បុរស​ម្នាក់​នៅ​ត្បូងឃ្មុំ លាប់​ជំងឺ​កូ​វីដ​-១៩ ឡើងវិញ ហើយ​ប៉ះពាល់​ផ្ទាល់ និង​ប្រយោល​ជាមួយ​មនុស្ស​៤៧​នាក់​
COVID-19
ជាតិ
បុរស​ម្នាក់​នៅ​ត្បូងឃ្មុំ លាប់​ជំងឺ​កូ​វីដ​-១៩ ឡើងវិញ ហើយ​ប៉ះពាល់​ផ្ទាល់ និង​ប្រយោល​ជាមួយ​មនុស្ស​៤៧​នាក់​
11, Aug 2020 , 4:32 pm        
រូបភាព
មណ្ឌលចត្តាឡីស័កមួយកន្លែង នៅខេត្តត្បូងឃ្មុំ (រូបពីទំព័រហ្វេសប៊ុករបស់មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ)
មណ្ឌលចត្តាឡីស័កមួយកន្លែង នៅខេត្តត្បូងឃ្មុំ (រូបពីទំព័រហ្វេសប៊ុករបស់មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ)
​​ភ្នំពេញ​៖ លោក​វេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ត្បូងឃ្មុំ អះអាងថា រកឃើញ​ករណី​លាប់​ឡើងវិញ​នៃ​ជំងឺ​កូ​វីដ​-១៩ លើ​បុរស​ខ្មែរ​ម្នាក់ ដែលមាន​ទីលំនៅ​ក្នុង​ឃុំ​គរ ស្រុក​ត្បូងឃ្មុំ កាលពី​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០២០​។



​បុរស​វ័យ​២៩​ឆ្នាំ ដែល​លាប់​ជំងឺ​កូ​វីដ​-១៩​ឡើងវិញ គឺជា​អ្នកដំណើរ​មកពី​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត កាលពី​ថ្ងៃទី​១០​ខែកក្កដា ហើយ​បាន​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ រាជធានី​ភ្នំពេញ​។ ដល់​ថ្ងៃទី​២៨ ខែកក្កដា ក្រុមគ្រូពេទ្យ បានអនុញ្ញាត​ឲ្យ​បុរស​នោះ ចេញពី​មន្ទីរពេទ្យ ត្រឡប់​ទៅ​ទីលំនៅ​ឋាន​វិញ ក្រោយ​ធ្វើតេស្ត​ឃើញ​អវិជ្ជមាន (​លែងមាន​មេរោគ​កូ​វីដ​-១៩)​។ 
 
​ក្រោយ​ទៅដល់​ផ្ទះ១៤​ថ្ងៃ គឺ​នៅ​ថ្ងៃទី​៧ ខែសីហា ក្រុមគ្រូពេទ្យ​ខេត្ត​ត្បូងឃ្មុំ បាន​យក​សំណាក​បុរស​រូបនោះ ទៅពិនិត្យ​និង​ធ្វើតេស្ត​ឡើងវិញ ហើយ​នៅ​ថ្ងៃទី​៨ ខែ​ក៏​ចេញ​លទ្ធផល​វិជ្ជមាន​។
រាល់​អ្នក​ដែលជា​សះស្បើយ​ពី​ជំងឺ​កូ​វីដ​-១៩ ហើយ​ត្រឡប់ទៅផ្ទះ​វិញ​បាន​១៤​ថ្ងៃ ត្រូវយក​សំណាក​ទៅធ្វើ​តេស្ត​ម្តងទៀត ដើម្បី​បញ្ជាក់​ឲ្យ​ច្បាស់​ថា ពិត​មិនមាន​មេរោគ​កូ​វីដ​-១៩ ឬក៏​មាន​។​
 
​លោក​វេជ្ជបណ្ឌិត កែវ វណ្ណៈ បញ្ជាក់ថា​៖«​បុរស ដែល​លាប់​នេះ ត្រូវបាន​បញ្ជូនទៅ​សម្រាក​ព្យាបាល​នៅ​ពេទ្យ​បង្អែក [​ខេត្ត​ត្បូងឃ្មុំ​] ភ្លាមៗ បន្ទាប់ពី​ដឹង​លទ្ធផល​វិជ្ជមាន ហើយ​អ្នក​ប៉ះពាល់​មាន​៤៧​នាក់ ក្នុងនោះ​ប៉ះពាល់​ដោយផ្ទាល់​មាន​៩​នាក់​»​។​
 
​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ត្បូងឃ្មុំ បន្ថែមថា អ្នក​ប៉ះពាល់​ផ្ទាល់​ទាំង​៩​នាក់ ត្រូវបាន​ដាក់​ច​ត្តា​ឡី​ស័ក​នៅ​វិទ្យាល័យ ហ៊ុន សែន សួង នៅ​ក្រុង​សួង ហើយ​ក្រៅពីនេះ គឺ​ដា​ក់ច​ត្តា​ឡី​ស័ក​នៅ​សាលាបឋមសិក្សា​នៅ​ឃុំ​គរ​។ 
 
​លោកស្រី ឱ វណ្ណឌី​ន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល ប្រាប់​ក្រុម​សារព័ត៌មាន​តាម​ប្រព័ន្ធ​Telegram ថា ពិតជា​មាន​ករណី​លាប់​នេះ​មែន ហើយ​កន្លងមក​ក៏​ធ្លាប់មាន​ករណី​លាប់​​ដែរ ប៉ុន្តែ​មិនបាន​ចេញផ្សាយ​។ បើតាម​លោកស្រី ការមិន​ចេញផ្សាយ គឺ​ដើម្បី​កុំ​ឲ្យ​មានការ​យល់ច្រឡំ​ថា ជា​ករណី​រកឃើញ​ថ្មី​។ ក្រៅពីនេះ លោកស្រី សង្កេតឃើញថា នៅតាម​បណ្ដា​ប្រទេស​ផ្សេងៗ ក៏​មិន​ចុះផ្សាយ​ករណី​លាប់​ឡើងវិញ​ដែរ​។ 
 
​ជាមួយគ្នា​ដែរ លោកស្រី​បាន​សង្កត់ធ្ងន់ថា សម្រាប់​អ្នកជា​សះស្បើយ​ដែល​បាន​ត្រឡប់ទៅផ្ទះ​វិញ ក្រុមការងារ​នៅតែ​បន្ត​តាមដាន​ដដែល ដើម្បី​ពិនិត្យ​ករណី​លាប់​ឡើងវិញ​នេះ​។ 
​លោកស្រី​ថ្លែងថា​៖«​បើតាម​គោលការណ៍​ធ្វើតេស្ត​របស់​អង្គការ​សុខភាព​ពិភពលោក បើ​ធ្វើតេស្ត​ចំនួន​ពីរដង​ឃើញ​អវិជ្ជមាន គឺ​ចាត់ទុកថា​ពួកគាត់​ជាសះស្បើយ ហើយ​អនុញ្ញាត​ឲ្យ​ចេញ​ទៅផ្ទះ​របស់គាត់​វិញ ប៉ុន្តែ​ការចេញ​ទៅវិញ​នេះ ក៏​យើង​មិន​ដើរ​ទៅណា​ផ្ដេសផ្ដាស​ដែរ គឺមាន​ការណែនាំ​ឲ្យ​បន្ត​ដាក់​នៅ​ដោយឡែក​១៤​ថ្ងៃ​បន្តទៀត​នៅផ្ទះ ដើម្បី​តាមដាន ដោយសារ​មាន​ករណី​លាប់​ហ្នឹង​»​។ 
 
​កាលពី​ខែមេសា មាន​បុរស​ខ្មែរ​ម្នា​ក់វ័យ​៤០​ឆ្នាំ រស់នៅ​សង្កាត់​ច្រាំង​ចំរេះ ខណ្ឌឫស្សីកែវ បាន​លាប់​ជំងឺ​កូ​វីដ​-១៩ ឡើងវិញ បន្ទាប់ពី​គាត់​បានជា​សះស្បើយ​រយៈ​១៥​ថ្ងៃ​។ 
​គិត​ត្រឹម​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០២០ កម្ពុ​ជាមាន​អ្នក​ឆ្លង​សរុប​២៦៦​នាក់ ដោយបាន​ជាសះស្បើយ​២២០​នាក់​៕ 
 

Tag:
 កូ​វីដ​-១៩
  ត្បូងឃ្មុំ​
© រក្សាសិទ្ធិដោយ thmeythmey.com