COVID-19
ជាតិ
កម្ពុជាផ្អាក​ជើងហោះហើរពីហ្វីលីពីន ក្រោយរកឃើញករណីឆ្លង COVID-19 ជាបន្តបន្ទាប់
11, Aug 2020 , 11:33 am        
រូបភាព
ដោយ: ថ្មីៗ
បន្ទាប់ពីឥណ្ឌូណេស៊ីនិងម៉ាឡេស៊ី ហ្វីលីពីន គឺជាគោលដៅទី៣ ដែលកម្ពុជា ផ្អាកជើងហោះហើរ។



កម្ពុជា សម្រេចផ្អាកជើងហោះហើរជាមួយហ្វីលីពីនមួយរយៈ ចាប់ផ្តើមពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០តទៅ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលចេញនៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ បន្ទាប់ពីទទួលបានការយល់ព្រមពីសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។

សេចក្តីប្រកាសព័ត៌មាន ដែលចេញដោយលោក ម៉ម ប៊ុនហេង ជារដ្ឋមន្រ្តីក្រសួងសុខាភិបាលនិងជាប្រធានគណៈកម្មការអន្តរជាតិក្រសួងដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានបញ្ជាក់ថា ការសម្រេចផ្អាកជើងហោះហើរនេះ គឺដោយសារតែកម្ពុជា សង្កេតឃើញអត្រាឆ្លងជំងឺកូវីដ-១៩ នៅហ្វីលីពីន បានហក់ឡើងយ៉ាងគំហុក ក្នុងមួយរយៈចុងក្រោយនេះ។

លោក ម៉ម ប៊ុនហេង សរសេរក្នុងសេចក្តីប្រកាសព័ត៌មានថា បច្ចុប្បន្ន ហ្វីលីពីន បានក្លាយជាប្រទេស ដែលមានអត្រាឆ្លងជំងឺកូវីដ-១៩ ច្រើនជាងគេនៅក្នុងតំបន់អាស៊ាន ដូច្នេះ អ្នកដំណើរមកពីហ្វីលីពីន ក៏ជាការព្រួយបារម្ភផងដែរ។ លោក បន្តថា ម្យ៉ាងទៀត កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០ ជើងហោះហើរមួយពីហ្វីលីពីនមកកម្ពុជា ដែលមានអ្នកដំណើរ១១៩នាក់ ត្រូវបានធ្វើតេស្តរកឃើញអ្នកមានជំងឺកូវីដ-១៩ រហូតដល់១៣នាក់

កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ កម្ពុជា ទើបនឹងផ្អាកជើងហោះហើរជាមួយឥណ្ឌូណេស៊ីនិងម៉ាឡេស៊ី។ លោក ម៉ម ប៊ុនហេង កត់សម្គាល់ឃើញថា ការផ្អាកជើងហោះហើរពីម៉ាឡេស៊ី និងឥណ្ឌូណេស៊ី ពិតជាបានរួមចំណែកទប់ស្កាត់ការរាលដាលកូវីដ-១៩។

នៅហ្វីលីពីន អ្នកឆ្លងជំងឺកូវីដ-១៩ មានជាង១៣ម៉ឺននាក់ហើយ ដោយបានជាសះស្បើយជាង៦,៨ម៉ឺននាក់ និងស្លាប់ជាង២,២ពាន់នាក់។ នៅអាស៊ាន ប្រទេស ដែលាមានអ្នកឆ្លងកូវីដ-១៩ច្រើនជាងគេ បន្ទាប់ពីហ្វីលីពីន គឺឥណ្ឌូណេស៊ី ដោយមានអ្នកឆ្លងជាង១២ម៉ឺននាក់ បានជាសះស្បើយវិញជាង៨,២ម៉ឺននាក់ ខណៈស្លាប់ជាង៥,៧ពាន់នាក់។

ក្រោមឥណ្ឌូណេស៊ី គឺសិង្ហបុរី ដែលមានអ្នកឆ្លងជាង៥,៥ម៉ឺននាក់ តែបានជាសះស្បើយវិញដល់ទៅជិត៥ម៉ឺនាក់ រីឯអ្នកស្លាប់ មាន២៧នាក់។ លេខរៀងចុះមកទៀត គឺម៉ាឡេស៊ី ដែលមានអ្នកឆ្លងជាង៩ពាន់នាក់ បានជាសះស្បើយជាង៨,៨ពាន់នាក់ ស្លាប់១២៥នាក់។

បន្ទាប់ពីម៉ាឡេស៊ី លេខរៀងតាមលំដាប់អំពីអ្នកឆ្លងជំងឺកូវីដ-១៩ គឺថៃ វៀតណាម មីយ៉ាន់ម៉ា កម្ពុជា ប្រុយណេ និង ឡាវ។ ចំពោះកម្ពុជា អ្នកឆ្លងកូវីដ-១៩ មាន២៦៦នាក់ ដែលសុទ្ធតែជាករណីនាំចូលពីក្រៅប្រទេស។ ក្នុងចំណោមអ្នកឆ្លងទាំង២៦៦នាក់ មាន២២០នាក់ បានជាសះស្បើយ និង៤៦នាក់ទៀត កំពុងសម្រាកព្យាបាល។

តួលេខអំពីអ្នកឆ្លងជំងឺកូវីដ-១៩ នៃបណ្តាប្រទេសទាំង១០ ក្នុងតំបន់អាស៊ាន គឺគិតត្រឹមថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ ដែលផ្សាយដោយគេហទំព័រ Worldomater

© រក្សាសិទ្ធិដោយ thmeythmey.com