COVID-19
អន្តរជាតិ
ប៊ូ​តង់​បិទ​ប្រទេស ក្រោយ​ស្ត្រី​ម្នាក់​ដែល​ចេញពី​មណ្ឌល​ច​ត្តា​ឡី​ស័ក មាន COVID-19
11, Aug 2020 , 10:59 pm        
រូបភាព
រូបភាព៖ ST FILE
រូបភាព៖ ST FILE
​រដ្ឋាភិបាល​ប៊ូ​តង់ នៅ​ថ្ងៃទី​១១ ខែសីហា បាន​បញ្ជា​ឲ្យ​បិទ​ប្រទេស​ទាំងមូល បន្ទាប់ពី​ស្ត្រី​ម្នាក់ ដែល​ត្រូវបាន​គេ​អនុញ្ញាត​ឲ្យ​ចាក​ចេញពី​មណ្ឌល​ច​ត្តា​ឡី​ស័ក មាន​ផ្ទុក COVID-19 ។ នេះ​ករណី​លើកដំបូង ដែល​ប៊ូ​តង់​បិទ​ប្រទេស​ទាំងមូល​ក្រោយ​ផ្ទុះ​ករណី​ឆ្លង​មក​។


​នា​ខែមីនា​កន្លងទៅ ប៊ូ​តង់ បាន​រាយការណ៍​ថា មាន​ករណី COVID-19 លើកដំបូង​មកពី​បរទេស​។ ប៊ូ​តង់ បាន​ផ្អាក​វិស័យ​ទេសចរណ៍ នៅក្នុង​ខែមីនា និង​បញ្ជា​ឲ្យ​ប្រជាជន​ខ្លួន ដែល​ចូលមក​ក្នុងប្រទេស​វិញ ត្រូវតែ​ដាក់​ច​ត្តា​ឡី​ស័ក​រយៈពេល ៣​សប្តាហ៍​។ 
 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters រដ្ឋាភិបាល​ប៊ូ​តង់ បាន​បញ្ជា​ឲ្យ​បិទ​ប្រទេស​ទាំងមូល បន្ទាប់ពី​ស្ត្រី​វ័យ ២៧​ឆ្នាំ​ម្នាក់ ដែល​បាន​ចាក​ចេញពី​មណ្ឌល​ច​ត្តា​ឡី​ស័ក ត្រូវបាន​គេ​រកឃើញថា មាន​ផ្ទុក COVID-19 ។ មុននឹង​ចាកចេញ​ពី​មណ្ឌល​ច​ត្តា​ឡី​ស័ក ស្ត្រី​រូបនេះ ត្រូវបាន​តេស្ត​ម្តង​រួចហើយ និង​មាន​លទ្ធផល​អវិជ្ជមាន​។ បន្ទាប់ពី​ចាកចេញ​ពី​ច​ត្តា​ឡី​ស័ក ស្ត្រី​ម្នាក់នេះ មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​មនុស្ស​មួយចំនួន នៅក្នុង​ទីក្រុង​ធី​ម​ភូ​។ 
 
​ថ្លែង​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ រដ្ឋាភិបាល​ប៊ូ​តង់ បាន​លើកឡើងថា​៖ «​ការបិទ​ប្រទេស​មិន​ធ្លាប់មាន​ពីមុន​មកនេះ គឺជា​ការចាប់​បង្ខំ ដើម្បី​កំណត់ និង​ដាក់​ដាច់ដោយឡែក​ករណី​ដែលមាន​ផ្ទុក​វិជ្ជមាន​ទាំងអស់ និង​បំបែក​ខ្សែចង្វាក់​នៃ​ការឆ្លង​»​។ 
 
​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ រដ្ឋាភិបាល បាន​រឹតត្បិត​ការធ្វើដំណើរ​របស់​ប្រជាជន​ទាំងអស់​នៅ​ទូទាំងប្រទេស​។ បើតាម​សេចក្តីថ្លែងការណ៍​ដដែល សាលារៀន​, វិទ្យាស្ថាន​, ការិយាល័យ​ជាដើម នឹង​នៅតែ​បន្ត​បិទ ចំណែក​ការប្រលង​មួយចំនួន នឹងត្រូវ​លើក​ពេល​។ បន្ថែម​ពីលើ​នេះ ប្រជាជន​ប៊ូ​តង់ ត្រូវ​ស្នាក់​នៅផ្ទះ​បណ្តោះអាសន្ន​សិន​។​
 
​កន្លងមក​ប៊ូ​តង់ ក៏បាន​ដាក់​កាមេរ៉ា​វាស់​កម្តៅ ការធ្វើ​តេស្ត និង​បិទ​ព្រំដែន​ជាដើម ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​នៃ​COVID-19​។ ការ​ឃា​ម​ឃាត់​ភ្ញៀវទេសចរ ចូលមក​ស្រុក បាន​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​យ៉ាងខ្លាំង លើ​វិស័យ​ទេសចរណ៍ ដែលមាន​ចំណូល​ជាង ៨០​លាន​ដុល្លារ ជា​រៀងរាល់ឆ្នាំ ក្នុង​រយៈ​៥​ឆ្នាំ​ចុង​ក្រោយនេះ​។ 
 
​សូមបញ្ជាក់ថា គិត​មក​ត្រឹម​ថ្ងៃទី​១១ ខែសីហា ប៊ូ​តង់ មាន​ករណី​ឆ្លង​សរុប​ចំនួន ១១៣​ករណី និង​មិនមាន​ករណី​ស្លាប់​។ ចំណែក​អ្នកជា​សះស្បើយ​មាន​ចំនួន ៩៧​នាក់​៕

Tag:
 ​ប៊ូ​តង់​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com