ជាតិ
ស្តារ​ស្ទឹង​ព្រែក​ត្នោត​ឡើងវិញ​នៅ​ឆ្នាំក្រោយ ដើម្បី​ជួយ​រំដោះ​ទឹកជំនន់​ពី​ភ្នំពេញ​
11, Aug 2020 , 11:29 pm        
រូបភាព
លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក
លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក
ដោយ:
​ដើម្បី​កាត់បន្ថយ​ទឹកជំនន់​របស់​ស្ទឹង​ព្រែក​ត្នោត ហូរ​កាត់​រាជធានី​ភ្នំពេញ ក្រសួង​ធនធានទឹក និង​ឧតុនិយម មាន​គម្រោង​ស្ដារ​ស្ទឹង​ព្រែក​ត្នោត​ឡើងវិញ​នៅ​ឆ្នាំ​២០២១ ដើម្បី​ជួយសង្គ្រោះ​ទឹកជំនន់​ក្នុង​រាជធានី​ភ្នំពេញ​។ នេះ​បើតាម​លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី ១១ ខែសីហា ឆ្នាំ​២០២០ នា​សន្និសីទ​សារព័ត៌មាន​ស្ដីពី «​ស្ថានភាព​របប​ជលសា​ស្ត្រ​ក្នុង​អាង​ទន្លេមេគង្គ និង​ទន្លេសាប នាពេល​បច្ចុប្បន្ន​» ។​

 
​អ្នកនាំពាក្យ​រូបនេះ បាន​បន្ថែមថា ជំនន់​នៅ​ភ្នំពេញ​មាន​៣​ផ្នែក ក្នុងនោះ​មានដូចជា​ការធ្លាក់​ទឹក​ភ្លៀង​នៅ​តំបន់​រាជធានី​ភ្នំពេញ​, ការគំរាមកំហែង​ពី​ទន្លេមេគង្គ​, និង​ជំនន់​ស្ទឹង​ព្រែក​ត្នោត ហើយ​សម្រាប់​រាជធានី​ភ្នំពេញ​តំបន់​ផ្សារ​ដើម​គរ​ជា​កន្លែង​ងាយ​លិច​ជាងគេ​។ 
 
​ជំនន់​ទឹក​នៅ​ស្ទឹង​មាន​ព្រែក​ត្នោត​មាន​បរិមាណ ១ ២០០​ម៉ែត្រគូប​ក្នុង ១​វិនាទី ហើយ​សមត្ថភាព​រំដោះ​ទឹក​នៅមានកម្រិត​នៅឡើយ​។ នេះ​ជា​បញ្ហា​បន្ទាន់​ដើម្បី​ស្ដារឡើងវិញ​ទាំងស្រុង​នូវ​ស្ទឹង​ព្រែក​ត្នោត ដើម្បី​ជួយសង្គ្រោះ​ទឹកជំនន់​នៅ​រាជធានី​ភ្នំពេញ​ចាប់ពី​ដើមឆ្នាំ​២០២១ ដោយ​ប្រើ​រយៈពេល​ប្រមាណ ៣០​ខែ​ដើម្បី​បញ្ចប់​គម្រោង​។​
 
​សូមបញ្ជាក់ថា​គម្រោង​ស្ដារឡើងវិញ​នូវ​ស្ទឹង​ព្រែក​ត្នោត ក្នុង​គោលបំណង​កាត់បន្ថយ​គ្រោះមហន្តរាយ​ទឹកជំនន់ ដែល​តែងតែ​យាយី​ដល់​រាជធានី​ភ្នំពេញ និង​បណ្តា​ខេត្ត​ដែល​ទទួល​ឥទ្ធិពល​ពី​របប​ទឹកស្ទឹង​ព្រែក​ត្នោត​។ ស្ទឹង​ព្រែក​ត្នោត​មាន​ចម្ងាយ ២០​គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ និង​មានលទ្ធភាព​ស្រោចស្រព​លើ​ផ្ទៃដី​ស្រែ​ចំនួន ១០ ១៥០​ហិកតា​នៅ​រដូវប្រាំង និង ១៧ ៧៣០​ហិកតា​នៅ​រដូវវស្សា​៕

Tag:
 ​ស្ទឹង​ព្រែក​ត្នោត​
 ​ជំនន់​ទឹកភ្លៀង
© រក្សាសិទ្ធិដោយ thmeythmey.com