កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldinho និងបងប្រុស អាចត្រូវដោះលែងវិញ នៅថ្ងៃទី២៤ សីហា
× វីរបុរសប្រេស៊ីល Ronaldinho អាចនឹងត្រូវបានដោះលែងវិញនៅថ្ងៃទី២៤ ខែសីហាខាងមុខនេះ បន្ទាប់ពីឃុំខ្លួនរយៈពេល៥ខែ នៅក្នុងប្រទេសប៉ារ៉ាហ្គាយ ជុំវិញការប្រើលិខិតឆ្លងដែនក្លែងក្លាយ។ នេះបើតាមប្រភពគួរឲ្យទុកចិត្តបានប្រាប់ AFP នៅថ្ងៃទី១០ ខែសីហា។
អតីតខ្សែបម្រើឆ្នើមក្រុម Barcelona, AC Milan និង Paris Saint-Germain រូបនេះ ត្រូវជាប់ឃុំខ្លួនជាមួយបងប្រុសរបស់ខ្លួនលោក Roberto de Assis Moreira កាលពីថ្ងៃទី៦ ខែមីនាដោយរងការចោទប្រកាន់ថា បានចូលប្រទេសប៉ារ៉ាហ្គាយដោយកាន់លិខិតឆ្លងដែនក្លែងក្លាយ។
ប៉ូលិសប៉ារ៉ាហ្គាយ បានទៅចាប់ Ronaldinho និងបងប្រុសដល់សណ្ឋាគារមួយកន្លែងកាលពីថ្ងៃទី៤ ខែមីនា បន្ទាប់ពីត្រូវបានគេជូនដំណឹងថា ឯកសាររបស់អតីសមាជិកក្រុមជម្រើសជាតិប្រេស៊ីលរូបនេះត្រូវបានរកឃើញថាមានបញ្ហា។
ក្រោយអ្នកទាំងពីរ ជាប់ពន្ធនាគាររយៈពេលជាង១ខែ ដើម្បីរង់ចាំការជំនុំជម្រះលើបទចោទប្រើប្រាស់លិខិតឆ្លងដែនមិនពិតនេះ មេធាវីបានបង់ប្រាក់ធានាចំនួន ១,៦ លានដុល្លារ សម្រាប់ឲ្យពួកគេបានចេញពីទីឃុំឃាំង ដើម្បីអាទៅឃុំខ្លួនក្នុងសណ្ឋាគារនៅកណ្តាលក្រុង Asuncion វិញ។
បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ដែលទទួលបានពីប្រភពគួរទុកចិត្តនោះ ថាលោកចៅក្រម Gustavo Amarilla បានកំណត់កាលបរិច្ឆេទនៅថ្ងៃទី២៤ ខែសីហា ដើម្បីបើកសវនាការលើរឿងក្តីរបស់បងប្អូនប្រុសទាំងពីរ។
រដ្ឋអាជ្ញាបានដាក់សំណើទៅចៅក្រមដោយឲ្យ Ronaldinho បង់ប្រាក់ពិន័យចំនួន ៩ម៉ឺនដុល្លារអាមេរិកជុំវិញករណីបន្លំខាងលើនេះ ហើយអនុញ្ញាតឲ្យម្ចាស់ពាន Ballon d'Or ឆ្នាំ២០០៥ នេះ វិលត្រឡប់ទៅប្រេស៊ីលវិញ ប៉ុន្តែត្រូវបង្ហាញខ្លួននៅចំពោះមុខចៅក្រមរៀងរាល់ ៣ខែម្តង ក្នុងរយៈពេលមួយឆ្នាំ។ យ៉ាងណាក៏ដោយ Ronaldinho ដែលសព្វថ្ងៃឈានដល់វ័យ៤០ឆ្នាំ បានបដិសេធថាខ្លួនមិនមានសម្ថភាពឯណាដើម្បីប្រើប្រាស់លិខិតឆ្លងដែនក្លែងក្លាយនោះទេ។
ចំណែកឯបងប្រុសរបស់ Ronaldinho លោក Roberto ដែលបានដឹងអំពីព័ត៌មានលិខិតឆ្លងដែនមិនពិតនោះ នឹងត្រូវបង់ប្រាក់ពិន័យចំនួន ១១០០០០ ដុល្លារអាមេរិក ហើយត្រូវបង្ហាញខ្លួននៅចំពោះមុខចៅក្រមរៀងរាល់៣ខែម្តង ក្នុងរយៈពេល ២ ឆ្នាំ៕
© រក្សាសិទ្ធិដោយ thmeythmey.com