អន្តរជាតិ
ករណីផ្ទុះឃ្លាំងគីមីនៅបេរូត បង្ខំឲ្យរដ្ឋាភិបាលលីបង់ទាំងមូលលាលែង នាយករដ្ឋមន្រ្តីលីបង់ លោកHassan Diab (ខាងស្តាំ) ប្រគល់លិខិតការលាចេញពីតំណែងរបស់រដ្ឋាភិបាលឲ្យប្រធានាធិបតី លោក Michel Aoun។ រូបភាព៖ Reuters
× រដ្ឋាភិបាលលីបង់ នៅថ្ងៃទី១០ ខែសីហា បានប្រកាសចុះចេញហើយ បន្ទាប់ពីករណីផ្ទុះសារធាតុគីមីដ៏ធំមួយនៅក្នុងទីក្រុងបេរូត និងចលនាបាតុកម្មរបស់ប្រជាជនរាប់ខែមកនេះ។ ក្រោយការលាលែងនេះ រដ្ឋាភិបាលលីបង់បច្ចុប្បន្ន មានសិទ្ធិត្រឹមតែដឹកនាំប្រទេសសម្រាប់កិច្ចការប្រចាំថ្ងៃប៉ុណ្ណោះ។
ថ្លែងតាមកញ្ចក់ទូរទស្សន៍លីបង់ លោកនាយករដ្ឋមន្ត្រី Hassan Diab បានប្រកាសយ៉ាងដូច្នេះថា៖ «ខ្ញុំសូមប្រកាសថារដ្ឋាភិបាលលីបង់ លាលែងពីតំណែងថ្ងៃនេះ»។ លោកនាយករដ្ឋមន្ត្រី បានបន្ទោសអំពើពុករលួយជាមូលហេតុនាំឲ្យមានការផ្ទុះឃ្លាំងសារធាតុគីមីនៅក្នុងទីក្រុងបេរូត ហើយថា លោកនឹងប្រយុទ្ធប្រឆាំងបញ្ហានេះជាមួយប្រជាជនលីបង់។
ប្រធានាធិបតីលីបង់ លោក Michel Aoun ក៏បានទទួលពាក្យលាលែងពីតំណែងរបស់រដ្ឋាភិបាលលីបង់ដែលបានប្រគល់ដោយផ្ទាល់ដោយលោក Diab។ លោក Aoun បានស្នើសុំឲ្យរដ្ឋាភិបាលមួយនេះ នៅតែបន្តដឹកនាំកិច្ចការប្រចាំថ្ងៃសិន ទម្រាំរដ្ឋាភិបាលថ្មីចូលកាន់តំណែង។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Al Jazeera។
ការលាលែងរបស់រដ្ឋាភិបាលលីបង់ធ្វើឡើង បន្ទាប់ពីបាតុកម្មធំមួយនៅក្នុងទីក្រុង ដែលទាមទារឲ្យរដ្ឋាភិបាលចុះចេញពីតំណែង។ ដោយសារតែមានការប៉ះទង្គិចជាមួយប៉ូលិសបង្ក្រាបបាតុកម្ម មនុស្សចំនួន ៧២៨នាក់ បានរងរបួស ខណៈប៉ូលិសម្នាក់បានស្លាប់បាត់បង់ជីវិត នៅក្នុងបាតុកម្មនេះ។ ការផ្ទុះឃ្លាំងផ្ទុកអាម៉ូញ៉ូមនីត្រា បានដុតបញ្ឆេះកំហឹងបាតុករដែលតវ៉ាជាច្រើនខែមកហើយ។
តាមរយៈរបាយការណ៍មួយ ដែលបានផ្ញើទៅប្រធានាធិបតី និងនាយករដ្ឋមន្ត្រីលីបង់ កាលពីថ្ងៃទី២០ ខែកក្កដា ប្រធានសន្តិសុខជាតិលីបង់ បានព្រមានថា ការទុកសាធាតុអាម៉ូញ៉ូមនីត្រាតនៅកំពង់ផែទីក្រុងបេរូត គឺបង្កគ្រោះថ្នាក់ណាស់ ព្រោះអាចបំផ្លាញទីក្រុង ប្រសិនបើវាផ្ទុះ។ បន្ថែមពីលើនេះ សារធាតុនេះ ក៏គ្រោះថ្នាក់ផងដែរ ប្រសិនបើវាត្រូវគេលួច និងត្រូវបានប្រើប្រាស់ដោយក្រុមភេរវជន យកទៅធ្វើជាគ្រឿងផ្ទុះផ្សេងៗ។ ប៉ុន្តែ គេមិនឃើញមានចំណាត់ការណាមួយឡើយរហូតដល់ថ្ងៃកើតហេតុ។
សូមបញ្ជាក់ថា ការផ្ទុះដ៏ខ្លាំងមួយនៅក្នុងទីក្រុងបេរូត បានបង្កឲ្យមនុស្សស្លាប់យ៉ាងហោចណាស់ ១៦៣នាក់ និងរបួសជាង ៦ពាន់នាក់ ខណៈប្រជាជនជាច្រើនម៉ឺននាក់ បាត់បង់ផ្ទះសម្បែង។ បើតាមការអះអាងរបស់អាជ្ញាធរលីបង់ ការខូចខាតនៅក្នុងទីក្រុង អាចមានរហូតដល់ទៅ១៥ពាន់លានដុល្លារ ឯណោះ។
នៅថ្ងៃទី៩ ខែសីហាកន្លង ក្រោមការដឹកមុខរបស់បារាំង ថវិកាជំនួយជិត៣០០លានដុល្លារ ត្រូវបានសន្យាផ្ដល់ឲ្យលីបង់ដើម្បីស្ដារប្រទេសឡើងវិញ។ ដោយបារម្ភពីបញ្ហាពុករលួយដែលជាមូលហេតុមួយនៃការតវ៉ា ប្រទេសជាម្ចាស់ជំនួយ សន្យាផ្ដល់ជំនួយបន្ទាន់ដល់ប្រជាជនលីបង់ដោយផ្ទាល់៕
© រក្សាសិទ្ធិដោយ thmeythmey.com