ជាតិ
សង្គមជាតិ
រដ្ឋមន្រ្តីមហាផ្ទៃ បញ្ជាឲ្យស៊ើបរឿងអាស្រូវស្នងការខេត្តកំពង់ធំ សម្ដេច ស ខេង ថ្លែងក្នុងពិធីប្រកាសចូលកាន់មុខតំណែងសមាជិកគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម នៅទីស្ដីការក្រសួងមហាផ្ទៃ នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០។
× ភ្នំពេញ៖ សម្ដេច ស ខេង រដ្ឋមន្រី្តក្រសួងមហាផ្ទៃ ចាត់ឲ្យលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក សុខ លូ អភិបាលខេត្តចុះពិនិត្យមើលរឿងអាស្រូវរបស់លោក អ៊ុក កុសល ស្នងការខេត្តកំពង់ធំ។
ក្រោយចាកចេញពីកម្មវិធីប្រកាសចូលកាន់តំណែងសមាជិកគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម បំពាក់ឋានន្តរស័ក្តិ និង បំពាក់គ្រឿងឥស្សរិយយស សម្ដេច ស ខេង ប្រាប់ក្រុមអ្នកកាសែតថា បន្ទាប់ពីទទួលបានព័ត៌មានពាក់ព័ន្ធនឹងការបំពានផ្លូវភេទរបស់ស្នងការខេត្តកំពង់ធំហើយ ទៅលើនគរបាលជានារី សម្តេច ក៏ចាត់ឲ្យលោក នេត សាវឿន និងលោក សុខ លូ ចុះស៊ើបអង្កេត។
សម្ដេចរដ្ឋមន្រ្តី សង្កត់ធ្ងន់ថា៖«ព័ត៌មានជាបឋមទាក់ទងនឹងបញ្ហានេះ មិនមែនរឿងថ្មីទេ រឿងយូរមកហើយ ក៏ប៉ុន្តែអាចមានបញ្ហា ពីព្រោះនៅក្នុងស្នងការដ្ឋានកំពង់ធំគឺវាមានបញ្ហា។ ដូច្នេះ មកដល់ពេលនេះ ខ្ញុំមិនទាន់សម្រេចដោះស្រាយយ៉ាងណានៅឡើយ រង់ចាំក្រុមការងារដើម្បីត្រួតពិនិត្យ»។
ខណៈក្រុមអ្នកសារព័ត៌មានចោទសួរថា តើសម្ដេច មានប្រសាសន៍អ្វី ជូនទៅស្នងការទាំងអស់ ដើម្បីកុំឲ្យមានរឿងអាសូវបែបនេះ? សម្តេច ឆ្លើយថា កន្លងមក សម្តេច ធ្លាប់បានចេញលិខិតព្រមានចាត់វិធានការផ្លូវច្បាប់ និងដកចេញពីតំណែង ទៅលើគ្រប់ស្នងការ បើបានប្រព្រឹត្តខុស។
រដ្ឋមន្រ្តីមហាផ្ទៃ ថ្លែងថា៖«តាមពិតទៅ ខ្ញុំបានធ្វើលិខិតព្រមានម្ដងរួចមកហើយ គ្រប់គ្នាហ្នឹង ហើយខ្ញុំក៏បានសន្យាថា ក្រោយពីការព្រមានហើយ បើមិនកែប្រែ អាហ្នឹង មានតែឈានមួយជំហានទៀត គឺការដកឬការចាត់វិធានការរដ្ឋបាលណាមួយដែលធ្ងន់ជាងនេះ»។ សម្តេច បន្តថា បើរកឃើញថាមន្រី្តណាមួយប្រព្រឹត្តបទល្មើសបំពានផ្លូវភេទ នឹងត្រូវអនុវត្តតាមផ្លូវច្បាប់។
សារព័ត៌មានថ្មីៗ មិនអាចសុំការបកស្រាយពីលោក អ៊ុក កុសល ស្នងការខេត្តកំពង់ធំបានឡើយ ដោយសារលោកមិនលើកទូរស័ព្ទ។
បើតាមលិខិតមួយច្បាប់កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ នគរបាលជានារី៤នាក់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានស្នើសុំសម្តេច ស ខេង ចាត់វិធានការចំពោះលោក អ៊ុក កុសល ពីការបំពានផ្លូវភេទលើពួកនាង និងបានរៀបរាប់អំពើអសីលធម៌របស់លោក អ៊ុក កុសល ជូនទៅសម្តេច ស ខេង៕ © រក្សាសិទ្ធិដោយ thmeythmey.com