ជាតិ
សារព័ត៌មាន​ថ្មីៗ នឹង​បណ្តុះបណ្តាល​ជំនាញ​សារព័ត៌មាន ដល់​យុវជន​ប្រមាណ​២០០​នាក់ ក្រោម​ជំនួយ​របស់​TI Cambodia និង​ActionAid
11, Aug 2020 , 12:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ អង្គការ​តម្លាភាព​កម្ពុ​ជា​(Transparency International Cambodia) និង​អង្គការ​អាក់​សិន​អេ​ត​កម្ពុជា ActionAid ដែល​បានទទួល​ជំនួយ​ហិរញ្ញវត្ថុ ពី​សហភាព​អឺរ៉ុប​(EU) និង​ភ្នាក់ងារ​សហប្រតិបត្តិកា​រ​អន្តរជាតិ​នៃ​ប្រទេស​ស៊ុយអែត​(SIDA) នឹង​ប្រារព្ធ​ពិធី​ចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង​ផ្ដល់ជំនួយ​ហិរញ្ញវត្ថុ ដល់​អង្គការ និង​ស្ថាប័ន​ដៃគូ​ចំនួន​៩ សម្រាប់​ការអនុវត្ត​កម្មវិធី​យុទ្ធសាស្ត្រ​រយៈពេល​បី​ឆ្នាំ ដែល​ចាប់ផ្តើម​ពី​ឆ្នាំ​២០២០​នេះ ដល់​ឆ្នាំ​២០២២​។ ពិធី​នេះ នឹង​ប្រព្រឹត្តទៅ នៅ​ថ្ងៃ​ពុធ ទី​១២ ខែសីហា ឆ្នាំ​២០២០ នៅ​សណ្ឋាគារ​ពូ​លូ​វៃ រាជធានី​ភ្នំពេញ​។​

 
​សារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ (Themythmey.com) ជា​ស្ថាប័ន​ដៃគូ​មួយ​នៅក្នុង​ចំណោម អង្គការ និង​ស្ថាប័ន​ចំនួន​៩ នោះ​។ តាមរយៈ​ភាពជា​ដៃគូ​នេះ សារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ នឹង​បណ្តុះបណ្តាល​ជំនាញ​សារព័ត៌មាន ដល់​យុវជន​ប្រមាណ ២០០​នាក់ នៅ​ខេត្ត​គោលដៅ​ចំនួន ៥ ដោយ​ចាប់ផ្តើម​ពី​ខែកញ្ញា ឆ្នាំ​២០២០ ទៅ​។ នេះ​បើតាម ការបញ្ជាក់​របស់លោក គី សុខ​លីម សហ​ស្ថាបនិក​នៃ​សារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ  និង​ជា​អ្នកគ្រប់គ្រង​គម្រោង​នេះ ដោយ​លោក​បាន​បន្តថា យុវជន​គោលដៅ ដែល​នឹងត្រូវ​ទទួលបាន​ការបណ្តុះ​បណ្តាល​រួមមាន​យុវជន​នៅ​ខេត្តកំពត​,​កំពង់ធំ​,​ពោធិ៍​សាត​, កោះកុង និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ 
 
​លោក គី សុខ​លីម មានប្រសាសន៍​បន្តថា​៖«​ការតស៊ូ​មតិ ឬ​សេរីភាព​ក្នុងការ​បញ្ចេញមតិ គឺ​សំខាន់់​ណាស់​នៅក្នុង​សង្គម​ប្រជាធិបតេយ្យ​។ ប៉ុន្តែ​អ្នកអនុវត្ត​សិទ្ធិ​បញ្ចេញមតិ​ក៏​គួរ​ស្វែង​មូលដ្ឋានគ្រឹះ​នៃ​ច្បាប់​ពាក់ព័ន្ធ​មួយចំនួន​ដែរ​។ ដោយ​ផ្អែកលើ​ចំណុច​នេះ ខ្ញុំ​គិតថា ការបណ្តុះបណ្តាល​អ្នកសារព័ត៌មាន​ប្រជាពលរដ្ឋ គឺជា​រឿង​ចាំបាច់​បំផុត​។ គ្មាន​នរណាម្នាក់​អាច​ក្លាយជា​អ្នកសារព័ត៌មាន​ដោយ​មិន​ឆ្លង​វគ្គ​បណ្តុះបណ្តាល​ឡើយ​។ សារព័ត៌មាន គឺជា​អាជីព​មួយ​ដូច​អាជីព​ដទៃទៀត​ដែរ​»​។​
 
​យោងតាម​សេចក្តី​ជូន​ព័ត៌មាន​រួម រវាង​អង្គការ​តម្លាភាព​កម្ពុជា​, ActionAid, EU និង SIDA មាន​អង្គការ និង​ស្ថាប័ន​ដៃគូ​ចំនួន ៤ របស់​អង្គការ​តម្លាភាព​កម្ពុជា និង​ដៃគូ​ចំនួន​៥ របស់​អង្គការ ActionAid នឹងត្រូវ​ទទួលបាន​ជំនួយ​ហិរញ្ញវត្ថុ សម្រាប់​អនុវត្ត​អនុវត្ត​កម្មវិធី​យុទ្ធសាស្ត្រ​រយៈពេល​បី​ឆ្នាំនេះ​។ 
​ស្ថាប័ន​ទាំងនោះ​រួមមាន ៖ 
 
១. អង្គការ​តម្លាភាព​កម្ពុ​ជា ជាមួយ​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា​(CamboJA)
២. អង្គការ​តម្លាភាព​កម្ពុ​ជា ជាមួយ កាហ្វេ​នយោបាយ​(Politikoffee)
៣. អង្គការ​តម្លាភាព​កម្ពុ​ជា ជាមួយ ស​ម្ព័​ន​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា​(C.CAWDU) 
៤.​អង្គការ​តម្លាភាព​កម្ពុ​ជា ជាមួយ​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា​(FASMEC)
៥. អង្គការ​អាក់​សិន​អេ​ត​កម្ពុជា ជាមួយ​អង្គការ​អភិវឌ្ឍ​ន៍​សំលេង​សហគមន៍ (BCV)
៦.  អង្គការ​អាក់​សិន​អេ​ត​កម្ពុជា ជាមួយ​អង្គការ​ភាពជា​ដៃគូ​សង្គម​ស៊ី​វ៉ី​ល​កម្ពុជា​(CCSP Cambodia)
៧. អង្គការ​អាក់​សិន​អេ​ត​កម្ពុជា ជាមួយ​អង្គការ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​កុមារ និង ស្ត្រី​នៅ​កម្ពុជា ( CWDCC)
៨. អង្គការ​អាក់​សិន​អេ​ត​កម្ពុជា ជាមួយ​ក្រុមប្រឹក្សា​យុវជន​កម្ពុជា​(YCC)
៩. អង្គការ​អាក់​សិន​អេ​ត​កម្ពុជា ជាមួយ​សារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ (Thmeythmey.com) ៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com