កីឡាជាតិ
ជាតិ
អ្នក​ប្រើ Logo និង Mascot ស៊ី​ហ្គេម​ដោយ​គ្មាន​ការអនុញ្ញាត អាច​ប្រឈម​ផ្លូវច្បាប់​
11, Aug 2020 , 3:06 pm        
រូបភាព
Mascot(រូបទស្សាយ) និង Logo កីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣
Mascot(រូបទស្សាយ) និង Logo កីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣
ដោយ:
​បុគ្គល ស្ថាប័ន ឬ​ក្រុមហ៊ុន​ឯកជន​ដែល​ប្រើប្រាស់​និមិត្តសញ្ញា​(Logo)​និង​រូប​តុក្កតា​តំណាង​(Mascot)​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ដោយ​គ្មាន​ការអនុញ្ញាត អាច​ប្រឈមមុខ​នឹង​ផ្លូវច្បាប់​។ ​ប៉ុន្តែបុគ្គល និង​ស្ថាប័ន​ទាំងនោះ អាច​ប្រើប្រាស់ Logo និង Mascot បាន លុះត្រាតែ​មានការអនុញ្ញាតពី​ស្ថាប័ន​ស៊ី​ហ្គេម​​។

 
​សម្តេច ទៀ បាញ់ ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​(CAMSOC)​បានចាត់ទុក​និមិត្តសញ្ញា និង​រូប​តុក្កតា​តំណាង​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ជា​សម្បត្តិ និង​ជា​មរតក​របស់​ជាតិ​។ ការចាត់ទុក​បែបនេះ ធ្វើឡើង​ក្រោយ Logo និង Mascot ត្រូវបាន​ចុះបញ្ជី​ជាមួយ​ក្រសួងពាណិជ្ជកម្ម​។​
 
​ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួងការពារជាតិ​រូបនេះ សង្កត់ធ្ងន់ថា គ្មាន​បុគ្គល ស្ថាប័ន និង​ក្រុមហ៊ុន​ឯកជន​ណា​អាច​យក Logo និង Mascot ទៅប្រើ​ប្រាស់​ដើម្បី​បម្រើ​ផលប្រយោជន៍​ផ្ទាល់ខ្លួន ដោយ​គ្មាន​ការអនុញ្ញាត​បានឡើយ​។ ប៉ុន្តែ​បុគ្គល​និង​ស្ថាប័ន​ទាំងនោះ​អាច​ប្រើប្រាស់ Logo និង Mascot ទាំងនេះ​បាន លុះត្រា​ពួកគេ​សុំ​ការអនុញ្ញាត​ពី​គណៈកម្មាធិការ​ជាតិ CAMSOC ដែលជា​អ្នកទទួលបន្ទុក​លើ​បញ្ហា​នេះ​។ 
 
«​ខ្ញុំ​សូមបញ្ជាក់ថា Logo និង Mascot នេះ​ជា​កម្មសិទ្ធិបញ្ញា​របស់ CAMSOC ដែល​មិនអាច​ជន​ណា បុគ្គល​ណា ក្រុម​ណា ឬ​ក្រុមហ៊ុន​ឯកជន​ណា​យក​ប្រើប្រាស់​គ្មាន​ការអនុញ្ញាត​ពី CAMSOC បានឡើយ​។ ព្រោះ CAMSOC បានស្នើ​ក្រសួងពាណិជ្ជកម្ម​ចុះបញ្ជី​កម្មសិទ្ធិបញ្ញា​រួចហើយ​»​។ សម្តេច ទៀ បាញ់ បញ្ជាក់​ដូច្នេះ​ក្នុង​កម្មវិធី​ប្រកាស​ម្ចាស់​ជ័យលាភី​ក្នុងការ​ប្រកួតប្រជែង​គូ Logo និង Mascot និង​ការរាប់​ថយក្រោយ​នៃ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​។  
 
​ជាមួយគ្នានេះ​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ CAMSOC បានលើកឡើង​ពី​ទោស​ទាន់​ចំពោះ​បុគ្គល ឬ​ក្រុមហ៊ុន​ឯកជន ដែល​រំលោភបំពាន​ក្នុងការ​ប្រើប្រាស់ Logo និង Mascot កីឡា​ស៊ី​ហ្គេម​។ លោក​អះអាងថា បុគ្គល ស្ថាប័ន និង​ក្រុមហ៊ុន​ឯកជន​អាច​ប្រឈមមុខ​ជាមួយ​ផ្លូវច្បាប់ ក្នុងករណី​យក Logo និង Mascot ទៅប្រើ​ប្រាស់​បម្រើ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ដោយ​គ្មាន​ការអនុញ្ញាត​។   
 
​ក្នុង​បទ​សម្ភាស​ជាមួយ​អ្នកសារព័ត៌មាន​លោក វ៉ា​ត់ ចំរើន បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​យើង​បាន​ចុះបញ្ជី Logo និង Mascot ក្នុង​ក្រសួងពាណិជ្ជកម្ម​រួចហើយ គឺ​វា​ជា​កម្មសិទ្ធិបញ្ញា​របស់​ស៊ី​ហ្គេម​យើង​។ បើសិន​មាន​បុគ្គល ឬ​ក្រុមហ៊ុន​នៅតែ​រំលោភបំពាន​លើ​កម្មសិទ្ធិបញ្ញា យើង​ត្រូវ​អនុវត្តតាម​កម្មសិទ្ធិ​បញ្ញា​ដែល​យើង​បាន​ចុះបញ្ជី អា​នឹង​គេ​មានចែង​ក្នុង​សេចក្តីណែនាំ​ស្តីពី​សិទ្ធិ​ត្រឹមណា​ដែល​គេ​អាច​ធ្វើបាន​។ គេ​អាច​មានទោស​ទៅតាម​ច្បាប់​ក្រសួងពាណិជ្ជកម្ម​»​។  
 
​សម្រាប់​លោក វ៉ា​ត់ ចំរើន គ្មាន​បុគ្គល ឬ​ក្រុមហ៊ុន​ឯកជន​ណា​អាច​យក​រូប Logo និង Mascot ទៅធ្វើ​អាជីវកម្ម​ដោយ​គ្មាន​ការចែក​ភាគលាភ​ជាមួយ CAMSOC បានឡើយ​។ លោក​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«Logo និង Mascot ជា​ទ្រព្យសម្បត្តិ​របស់​ស៊ី​ហ្គេម ដូច្នេះ​មិនអាច​យកទៅ​ធ្វើ​ពាណិជ្ជកម្ម​ដោយ​មិន​ចែករំលែក​ភាគលាភ​ឲ្យ​ស៊ី​ហ្គេម​បានទេ​។ ការយក Logo Mascot នឹង​ទៅធ្វើ​ទីផ្សារ ទៅ​ស្វែងរក​ស្ព​ន​ស័​រ និង​លក់​សិទ្ធិ​ទៅ​ឲ្យ​ក្រុមហ៊ុន ដើម្បី​បោះ​លើ​វត្ថុ សម្ភារ​ផ្សេងៗ និង​អាវ​សម្រាប់​លក់​ជាដើម គឺ​ត្រូវមាន​ការសុំ​សិទ្ធិ យើង​មិនអាច​យកទៅ​ប្រើ​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​បានទេ ព្រោះ​វា​ជា​សម្បត្តិ​របស់​ជាតិ​»​។​
 
​ទន្ទឹមនឹងនេះ​សម្តេច ទៀ បាញ់ ជំរុញ​ឲ្យ​គណៈកម្មការ CAMSOC និង​អភិបាល​រាជធានី​ខេត្ត​ប្រើប្រាស់ Logo និង Mascot ដាក់​នៅតាម​ទីសាធារណៈ ដើម្បី​ផ្សព្វផ្សាយ​និង​បំផុសស្មារតី​ប្រជាពលរដ្ឋ​ឲ្យ​មាន​យល់ដឹង​កាន់តែច្បាស់​ពី​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។ សម្តេច​ដាក់​កំហិត​ថា មួយ​រាជធានី​ខេត្ត​ត្រូវមាន​ផ្ទាំង​ប៉ាណូ​បង្ហាញ​ពី Logo និង Mascot កីឡា​ស៊ី​ហ្គេម​មួយ​យ៉ាងតិច​។ 
 
​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​រូបនេះ ក៏បាន​ជំរុញ​ឲ្យ​អភិបាល​រាជធានី​ខេត្ត​ភ្ជាប់​សារ​អប់រំ​ក្នុងការ​ផ្សព្វផ្សាយ​ពី​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​នោះដែរ​។ សារ​អប់រំ​ទាំងនោះ​រួមមាន​ពលរដ្ឋ​ម្នាក់​លេង​កីឡា​១​ប្រភេទ​យ៉ាងតិច​, កម្ពុជា​ស្អាត​និង​បដិសណ្ឋារកិច្ច​ល្អ​, កាត់បន្ថយ​គ្រឿងញៀន និង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ជាដើម​។​
 
​ម្ចាស់​ជ័យលាភី Logo បាន​ទៅលើ​លោក នាង វិសាល ខណៈ​កញ្ញា លី គឹម​អាន កីឡាការិនី​តេ​ក្វាន់​ដូ​ជា​ម្ចាស់​ជ័យលាភី​លើ​ការ​គូ Mascot​។ ក្រៅពី​ប្រាក់រង្វាន់​លើកទឹកចិត្ត​៥​ពាន់​ដុល្លារ CAMSOC បានតែងតាំង​ម្ចាស់​ជ័យលាភី​ទាំងពីរ​ជា​ទូត​សុ​ឆន្ទៈ​ប្រចាំ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​។ សម្រាប់​តំណែង​នេះ ពួកគេ​ទាំងពីរ​មាន​សិទ្ធិ​ចូល​ទស្សនា​គ្រប់ការ​ប្រកួត និង​ចូលរួម​ក្នុង​ពិធី​បើក​-​បិទ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​នៅ​ឆ្នាំ​២០២៣​។ អ្វីដែល​កាន់តែ​ពិសេស​ទៀត​នោះ គឺ​ឈ្មោះ​របស់​ពួកគេ​ទាំងពីរ​ត្រូវបាន​កត់​ក្នុង​បញ្ជី​មរតក SEA Games Legacy​។ 
 
​លោក ថោង ខុន អនុប្រធាន​អចិន្ត្រៃយ៍​នៃ CAMSOC បាន​អះអាងថា មុន​សម្រេច​ជ្រើស​រើសយក Logo និង Mascot ខាងលើ វា​បាន​ឆ្លងកាត់​ការវាយតម្លៃ​យ៉ាង​ល្អិតល្អន់​ពី​កិច្ចប្រជុំ​គណៈកម្មការ​អចិន្ត្រៃយ៍​ជាច្រើនលើក​ច្រើនសារ រហូត​មានការ​ឯកភាពគ្នា​ជ្រើសរើស​ជា​ផ្លូវការ​នៅ​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០២០​។​
 
Logo ស៊ី​ហ្គេម​កម្ពុ​ជាមាន​រូប​ប្រាសាទអង្គរវត្ត​ពណ៌​មាស​នៅ​ផ្នែក​ខាងលើ និង​មាន​រូប​កង​តំណាង​ឲ្យ​ប្រទេស​ក្នុង​តំបន់​អាស៊ាន​នៅ​ខាងក្រោម​រូប​ប្រាសាទអង្គរវត្ត​។ នៅក្រោម​កង​ពណ៌​មាស​មាន​សត្វ​នាគ​ចំនួន​៤(​ពណ៌​បៃតង​, ក្រហម​, ខៀវ​, លឿង​) ដែល​កន្ទុយ​របស់​វា​ព័ន្ធ​ចូលគ្នា  ហើយ​នៅក្រោម​នាគ​ទាំង​៤​មាន​សរសេរ​ពាក្យ The 32nd SEA Games Cambodia 2023 រំលេច​ដោយ​ពណ៌​មាស​។ 
 
​ចំណែក Mascot គឺមាន​រូប​សុភា​ទន្សាយ​ញី​ឈ្មោល​ចំនួន​ពីរ​ក្បាល​។ ក្នុងនោះ​សុភា​ទន្សាយ​ញី​ដែលមាន​ឈ្មោះ រំដួល ស្លៀកខោ​ពណ៌​ក្រហម​ចង​ក្រវាត់​ក្រមា ខណៈ​ដៃ​លើក​សំពះ​ដោយមាន​ចងខ្សែ​នៅ​ដើមដៃ​ទាំងសងខាង​។ ចំណែក​នៅលើ​ក្បាលមាន​ចងក្រមា​ពណ៌​ក្រហម រំលេច​ដោយ​ទង់ជាតិ​កម្ពុជា​នៅ​ចំ​កណ្តាល​។ រីឯ​សុភា​ឈ្មោល​មានឈ្មោះ បុរី ស្លៀកខោ​ពណ៌​ខៀវ​ចង​ក្រវាត់​ក្រមា​នៅ​ចង្កេះ ដៃ​ខាងស្តាំ​កាន់​ភ្លើង​គប់ និង​មាន​ចងក្រមា​ពណ៌​ខៀវ​នៅលើ​ក្បាល មាន​ទង់ជាតិ​កម្ពុជា​នៅ​ចំ​កណ្តាល​។ 
 
​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ព្រឹ​ត្ត​ទៅ​ចន្លោះ​ពីថ្ងៃ​ទី​៥-១៧ ខែឧសភា ឆ្នាំ​២០២៣ ខណៈ​ការប្រកួត​កីឡា​អាស៊ាន​ប៉ា​រា់​ហ្គេម​(ASEAN Para Games)​ធ្វើឡើង​ចាប់ពី​ថ្ងៃទី​១-១០ ខែមិថុនា ឆ្នាំ​២០២៣៕     
 

Tag:
 សម្តេច ទៀ បាញ់​
  វ៉ា​ត់ ចំរើន​
  SEA Games 2023
© រក្សាសិទ្ធិដោយ thmeythmey.com