ជាតិ
លោក ណារ័ត្ន យកទីធ្លាលើដំបូលផ្ទះ ចិញ្ចឹមបង្កងនាគ ដើម្បីបង្កាត់ពូជលក់
× ភ្នំពេញ៖ ទីធ្លាលើដំបូលផ្ទះរបស់លោក ណន ណារ័ត្ន ដែលស្ថិតនៅក្នុងបុរីលឹមឈាងហាក់ចម្ការដូង បានប្រែក្លាយជាទីតាំងចិញ្ចឹមបង្កងនាគ សម្រាប់បង្កាត់ពូជ។ ការចាប់ផ្ដើមចិញ្ចឹមបង្កងនេះ លោក ណារ័ត្ន មានទិសដៅបង្កើតជាកសិដ្ឋានចិញ្ចឹមបង្កងយកសាច់ និងបង្កាត់ពូជលក់លើទីផ្សារ។
ជាបុគ្គលិកពេញម៉ោងនៅក្នុងក្រុមហ៊ុនឯកជនមួយ លោក ណន ណារ័ត្ន បានឆ្លៀតពេលសម្រាកពីការងារមកចិញ្ចឹមបង្កងនាគ នៅលើដំបូលផ្ទះ។ រយៈពេល៣ខែហើយ ដែលលោក ណន ណារ័ត្ន បានចាប់ផ្ដើមចិញ្ចឹមបង្កងនាគ ដើម្បីបង្កាត់ពូជលក់នៅលើទីផ្សារ។ លោក ណារ័ត្ន ប្រាប់សារព័ត៌មានថ្មីៗ២៥រាជធានី-ខេត្តយ៉ាងដូច្នេះ៖ «ការចាប់ផ្ដើមមុនដំបូង ខ្ញុំមិនចេះពីការពិនិត្យទឹក និងរបៀបចិញ្ចឹមបង្កងឡើយ ដែលធ្វើឲ្យវាងាប់ច្រើន។ ប៉ុន្តែនៅពេលដែលខ្ញុំមានគោលដៅច្បាស់លាស់ និងតស៊ូ ខ្ញុំអាចធ្វើវាបាន»។
ដើម្បីជ្រាបកាន់តែច្បាស់ សូមអញ្ជើញទស្សនាបទសម្ភាសរវាងកញ្ញា ញឹក ស្រីល័ក្ខ នៃសារព័ត៌មានថ្មីៗ២៥រាជធានី-ខេត្ត ជាមួយលោក ណន ណារ័ត្ន អ្នកចិញ្ចឹមបង្កងលើដំបូលផ្ទះ ដូចតទៅ៖
មានគោលបំណងបង្កើតអាជីវកម្មមួយដោយខ្លួនឯង លោក ណន ណារ័ត្ន បានជ្រើសរើសដំបូលផ្ទះជាទីតាំងសាកល្បង ក្នុងការចិញ្ចឹមបង្កងនាគ ដើម្បីបង្កាត់ពូជលក់។ ការចិញ្ចឹមបង្កងលើផ្ទះនេះ លោក ណារ័ត្ន ជ្រើសរើសការចិញ្ចឹមបង្កងនៅក្នុងតង់ និងក្នុងធុង។ ចំពោះការចិញ្ចឹមបង្កងក្នុងតង់ និងក្នុងស្រះ ឬក្នុងស្រែ គឺមានភាពខុសគ្នា។ លោក ណន ណារ័ត្ន ពន្យល់បែបនេះ៖ «ការចិញ្ចឹមក្នុងតង់ គឺបានតែការបង្កាត់ពូជតែប៉ុណ្ណោះ។ ប៉ុន្តែបើចិញ្ចឹមយកសាច់ គឺអាចចិញ្ចឹមក្នុងស្រះ និងស្រែ ដែលទទួលបានផលលឿន និងងាយស្រួលចិញ្ចឹម»។
បើតាមលោក ណន ណារ័ត្ន បង្កង ត្រូវការសីតុណ្ហភាពទឹកចន្លោះពី ២២-២៣អង្សាសេ ដែលល្អសម្រាប់បង្កង។ ទាក់ទងនឹងការចិញ្ចឹមបង្កងលើដំបូលផ្ទះវិញ មិនត្រូវឲ្យបរិយាកាសលើដំបូលផ្ទះក្ដៅពេកនោះទេ ដោយត្រូវរៀបចំដំបូលផ្ទះ ដែលមានដំបូលចន្លោះពី ៣-៤ម៉ែត្រ វាអាចធ្វើឲ្យមានខ្យល់អាកាសគ្រប់គ្រាន់ និងបង្កើតជាអុកស៊ីសែន។ សម្រាប់ចំណីដែលលោក ណារ័ត្ន ដាក់ឲ្យបង្កងរួមមាន ល្ពៅ សណ្ដែកសៀង រួមនឹងចំណីបង្កងជាដើម។
ដើម្បីចិញ្ចឹមបង្កងលើដំបូលផ្ទះ ត្រូវមានទីធ្លាដំបូលផ្ទះ, អាងចិញ្ចឹមបង្កង, តង់, ធុង និងបង្កង។ ជុំវិញការចំណាយដើមទុននៃការចាប់ផ្ដើមចិញ្ចឹមបង្កង គឺអាស្រ័យកសិករម្នាក់ ដែលចង់ចិញ្ចឹមក្នុងលក្ខណៈបែបណា តូច ឬធំ។ លោក ណន ណារ័ត្ន បានជ្រើសរើសបង្កងនាគ ដើម្បីចិញ្ចឹម ដោយគិតថាទីផ្សារបង្កងនាគ មានតម្លៃថ្លៃជាងបង្កងដទៃ ពិសេសមិនសូវមានអ្នកចិញ្ចឹម។
ការប្រមូលផលបង្កងនាគនេះ ចំពោះការចិញ្ចឹមយកពូជវិញ ពីកូនមកក្នុងរយៈពេល២ខែ គឺអាចលក់មេពូជបាន។ សម្រាប់ការចិញ្ចឹមបង្កងនាគក្នុងស្រែវិញ ក្នុងរយៈពេល៣ខែ អាចប្រមូលផលបង្កងយកសាច់។ នេះជាការរៀបរាប់របស់លោក ណារ័ត្ន។
ក្នុងដំណាក់កាលដំបូង លោក ណារ័ត្ន អះអាងថា មិនទាន់ទទួលបានលទ្ធផលច្រើននោះទេ ប៉ុន្តែអ្វីដែលលោកមើលឃើញពីមួយដំណាក់កាលគឺមានការរីកចម្រើនច្រើន។ អ្នកចិញ្ចឹមបង្កងលើដំបូលផ្ទះរូបនេះ រីករាយចែករំលែកចំណេះដឹងដល់កសិករ និងអ្នកចង់ចាប់ផ្ដើមចិញ្ចឹមបង្កង៕
Tag:
បង្កង
កសិកម្ម
ដំបូលផ្ទះ
© រក្សាសិទ្ធិដោយ thmeythmey.com