីក​រាលដាល​នៃ វីរុស Covid-19​។ លោក ចូ​កូ​វី ហាក់ដូចជា​កាន់តែ​មិន​ពេញចិត្ត​នឹង​ការបំពេញភារកិច្ច​រប​ស់​មន្ត្រីក្រោមឱវាទ ក្នុងស្ថានភាព​ប្រទេស កាន់តែ​រង​ការគំរាមកំហែង​ពី​វីរុស Covid-19 ដែល​មិនទាន់មាន​វ៉ាក់សាំង​ដែល​ច្បាស់លាស់​សម្រាប់​ការពារ និង​ព្យាបាល​នោះ​។ 
 
 
​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​ឥណ្ឌូណេស៊ី Jakarta Post នៅ​ថ្ងៃ​៣ សីហា សប្តាហ៍​មុន លោក​ប្រធានាធិបតី ចូ​កូ​វី បានបង្ហាញ​ពី​ការខកចិត្ត​ខ្លាំង​ជាថ្មី​លើ​ការឆកល្វែង​ក្នុងការ​គ្រោង​ថវិកា​ដ៏​តូចតាច​របស់​ក្រសួង និង​ស្ថាប័ន​របស់​រដ្ឋាភិបាល​ដើម្បី​ឆ្លើយតប​នឹង​វីរុស Covid-19​។ លោក​ប្រធានាធិបតី បាន​វាយតម្លៃថា ក្រសួង​ពាក់ព័ន្ធ​របស់លោក ហាក់​នៅតែ​មិនទាន់​យល់​ពី​ស្ថានភាព​បន្ទាន់ និង​ចាំបាច់​របស់​ប្រទេស​នៅឡើយ​នោះទេ​។​
 
​តាម​ប្រភពព័ត៌មាន​ដដែល លោក​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​រូបនេះ បាន​សង្កត់ធ្ងន់ថា រដ្ឋមន្ត្រី​នីមួយៗ គួររៀបចំ​ផែនការ​ថវិកា​របស់ខ្លួន​ឲ្យ​បាន​ល្អិតល្អន់ ទើប​វិធានការ​គ្រប់គ្រង​វិបត្តិ អាច​សម្រេចបាន​ឆាប់រហ័ស​។ ការធ្វើការ​របស់​គណៈ​រដ្ឋមន្ត្រី​របស់លោករ​បៀ​ប​នេះ សម្រាប់​លោក​ប្រធានាធិបតី មិនអាច​ឲ្យ​លោក មិន​គិត​បានឡើយ​។​
 
​លោក​ប្រធានាធិបតី បាន​លើកឡើងថា គណៈរដ្ឋមន្ត្រី​របស់លោក បាន​ជំរុញ​លើ​ការងារ​ចូលរួម​វិភាគទាន​ក្នុងចំណោម​ថ្នាក់ដឹកនាំ និង​ក្រុមគ្រួសារ​ថ្នាក់ដឹកនាំ ដើម្បី​ចូលរួម​ផ្សព្វផ្សាយ​ពី​សារៈសំខាន់​ក្នុងការ​អនុវត្តតាម​វិធាន​សុខាភិបាល​។ លោក ប្រធានាធិបតី មិន​បន្ទោស​ពី​ការជំរុញ​នេះនោះ​ទេ ក៏ប៉ុន្តែ លោក  ក្រើនរម្លឹក​ដល់​សេនាធិការ​របស់ខ្លួន គួរតែ​គិតគូរ​លើ​វិធានការ​ចាំបាច់ និង​បន្ទាន់​ច្រើនជាង​ការងារ​នេះ ដ្បិត​បច្ចុប្បន្ន​ករណី​ឆ្លង​របស់​ប្រទេស​កើនឡើង​ជាង​១០​ម៉ឹ​ន​នាក់ ខណៈ​អ្នក​ស្លាប់មាន​ដល់​ជាង​៥​ពាន់​នាក់ ទៅហើយនោះ​។ 
 
​គួរកត់សម្គាល់​នោះ មុនពេល​នៃ​ការចេញ​សារ​ខកចិត្ត​ដោយសារតែ​បញ្ហា​នេះ លោក​ប្រធានាធិបតី ក៏បាន​ចេញ​សេចក្តីថ្លែងការណ៍​ព្រមាន​រុះរើ​គណៈរដ្ឋមន្ត្រី​របស់លោក រួច​ម្តង​ទៅហើយ​នៅ​ខែមិថុនា​កន្លងទៅ​។ នៅពេលនោះ លោក បាន​គំរាមថា នឹង​ផ្លាស់ប្តូរ​រដ្ឋមន្ត្រី​មួយចំនួន ដែល​បរាជ័យ​ក្នុងការ​រៀបចំ និង​វិធានការ​ទាន់ពេល​ដើម្បី​ដោះស្រាយ​វិបត្តិ Covid-19 ទាំង​ផ្នែក​សង្គមកិច្ច និង​ផ្នែក​សេដ្ឋកិច្ច​។ នេះ នៅ​មិនទាន់​រាប់បញ្ចូល​ការព្រមាន មុនពេល​ស្ថានភាព​វិបត្តិ​ធ្ងន់ធ្ងរ​ផង​។ 
 
​ក្នុង​អាណត្តិ​ទីមួយ នៃ​ការដឹកនាំ​រដ្ឋាភិបាលរ​បស់ លោក ចូ​កូ វី​ដូ​ដូ ដែល​ចាប់ផ្តើម​ពី​ឆ្នាំ​២០១៤​មក លោក​ប្រធានាធិបតី ក៏​ធ្លាប់​រុះរើ​គណៈរដ្ឋមន្ត្រី​របស់លោក​ច្រើនដង​ដូចគ្នា​។ ពោលគឺ​ការរុះរើ​គណៈរដ្ឋមន្ត្រី គឺជា​យុទ្ធសាស្ត្រ​មួយ​របស់លោក​ក្នុងការ​កែទម្រង់​មន្ត្រី​រដ្ឋាភិបាល ហើយ ការរុះរើ​នោះ​ក្នុង​គោលដៅ​ធំ​បំផុត គឺ​ដើម្បី​ធានា​ពី​ប្រសិទ្ធភាព​ការងារ​របស់​រដ្ឋាភិបាល ក្នុង​កិច្ច​ការផ្តល់​សេវាសាធារណៈ​ជូន​ប្រជាជន​នោះឯង​៕ 
 

Tag:
 ឥណ្ឌូណេស៊ី​
  Covid19
© រក្សាសិទ្ធិដោយ thmeythmey.com