កីឡាជាតិ
ជាតិ
កីឡដ្ឋាន​មរតក​តេ​ជោ​សាងសង់​បាន​ជាង​៨០​ភាគរយ និង​គ្រោង​បញ្ចប់​នៅ​ខែមីនា​ឆ្នាំក្រោយ​
12, Aug 2020 , 7:59 am        
រូបភាព
ដោយ:
​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC)​បាន​វាយតម្លៃថា មកទល់ពេលនេះ​ដំណើរការ​សាងសង់​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​សម្រេចបាន​ជាង​៨០​ភាគ​ហើយ​។ ការសាងសង់​គ្រោង​បញ្ចប់​ជា​ស្ថាពរ​នៅ​អំឡុង​ខែមីនា ឆ្នាំ​២០២១ ខណៈ​ការវាយតម្លៃ​លើកដំបូង​គ្រោង​បញ្ចប់​នៅ​ចុងឆ្នាំ​២០២០​នេះ​។

 
​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩​ជាស​កល បានធ្វើ​ឲ្យ​ការសាងសង់​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ត្រូវ​អូសបន្លាយ​រហូតដល់​ខែមីនា ឆ្នាំ​២០២១ ខណៈ​ពីដំបូង​ថ្នាក់ដឹកនាំ​វាយតម្លៃថា ការសាងសង់​នឹង​បញ្ចប់​ជា​ស្ថាពរ​នៅ​ចុងឆ្នាំ​២០២០​នេះ​។ ការអូសបន្លាយ​នេះ ក្រោយ​ប្រទេស​មួយចំនួន​បាន​បិទ​ព្រំដែន​ទឹក​មិន​ឲ្យ​កប៉ាល់​ដឹក​សម្ភារ ដែល​បម្រើ​ឲ្យ​ការសាងសង់​កីឡដ្ឋាន​នេះ ឆ្លងកាត់​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​។ 
 


​លោក​បាន​បន្ថែមថា ការមិនអាច​ធ្វើដំណើរ​របស់​វិស្វករ​ចិន​មកកាន់​ប្រទេស​កម្ពុជា​ដោយសារ​ការបិទ​ជើងហោះហើរ​របស់​ប្រទេស​មួយចំនួន ក៏​ជា​មូលហេតុ​មួយ​ផងដែរ​។ ត្រង់ចំណុច​នេះ លោក​ពន្យល់ថា រាល់​ការសាងសង់​ផ្នែក​នីមួយៗ គឺ​ត្រូវការ​វិ​ស្ច​ករ​ជំនាញ​ផ្សេងៗ​គ្នា​។ 
 
​អគ្គលេខាធិការ​រូបនេះ វាយតម្លៃថា មកទល់ពេលនេះ​ការសាងសង់​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​សម្រេចបាន​ជាង​៨០​ហើយ​។ បើតាម​លោក វ៉ា​ត់ ចំរើន កីឡដ្ឋាន​នេះ​បាន​សាងសង់​គ្រោង​រួចរាល់​១០០​ភាគរយ​ហើយ នៅឡើយ​តែ​បំពាក់​សម្ភារ​មួយចំនួន​ដូចជា​កៅអី ដំបូល អំពូល​ភ្លើង និង​ការធ្វើ​ទីលាន​ខាងក្នុង​តែប៉ុណ្ណោះ​។ 


 
​កីឡដ្ឋាន​លំដាប់​អន្តរជាតិ​ដែលជា​បច្ចេកវិទ្យា​ចុងក្រោយ​របស់​ចិន សាងសង់​លើ​ផ្ទៃដី​ជាង​១៦​ហិកតា ដោយ​គ្រោង​ចំណាយ​ថវិកា​១៥៨​លាន​ដុល្លារ ដែលជា​ជំនួយឥតសំណង​របស់​រដ្ឋាភិបាល​ចិន​។ កីឡដ្ឋាន​នេះ អាច​ផ្ទុក​អ្នកទស្សនា​បាន​ប្រមាណ​៦​ម៉ឺន​នាក់ និង​អាច​ជ​ម្លៀ​ង​ទស្សនិកជន​ត្រឹម​រយៈពេល​៧​នាទី​ក្នុងករណី​មាន​ហេតុការណ៍​មិន​ប្រក្រតី​កើតឡើង​។ 
 
​សមិទ្ធផល​ទី​ពីរ​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​នេះ បាន​បើក​ការដ្ឋាន​សាងសង់​នៅ​ថ្ងៃទី​៤ មេសា ឆ្នាំ​២០១៧ ក្រោម​វត្តមាន​សម្តេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន ក្នុងអំឡុងពេល​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​សមិទ្ធផល​ដំណាក់កាល​ទី​១ មានដូចជា​មជ្ឈមណ្ឌល​អាង​ហែល​ទឹក មជ្ឈមណ្ឌល​កីឡា​ក្នុង​សាល​, ទីលាន​បាល់បោះ​, និង​អគារ​ស្នាក់នៅ​របស់​អត្ត​ព​លិ​ក​។ កីឡដ្ឋាន​នេះ​សាងសង់ឡើង ដើម្បី​ត្រៀម​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២​នៅ​ឆ្នាំ​២០២៣៕  

















Tag:
 កីឡដ្ឋាន​មរតក​តេ​ជោ​
  វ៉ា​ត់ ចំរើន
© រក្សាសិទ្ធិដោយ thmeythmey.com