ជាតិ
សេដ្ឋកិច្ច
ខេត្តកំពត​ផលិត​អំបិល​បាន​ជិត​៨,៤​ម៉ឺន​តោន ក្នុង​ឆ្នាំ​២០២០
11, Aug 2020 , 10:53 am        
រូបភាព
ប្រភពរូប៖ គណនីហ្វេសប៊ុក លោក ប៊ុន បារាំង សហប្រធានសហគមន៍ អ្នក ផលិត អំបិល ខេត្តកំពត-កែប
ប្រភពរូប៖ គណនីហ្វេសប៊ុក លោក ប៊ុន បារាំង សហប្រធានសហគមន៍ អ្នក ផលិត អំបិល ខេត្តកំពត-កែប
​ភ្នំពេញ​៖ ក្នុង​ឆ្នាំ​២០២០​នេះ ខេត្តកំពត​ផលិត​អំបិល​បាន​សរុប ៨៣,៩៦៩​តោន សម្រាប់​ផ្គត់ផ្គង់​តម្រូវការ​នានា​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស​។ បរិមាណ​នៃ​ផល​អំបិល​នេះ គឺជា​កំណើន​១០០​ភាគរយ បើ​នឹង​រយៈពេល​២​មុន​(​ឆ្នាំ​២០១៨-​ឆ្នាំ​២០១៩) ដែល​កម្ពុជា​មិនអាច​ផលិត​អំបិល​បាន​ព្រោះតែ​ជួប​គ្រោះធម្មជាតិ ដោយមាន​ភ្លៀង​ធា្ល​ក់រ​ហូត​នៅ​ចំពេល​ប្រមូល​ផល​អំបិល​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​ការិយាល័យ​ស្រែអំបិល​នៃ​មន្ទីរ​ឧស្សាហកម្ម បច្ចេកទេស និង​នវានុវត្តន៍​ខេត្តកំពត​។​

 
​ក្នុង​របាយការណ៍​ដដែល​បាន​បញ្ជាក់ថា ផល​អំបិល​ទាំង​ជិត​៨,៤​ម៉ឺន​តោន​នេះ គឺ​ប្រមូលបាន​ដោយ​ប្រជាពលរដ្ឋ​ជា​អ្នក​ផលិត​ចំនួន​១៦៩​ក្រុម ក្នុង​ផ្ទៃដី​៣,៧២៦​ហិកតា​។ លោក កឹង  ស៊ុន​ធាង ប្រធានការិយាល័យ​ស្រែអំបិល​នៃ​មន្ទីរ​ឧស្សាហកម្ម​កំពត បាន​អះអាង​ប្រាប់​សារព័ត៌មាន​ថ្មីៗ  ថ្ងៃទី​១០​សីហា ថា​អំបិល​ទាំងនោះ ត្រូវបាន​ក្រុម​អ្នក​ផលិត​នាំគ្នា​សម្រុក​ផលិត​និង​ប្រមូល​ផល​បានជា​បន្តបន្ទាប់ ចាប់​ខែមករា​រហូតដល់​ចុងខែ​កក្កដា​។​
 
«​អំបិល​ឆ្នាំនេះ ផលិត​បាន​ច្រើន​ហើយ​ថែមទាំង​មានគុណ​ភាព និង​ពណ៌​ស​ល្អ​ទៀត​»​។ បើតាម​លោក ស៊ុន​ធាង ក្នុងអំឡុងពេល​ផលិត និង​ប្រមូល​ផល​អំបិល គឺមាន​អាកាសធាតុ​ក្តៅ​រហូត​ដែលជា​កត្តា​អំណោយផល​យ៉ាង​ចម្បង​ដល់​ក្រុម​អ្នក​ផលិត​មានឱកាស​ផលិត និង​ប្រមូល​អំបិល​បាន​ច្រើន​។ 
 
​ប្រធានការិយាល័យ​ស្រែអំបិល​នៃ​មន្ទីរ​ឧស្សាហកម្ម​កំពត​រូបនេះ បាន​បញ្ជាក់ថា អំបិល​ដែល​ប្រជាកសិករ​ប្រមូលបាន​ជិត​៨,៤​ម៉ឺន​តោន​នេះ គឺមាន​៤៤,៨២២​តោន បាន​លក់​និង​ចែកចាយ​នៅ​ទូទៅ​ប្រទេស និង​មាន​នៅសល់​ជាង​៣,៩​ម៉ឺន​តោន​ទៀត មាននៅ​ឃ្លាំង សម្រាប់​ផ្គត់ផ្គង់​តម្រូវការ​ទីផ្សារ​បន្តបន្ទាប់​។ លោក​បាន​បន្ថែមថា អំបិល​ក្នុង​មួយ​បាវ​ដែលមាន​ទម្ងន់​៥០ មានតម្លៃ​ពី​៨,០០០ ទៅ​១០,០០០​រៀល​។ 
 
​កាលពី​ឆ្នាំ​២០១៨ កម្ពុជា​នាំចូល​អំបិល​៣​ម៉ឺន​តោន ដើម្បី​បំពេញតម្រូវការ​ក្នុងស្រុក​។ ក្នុងនោះ នាំចូល​ពី​ចិន​១​ម៉ឺន​តោន និង​ឥណ្ឌា​២​ម៉ឺន​តោន​។ ការ​នាំចូល​អំបិល​នេះ ដោយសារ​កម្ពុជា​ជួប​បញ្ហា​អាកាសធាតុ  មាន​ភ្លៀង​ខ្លាំង​ក្នុង​រដូវ​ប្រមូល​ផល​អំបិល​៕

Tag:
 អំបិល
© រក្សាសិទ្ធិដោយ thmeythmey.com