ជាតិ
ស្នងការខេត្តកែប កណ្តាល ស្ទឹងត្រែង និងព្រៃវែង ឡើងឋានន្តរស័ក្តិផ្កាយពីរ
× ព្រះករុណា ព្រះមហាក្សត្រ បានឡាយព្រះហស្តលេខាលើព្រះរាជក្រឹត្យត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្តិ «ឧត្តមសេនីយ៍ទោ» (ផ្កាយពីរ) ដល់នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខណ្ឌមន្ត្រីនគរបាលជាតិ ចំនួន៤រូប។
តាមព្រះរាជក្រឹត្យចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ ឧត្តមសេនីយ៍ត្រីទាំង៤រូប ដែលឡើងឋានន្តរស័ក្តិ ឧត្តមសេនីយ៍ទោ សុទ្ធសឹងតែមានឋានៈជាស្នងការនគរបាលខេត្ត ក្នុងនោះរួមមាន លោក សម្បត្តិ សុធារដ្ឋ ស្នងការខេត្តកែប លោក ឈឿន សុចិត្ត ស្នងការខេត្តកណ្តាល លោក អូត ស៊ីវុត្ថា ស្នងការខេត្តស្ទឹងត្រែង និងលោក ព្រុំ សន្ធរ ស្នងការខេត្តព្រៃវែង។
កាលពីដើមខែមិថុនា លោក សម្បត្តិ អតីតស្នងការរងទទួលផែនអត្តសញ្ញាណកម្ម នៃស្នងការដ្ឋាននគរបាលខេត្តកំពត ឡើងជាស្នងការ នគរបាលខេត្តកែប ជំនួសលោក បែន តារា ដែលត្រូវតែងតាំងជាអនុប្រធាននាយកដ្ឋានកណ្តាល នគរបាលព្រំដែន។
លោក ឈឿន សុចិត្ត ឡើងពីស្នងការរង ទៅជាស្នងការខេត្តកណ្តាល កាលពីខែមករា ដោយជំនួសតំណែងលោក អ៊ាវ ចំរើន ដែលត្រូវបានផ្ទេរភារកិច្ចទៅកាន់តួនាទីជានាយករងមន្ទីរប្រឆាំងគ្រឿងញៀន។
លោក អូត ស៊ីវុត្ថា ដែលពីមុនជាស្នងការរង ត្រូវបានតែងតាំងជាស្នងការខេត្តស្ទឹងត្រែង ជំនួសលោក ម៉ៅ តារា កាលពីខែកុម្ភៈ ឆ្នាំ២០២០។ ព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យនៅថ្ងៃទី១៣ ខែកុម្ភៈ ដាក់លោក ម៉ៅ តារា ឲ្យចូលនិវត្ត តាមសំណើរបស់នាយករដ្ឋមន្ត្រី។
កាលពីដើមខែកុម្ភៈ លោក ព្រុំ សន្ធរ បានឡើងពីស្នងការរងរាជធានីភ្នំពេញ ទៅជាស្នងការខេត្តព្រៃវែងជំនួសលោក ស្រេង ជា ដែលត្រូវបានក្រសួងមហាផ្ទៃ ដាក់ឲ្យចូលនិវត្តន៍៕
© រក្សាសិទ្ធិដោយ thmeythmey.com