ជាតិ
ក្បួនសឹក​ស៊ុន អ៊ូ និង​ការប្រកួតប្រជែង​ឥទ្ធិពល​របស់​មហាអំណាច​នៅ​អាស៊ី​ប៉ាស៊ីហ្វិក​
11, Aug 2020 , 9:29 pm        
រូបភាព
ក្បួននាវាចម្បាំងអាមេរិកនៅមហាសមុទ្រប៉ាស៊ីហ្វិក។ រូបភាព AFP
ក្បួននាវាចម្បាំងអាមេរិកនៅមហាសមុទ្រប៉ាស៊ីហ្វិក។ រូបភាព AFP
​ដោយ​៖ ពេជ្រ ចន្ទ្រា 
​ក្បួនសឹក ស៊ុន អ៊ូ មាន​ប្រវត្តិ ២៥០០​ឆ្នាំ​មកហើយ តែ​ក្បួន​នេះ​នៅមាន​តម្លៃ​សម្រាប់​ការសិក្សា និង​ពិចារណា​ក្នុង​យុទ្ធសាស្ត្រ​សង្គ្រាម​សម័យ​ទំនើប​។  ស៊ុន អ៊ូ លើកឡើងថា «​ក្បួនសឹក មាន​សារសំខាន់​ណាស់​។ វា​ជា​បញ្ហា​ស្លាប់​រស់​ដែលជា​ផ្លូវ​ទៅរក​ភាពសុខសាន្ត ឬ​មហន្តរាយ​របស់​ប្រទេសជាតិ​»​។​

 
​ក្នុង​ប្រវត្តិ​មនុស្សជាតិ ពី​បុរាណកាល​មក ការធ្លាក់ចុះ​នៃ​មហាអំណាច​ចាស់ ហើយ​មហាអំណាច​ថ្មី​រះ​ឡើងជា​រឿង​ធម្មតា តែ​ការធ្លាក់​ចុះថមថយ​ឥទ្ធិពល​របស់​មហាអំណាច​ចាស់​មិនមែនជា​រឿង​មួយ​ពព្រិច​ភ្នែក​ទេ ហើយ​មហាអំណាច​ថ្មី​រះ​ឡើង​ក៏​មិនមែនជា​រឿង​មួយថ្ងៃ​ពីរ​ថ្ងៃ​ដែរ​។ ទាំងសងខាង សុទ្ធតែ​ប្រើ​យុទ្ធសាស្ត្រ ធនធាន និង​កម្លាំង ដើម្បី​រក្សា ឬ​ឈានទៅរក​ភាពជា​កំពូល​មហាអំណាច​។ ដោយឡែក នាពេល​បច្ចុប្បន្ននេះ ការ​ប្រជែង​ឥទ្ធិពល​របស់​ពួក​មហាអំណាច​រួមមាន​អាមេរិក​និង​ស​ម្ព័​ន​មិត្ត ជាមួយ​ប្រទេស​ចិន​ដែលជា​មហាអំណាច​ទើប​រះ​ថ្មី រឹតតែ​បង្ហាញ​ឲ្យ​ឃើញ​កាន់តែច្បាស់​ឡើង តាមរយៈ​ការ​រ​បង្ហាញ​កម្លាំង​ដាក់គ្នា​នៅ​តំបន់​សមុទ្រ​ចិន​ខាងត្បូង​។ 
 
​ស៊ុន អ៊ូ ឲ្យ​តម្លៃ​ខ្លាំង​លើ​ការ​ឈ្នះ​សង្គ្រាម​ដោយ​មិនបាច់​ច្បាំង ដែល​ស្របទៅនឹង​អ្វីដែល​អាមេរិក​ចង់បាន នោះ​គឺ​ការ​ឈ្នះ​ការ​ប្រជែង​អំណាច​នេះ ដោយ​មិនបាច់​ធ្វើសង្គ្រាម​។ ជាក់ស្ដែង អាមេរិក គ្មាន​ផលប្រយោជន៍ ឬ​ភាពចាំបាច់​ក្នុងការ​ច្បាំង​ដោយផ្ទាល់​ជាមួយនឹង​ចិន​នោះទេ លើកលែងតែ​ចិន​គំរាម​ដល់​សន្តិសុខ​ជាតិ​អាមេរិក​ខ្លាំង​ដូច​ករណី​ជប៉ុន​វាយប្រហារ​មូលដ្ឋានទ័ព​អាមេរិក​នៅ Pearl Harbor ក្នុងសម័យ​សង្គ្រាមលោក​លើក​ទី​២ ។ តែ​ចិន​ទំនងជា​មិន​ប្រថុយ​នោះទេ ព្រោះ ស៊ុន អ៊ូ ដែលជា​ដូនតា​របស់ខ្លួន​លើកឡើងថា “​បើ​គ្មាន​ប្រយោជន៍​កុំ​ចេញ​ច្បាំង បើ​ទ័ព​មិន​ខ្លាំង​កុំ​ធ្វើសង្គ្រាម​” ហើយ​ជាក់ស្ដែង​កំលាំង​ទ័ព​របស់​ចិន​នៅពេលនេះ ក៏​មិនមែនជា​ដៃគូ​របស់​អាមេរិក​នោះទេ ស្រប​ពេលដែល​ខ្លួន​មាន​សត្រូវ​ជុំ​ទិស​ទាំង​ក្នុង ទាំង​ក្រៅ​ថែម​ទៀតផង​។ ថ្នាក់ដឹកនាំ​ចិន មិនអាច​បដិសេធ​បានទេ​ថា​កងទ័ព​អាមេរិក ក្រៅតែពី​មាន​កញ្ចប់​ថវិកា​យោធា​ច្រើនជាង​ខ្លួន​ជិត​បី​ដង កម្លាំងយោធា​ខ្លាំង ស​ម្ព័​ន្ធ​មិត្ត​ច្រើន មូលដ្ឋានទ័ព​មាន​ស្ទើរ​គ្រប់​ទីកន្លែង​ពាសពេញ​ពិភពលោក ថែមទាំង​មានបទពិសោធ​ធ្វើសង្គ្រាម​ជាក់ស្ដែង​ដែល​កងទ័ព​រំដោះប្រជាជន​ចិន​ពិបាក​ប្រៀបធៀប​។ 
 
​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​នេះ ជា​ឱកាស​មួយ​ដ៏​ល្អ​សម្រាប់​អាមេរិក បង្កើន​ឥទ្ធិពល​របស់ខ្លួន​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ព្រោះ​បណ្ដា​ប្រទេស​ពាក់ព័ន្ធ​ក្នុង​ជម្លោះ​ជាមួយ​ចិន​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​នេះ រួមមាន​វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី និង​ឥណ្ឌូណេស៊ី​ជាដើម គ្មាន​លទ្ធភាព​គ្រប់គ្រាន់​ទៅ​តតាំង​ជាមួយ​មហា​យក្ស​ចិន​ដែល​កំពុង​ត្រដែត​ឡើង​ទាំង​វិស័យ​យោធា និង​សេដ្ឋកិច្ច ដែល​នេះ​ជា​លក្ខខណ្ឌ​តម្រូវ​ឲ្យ​បណ្ដា​ប្រទេស​ទាំងនេះ ត្រូវការ​វត្តមាន​អាមេរិក​ជា​ចាំបាច់ ដើម្បី​មាន​ទឹកមាត់ប្រៃ​គ្រប់គ្រាន់​ក្នុងការ​ចរចា​ជាមួយ​ចិន​។ 
 
​ថ្មីៗ​នេះ អាមេរិក​បា​នប​ញ្ចូ​ន​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​ពីរ​គ្រឿង ទៅ​ដើម្បី​ធ្វើ​សមយុទ្ធ​យោធា​នៅ​តំបន់​ជម្លោះ ដែលជា​សារ​មួយ​បញ្ជាក់ប្រាប់​ចិន​យ៉ាងច្បាស់​ថា អាមេរិក នឹងមិន​ទុក​ឲ្យ​ចិន​ធ្វើ​អ្វី​តាមតែ​អំពើរ​ចិត្ត​នោះទេ ហើយ​អាស៊ី​ប៉ាស៊ីហ្វិក​នៅតែ​ជា​ដែន​ឥទ្ធិពល​របស់ខ្លួន​។ នៅ​ជ្រុង​ម្ខាង​ទៀត អាមេរិក​បាន​ខិតខំ​យកចិត្តទុកដាក់​ក្នុងការ​ពង្រឹងសមត្ថភាព​យោធា នៅតាម​បណ្ដា​ប្រទេស​ជាប់​ជម្លោះ ឬ​ប្រទេសជិតខាង​របស់​ចិន ក្នុង​គោលបំណង​ដើម្បី​ដាក់​សម្ពាធ​បន្ថែម​លើ​ទីក្រុង​ប៉េកាំង​ដូចជា​ការលក់​អាវុធ​ឲ្យ​ជប៉ុន តៃវ៉ាន់ ឥណ្ឌា ឬ ឥណ្ឌូនេស៊ី  ដូច​តម្រា​ពិជ័យសង្គ្រាម​ពន្យល់ថា ត្រូវ​ចង​ស​ម្ព័​ន​្ធមិត្ត​ទល់នឹង​សត្រូវ​រួម​។ តែ​ស៊ុន អ៊ូ​ក៏បាន​បញ្ជាក់ដែរថា «​យើង​មិនអាច​ចូលរួម​ក្នុង​សម្ព័ន្ធមិត្ត​បានទេ លុះត្រា​ណា​តែ​យើង​ស្គាល់​សម្ព័ន្ធមិត្ត​ច្បាស់​ជាមុនសិន​»​។ ក្នុងន័យនេះ អាមេរិក​ដឹង​ច្បាស់​ណាស់​ថា​ប្រទេស​ទាំងនេះ ត្រូវការ​ខ្លួន​ជា​បង្អែក ដើម្បី​ទប់ទល់​ចិន តែបើ​មាន​ថ្ងៃ​ណាមួយ​ចិន​ចុះខ្សោយ ប្រទេស​ទាំងនេះ អាច​នឹង​រុញ​អាមេរិក​ចេញ ឬក៏​អាច​ក្លាយជា​គូប្រជែង​នឹង​អាមេរិក​វិញ​ផង​ក៏​មិនដឹង ដូចជា​ករណី​ជប៉ុន នៅ​ទសវត្សរ៍​ឆ្នាំ​៩០ ដែល​ស្ទើរតែ​ក្លាយជា​មហាអំណាច​សេដ្ឋកិច្ច​ទីមួយ​លើ​លោក​ទៅហើយ ប្រសិនបើ​គ្មាន​វិបត្តិ​ហិរញ្ញវត្ថុ​អាស៊ី​ឆ្នាំ​១៩៩៧​ទេនោះ​។ ឯ​ករណី​វៀតណាម​វិញ អាមេរិក​អាច​ត្រូវរ៉ូវ​ជាមួយ​ប្រទេស​នេះ​បាន​ក្នុង​ពេលនេះ តែ​ប្រវត្តិ​សង្គ្រាម​វៀតណាម នៅតែ​ជាការ​ចងចាំ​មួយ​សម្រាប់​អាមេរិក​។  ដូច្នេះ ប្រសិនបើ​ត្រូវ​សាក​កម្លាំង​ជាមួយ​ចិន​មែន មហាអំណាច​មួយ​នេះ នឹង​ប្រមែរ​ប្រមូល​ប្រទេស​ទាំងនេះ​ចូលរួម​តទល់​ជាមួយ​ចិន ដែល​អាចធ្វើ​ឲ្យ​អាមេរិក​មានប្រៀប​លើ​យុទ្ធសាស្ត្រ និង​ចំណេញ​ក្នុង​បញ្ហា​ភូមិសាស្ត្រ​នយោបាយ​ថែមទៀត​ផ​ង​។ ដោយឡែក អាមេរិកខ្លួនឯងក៏កំពុងមានបញ្ហាផ្ទៃក្នុងដែលត្រូវដោះស្រាយដូចជា ការរាតត្បានៃមេរោគកូវីដ ១៩ និងបញ្ហារើសអើងពូជសាសន៍ផង។ ដូច្នេះ គេ​អាច​សន្និដ្ឋានបានថា អាមេរិក​គ្មាន​គោលដៅ​វាយប្រហារ​ចិន​នោះទេ គ្រាន់តែ​ចង់​សង្កត់​ចិន​ឲ្យ​ជាប់ និង​ធ្វើ​ឲ្យ​ចិន​ថមថយ​ឥទ្ធិពល​របស់​ខ្លួន​ប៉ុណ្ណោះ​។  
 
​និយាយ​ដល់​ប្រទេស​ចិន​វិញ នាពេល​បច្ចុប្បន្ន ដ្បិត​ថា​មាន​ទំហំ​សេដ្ឋកិច្ច​ធំ និង​មាន​កម្លាំង​យោធា​ខ្លាំង តែ​នៅតែ​មិនមែនជា​ដៃគូ​ដែល​អាច​ប្រឈមមុខ​ដោយផ្ទាល់​ជាមួយ​អាមេរិក​បានឡើយ​។ ដូច្នេះ​ថ្នាក់ដឹកនាំ​បក្ស​កុម្មុយនីស្ត​ចិន​ដឹង​ច្បាស់​ណាស់​ថា យុទ្ធសាស្ត្រ​ល្អ​បំផុត​នោះ​គឺ ចៀសវាង​ចំណុចខ្លាំង តែ​វាយលុក​ចំណុចខ្សោយ​របស់​សត្រូវ ដែល​មានចែង​ក្នុង​ជំពូក​ទី​៦ ក្នុង​សៀវភៅ​ក្បួនសឹក​។ ក្នុងន័យនេះ បើ​គ្មាន​ការចាំបាច់ ចិន​ត្រូវ​ចៀសវាង​សង្គ្រាម​ជាមួយ​អាមេរិក និង​សម្ព័ន្ធមិត្ត ព្រោះ​មហា​យក្ស​អាស៊ី​មួយ​នេះ ត្រូវការ​ពេលវេលា​បន្ថែមទៀត ដើម្បី​ពង្រីក​កំលាំង​របស់ខ្លួន​ទាំង​សេដ្ឋកិច្ច និង​យោធា​ដើម្បី​ឈានទៅរក​ភាពជា​មហាអំណាច​ទី​១ លើ​លោក​។ ចំពោះ​ចិន សង្គ្រាម​នឹង​នាំមក​នូវ​បញ្ហា​ជាច្រើន​ដែល​រាំងស្ទះ​ដល់ ដំណើរ​ឈានទៅរក​ភាពជា​កំពូល​មហាអំណាច​ដែលជា​មហិច្ឆតា​របស់រ​ដ្ឋា​ភិ​បាល​ក្រុង​ប៉េកាំង​។ ក្នុងពេល​ជាមួយគ្នា ចិន​ព្យាយាម​វាយបក​ទៅ​អាមេរិក​រឿង​សមត្ថភាព​គ្រប់គ្រង​ការរីក​រាលដាល​ជំងឺឆ្លង កូ​វីដ​-១៩ ហើយ​ឆ្លៀតពេល​បង្អួត​សក្តានុពល​សេដ្ឋកិច្ច​ខ្លួន និង​ទីផ្សារ​ធំ​ទូលាយ​ដែល​អាច​ឲ្យ​ស​ម្ព័​ន្ធ​មិ​ត្ដរបស់​អាមេរិក​មួយចំនួន​ពិចារណា ហើយ​សង្កត់​ស​ម្ព័​ន​្ធមិ​ត្ដរបស់​អាមេរិក​ណា​ដែល​ហ៊ាន​ពើងទ្រូង​ដាក់ខ្លួន​ដូចជា​អូស្ដ្រាលី​ជាដើម​។ 

 ចំពោះ​បញ្ហា​យោធា ចិន​ខិតខំ​យ៉ាងខ្លាំង ដើម្បី​ធ្វើ​ទំនើបកម្ម​កងទ័ព​រប​ស់​ខ្លួន​។ ជា​ឧទាហរណ៍ ការកសាង​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែ ដែល​សព្វថ្ងៃ​ចិន​មានតែ​ពីរ​គ្រឿង ស្រប​ពេលដែល​អាមេរិក​មាន​ដល់​ទៅ​១១ គ្រឿង នេះ​នៅ​មិនទាន់​ប្រៀបធៀប​បទពិសោធ​ន៍ស​ង្គ្រា​ម​ដែល​នា​រិ​កលើ​នាវា​ទាំងនេះ​មាន​ផង​។ សូម​កុំភ្លេចថា ការកសាង​នាវា​យក្ស​ប្រភេទ​នេះ ត្រូវការ​ធនធាន​ច្រើន ពេលវេលា​យូរ និង​បច្ចេកទេស​ខ្ពស់​ណាស់ ហើយ​រឿង​ដែល​រឹតតែ​សំខាន់​ទៀត​នោះ ការ​ចុះចត​យន្តហោះ​លើ​នាវា មិន​ងាយស្រួល​ដូច​ការ​ចុះចត​យន្តហោះ​លើ​ផ្ទៃដី​នោះទេ ដែល​ទាមទារ​ឲ្យ​ប្រទេស​អាស៊ី​មួយ​នេះ ត្រូវការ​ពេលវេលា​ហ្វឹកហាត់​ច្រើនណាស់​។ ម្យ៉ាងវិញទៀត នាវា​ផ្ទុក​យន្តហោះ​ចំបាំង មិនអាច​ធ្វើ​ប្រ​តិ​ប​តិ្ត​ការ​តែ​ឯកឯង​នោះទេ។ ផ្ទុយទៅវិញ ប្រ​តិ​ប​តិ្ត​ការ​របស់​នាវា​ប្រភេទ​នេះ ត្រូវធ្វើ​ឡើងជា​ក្រុម​ដែល​គេ​ឲ្យ​ឈ្មោះថា Carrier strike group ដែល​តម្រូវ​ឲ្យ​មាន​ភាពស៊ីចង្វាក់​គ្នា​ពេល​ប្រយុទ្ធ​លើ​ផ្ទៃ​ទឹក​ទាំង​យុទ្ធសាស្ត្រ​វាយលុក និង​ការពារ​។ 

​​ដោយឡែក ប្រទេស​ចិន​ទៀតសោត ពោរពេញ​ទៅដោយ​បញ្ហា​ទាំង​ខាងក្នុង និង​ខាងក្រៅ​ដែល​តម្រូវ​ឲ្យ​ប្រទេស​មហាអំណាច​មួយ​នេះ ចាយ​ពេល​យូរ​ទៀត​ដើម្បី​ដោះស្រាយ ។ បញ្ហា​ខាងក្នុង​រួមមាន បញ្ហា​នៅ​ហុងកុង ឯករាជ្យភាព​នៅ​កោះ​តៃវ៉ាន់ បញ្ហា​ទី​បេ ឬ​ជនជាតិ Uyghur នៅ​ខេត្ត Xinjiang ជាដើម តែ​បញ្ហា​ដ៏​ធំ​មួយទៀត​របស់​ប្រទេស​ចិន នោះ​គឺ​អំពើពុករលួយ​ក្នុងចំណោម​កម្មាភិបាលរ​បស់​បក្ស​កុម្មុយនីស្ត​ចិន​។ បើ​និយាយ​ពី​បញ្ហា​ខាងក្រៅ​វិញ ចិន​ត្រូវ​ដោះស្រាយ​ទំនាស់​ជាមួយ​ជប៉ុន​នៅ​សមុទ្រ​ចិន​ខាងកើត ស្រប​ពេលដែល​ខ្លួន​មាន​បញ្ហា​ជាមួយ​ប្រទេស​អាស៊ាន​មួយចំនួន​នៅ​សមុទ្រ​ចិន​ខាងត្បូង ហើយ​នេះ​មិនទាន់​រាប់ទាំង​បញ្ហា​ព្រំដែន​ជាមួយ​ឥណ្ឌា ព្រមទាំង​ប្រភព​ចម្លងជំងឺ  កូ​វីដ -១៩ ទៀត ដែល​ពិភពលោក​កំពុង​ចាប់អារម្មណ៍ រួមទាំង​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក និង​ទំនាស់​ជាមួយ​អូស្ដ្រាលី​។ បញ្ហា​ច្រើន​កន្លែង​បែបនេះ តម្រូវ​ឲ្យ​ចិន​ត្រូវ​ពង្រឹង​ខ្លួន​សព្វកន្លែង ហើយ​នេះ​ជា​ត្រណម​ធំ​បំផុត​របស់​អ្នកធ្វើ​សឹក​ដែល​ស៊ុន អ៊ូ​លើកឡើង ព្រោះ​បើ​ប្រទេស​ចិន ពង្រឹង​ខ្លួន​គ្រប់​ចំណុច​នៃ​ជម្លោះ នោះ​នឹង​នាំ​ឲ្យ​ប្រទេស​ចិន​ខ្សោយ​គ្រប់កន្លែង​ដែល​អាច​ឲ្យ​សត្រូវ​ផ្ដួល​ចិន​បាន​គ្រប់​សមរភូមិ​ប្រយុទ្ធ​។ ត្រង់ចំណុច​នេះ ស៊ុន អ៊ូ បញ្ជាក់ថា​៖ «​បើ​សត្រូវ​ពង្រឹង​ផ្នែក​ខាងស្ដាំ នឹង​ចុះខ្សោយ​ផ្នែក​ខាងឆ្វេង​។ បើ​ពង្រឹង​ផ្នែក​ខាងឆ្វេង នោះ​នឹង​ចុះខ្សោយ​ផ្នែក​ខាងស្ដាំ​។ បើ​ពង្រឹង​ផ្នែក​ខាងមុខ នោះ​នឹង​ចុះខ្សោយ​ផ្នែក​ខាងក្រោយ​។ បើ​ពង្រឹង​ផ្នែក​ខាងក្រោយ នោះ​នឹង​ចុះខ្សោយ​ផ្នែក​ខាងមុខ​។ ប្រសិនបើ​ពង្រឹង កម្លាំង​នៅ​គ្រប់​ទីកន្លែង នោះ​វា​នឹង​ចុះ​ខ្សោយ​នៅ​គ្រប់​ទីកន្លែង​។ 
 
​និយាយ​ដល់​ស​ម្ព័​ន្ធ​មិ​ត្ដរបស់​ចិន​វិញ គេ​ទំនង​អាច​រាប់ រុស្ស៊ី អ៊ីរ៉ង់ ឬ​កូរ៉េខាងជើង តែ​គួរ​ឲ្យ​ស្ដាយ​ណាស់​ដែល​មិនដឹង​ថាស​ម្ព័​ន្ធ​មិ​ត្ដ​នេះ អាចជួយ​ចិន​បាន​ច្រើន​ប៉ុណ្ណា​ទេ  ដ្បិតថា​រុស្ស៊ី​ខ្លួនឯង​កំពុង​ត្រូវ​អឺរ៉ុប​សង្កត់ក​ជាប់​ដែរ ជាពិសេស NATO កំពុង​ឡោមព័ទ្ធ​។ និយាយ​ពី​អ៊ីរ៉ង់ ត្រូវ​ស​ម្ព័​ន​្ធមិ​ត្ដ​អាមេរិក នៅ​តំបន់​អារ៉ាប់ រួមទាំង​អ៊ីស្រាអែល​ផង​ឃ្លាំមើល​ជាប់​។  ឯ​កូរ៉េខាងជើង​វិញ​កំពុង​រួមរឹត​ដោយ​រង​ទណ្ឌកម្មសេដ្ឋកិច្ច​អស់​ជាច្រើន​ឆ្នាំ ប្រជាជន​កំពុង​រង​ទុក្ខ ទោះ​លោក គីម ជុង​អ៊ុន មាន​ទឹកចិត្ត តែ​ខ្វះ​លទ្ធភាព​ក៏​អត់​ប្រយោជន៍​ដែរ​។ ទោះជា​យ៉ាងណា​ចិន​មាន​ចំណុច​គួរ​ឲ្យ​សរសើរ​លើ​ការប្រើប្រាស់​ចារកិច្ច​ឈ្លបយកការណ៍​សម្ងាត់ ដែល​ធ្វើ​ឲ្យ​អាមេរិក និង​អឺរ៉ុប​ឈឺក្បាល​មិនតិច​ដែរ​។ នៅ​ចំណុច​ចុងក្រោយ​នៃ​ក្បួនសឹក លោក​មេទ័ព ស៊ុន បែងចែក​ចារកិច្ច​នេះ​ជា​៥​ប្រភេទ​រួមមាន​៖ ចារកិច្ច​ក្នុងស្រុក (Local spies) ចារកិច្ច​ផ្ទៃក្នុង (inward spies) ចារកិច្ច​របស់​សត្រូវ (converted spies) ល្បិច​បំភាន់​ភ្នែក (doomed spies) និង​ចារកិច្ច​យកការណ៍​ពី​ជំរំ​ទ័ព​សត្រូវ (surviving spies)​។ តាមរយៈ​ចារកិច្ច​ទាំងនេះ ចិន​អាចយ​កបាន​មិនតិច​ទេ នូវ​ព័ត៌មាន​សំខាន់ៗ ជាច្រើន ជាពិសេស​គឺ​ព័ត៌មាន​បច្ចេកវិទ្យា​ទាំង​យោធា និង​ស៊ីវិល​។ 
 
​ឥឡូវនេះ​គួរ​បញ្ចប់​ការបរិយាយ​ពី​ពួក​មហាអំណាច ហើយ​និយាយ​ពី​កម្ពុជា​ក្នុង​បរិបទ​នៃ​ការ​ប្រជែង​អំណាច​នេះ​វិញ​ម្ដង ដ្បិតថា ការ​ប្រជែង​គ្នា​រវាង​ពពួក​មហាអំណាច​នេះ​មាន​ឥទ្ធិពល​ខ្លាំង​លើ​បញ្ហា​ភូមិសាស្ត្រ​នយោបាយ​តំបន់ និង​ពិភពលោក​។ តើ​កម្ពុជា​គួរ​ជ្រើសរើស​ផ្លូវ​បែបណា​?  ចំពោះ​អ្នក​ប្រាកដនិយម ក្នុង​ទំនាក់ទំនង​អន្តរជាតិ ផ្លូវ​ណាក៏ដោយ​ឲ្យ​តែ​អាច​ឲ្យ​កម្ពុជា​ទទួលបាន​ផលប្រយោជន៍ រាស្ត្រ​បាន​សុខ នោះ​គឺជា​ផ្លូវ​ត្រឹមត្រូវ ។ ក្នុង​បរិបទ​នេះ កម្ពុជា​ដែលជា​ប្រទេស​តូច គួរ​នៅ​ឲ្យ​ស្ងៀម សម្ងំ​កសាង​សង្គម​របស់ខ្លួន ទាំង​សេដ្ឋកិច្ច ធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ​ជាដើម​-​ល​- ដើម្បី​ចាប់យក​ឱកាស​ក្រោយ​ស្ងប់​ព្យុះភ្លៀង​។ ពេលនេះ មិនមែនជា​ពេលដែល​កម្ពុជា​ត្រូវយក​មុខមាត់​ក្នុងការ​ប្រជែង​អំណាច​នេះ​ទេ​។ ប្រទេស​យើង​គួរប្រកាន់​នយោបាយ​អព្យាក្រឹត​ពិតប្រាកដ មិនមែន​អព្យាក្រឹត​ស្និទ្ធ​កុម្មុយនីស្ត​នោះទេ​។ ប្រទេស​ណា​ក៏​ជា​មិត្ត​របស់​កម្ពុជា​។ យើង​គួរ​ប្រយ័ត្ន​ចំពោះ​នយោបាយ​ការបរទេស​របស់ខ្លួន​។ បើ​ផ្អៀង​ទៅ​តែ​ម្ខាង ក្នុងនាម​ជា​ប្រទេស​តូច កម្ពុជា​អាច​នឹង​ក្លាយជា​កូនអុក​របស់​មហាអំណាច ជាក់​ជាមិនខាន​។ ដូច​យើង​ធ្លាប់​ដឹង​មកហើយ​ថា នយោបាយ​អព្យាក្រឹត​ស្និទ្ធ​កុម្មុយនីស្ត​ក្នុងសម័យ​សង្គ្រាមត្រជាក់​បាន​នាំមក​នូវ​ភាព​វិនាស​អន្តរាយ​ដល់​កម្ពុជា និង​បន្សល់ទុក​នូវ​ផលវិបាក​យ៉ាងច្រើន​រហូតមក​ដល់ពេល​បច្ចុប្បន្ននេះ​។
​ជា​ចុងក្រោយ សូម​មិត្ត​អ្នកអាន​ដែលជា​ជនរួមជាតិ ទទួល​បានតែ​សេចក្ដីសុខ​គ្រប់ប្រការ​៕
 
​ពេជ្រ ចន្ទ្រា បច្ចុប្បន្ន​ជា​និស្សិត​យោធា​នៃ​បណ្ឌិតសភាយោធា​កងទ័ព​ជើង​ទឹក​អាមេរិក​
 

© រក្សាសិទ្ធិដោយ thmeythmey.com