ជាតិ
​យុវជន ឈុន ហ៊ួ នៅ​ស្រុក​គងពិសី ដាក់​គោលដៅ​នាំចេញ​សាច់​កង្កែប​ទៅ​ក្រៅប្រទេស​
12, Aug 2020 , 8:59 am        
រូបភាព
ដោយ:
​មាន​ស្រុកកំណើត​នៅ​ភូមិ​ក្របី​ត្រាំ ឃុំ​ជង្រុក ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ យុវជន ឈុន ហ៊ួ ចាប់ផ្ដើម​ចិញ្ចឹម​កង្កែប​យក​សាច់​នៅ​ឆ្នាំ​២០១៨​។ បច្ចុប្បន្ន យុវ​កសិករ​រូបនេះ មាន​កង្កែប​ពូជ ២​ពាន់​ក្បាល និង​កូន​កង្កែប​ដែល​អាច​លក់បាន​ប្រមាណ ២​ម៉ឺន​ក្បាល ដោយ​អាច​រកចំណូលបាន​ប្រមាណ ៥០០​ដុល្លារ​ក្នុង​មួយខែ​។ នេះ​បើតាម​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ នាឱកាស​ចុះ​ពិនិត្យ​ការដ្ឋាន​ចិញ្ចឹម​កង្កែប​របស់​យុវជន​ខាងលើ​នៅ​ថ្ងៃទី ៩ ខែសីហា ឆ្នាំ​២០២០​។

 
​ចាប់ផ្ដើម​ដំបូង​ដោយ​ខ្វះខាត​ផ្នែក​ហិរញ្ញវត្ថុ ឈុន ហ៊ួ បានចាប់ផ្ដើម​ទុន ៣​ម៉ឺន​ដុល្លារ​ជាមួយ​មិត្ត​ភិ​ក្ត​ម្នាក់​ឈ្មោះ ឈុន កែវ ដើម្បី​ប្រក​បរបរ​នេះ ប៉ុន្តែ​លោក​ក៏​ជួប​បញ្ហា​ជា​បន្តបន្ទាប់​ទាំង​បញ្ហា​ហិរញ្ញវត្ថុ និង​បច្ចេកទេស​។ ទោះបី​ជួប​បញ្ហា​ដូចនេះ​ក្ដី យុវជន​រូបនេះ មិនបាន​បោះបង់​ការចិញ្ចឹម​កង្កែប​នោះទេ​។  «​ឆន្ទៈ និង​គោលដៅ​ច្បាស់លាស់​» ជំរុញ​ឲ្យ​យុវជន ឈុន ហ៊ួ អាច​សម្រេច​ជោគជ័យ​មកដល់​សព្វថ្ងៃ ដោយ​រកចំណូលបាន ៥០០​ដុល្លារ​ក្នុង​មួយខែ​។ នេះ​បើតាម​យុវជន ឈុន ហ៊ួ ថ្លែងប្រាប់​សារព័ត៌មាន​ThmeyThmey25 នៅ​ថ្ងៃទី ១០ ខែសីហា ឆ្នាំ​២០២០​។​
 
​បើតាម​ទំព័រ​ហ្វ៊េ​ស​ប៊ុ​ក​របស់លោក វេ​ង សាខុន ដោយ​សង្កេតឃើញ​ទីផ្សារ​កង្កែប​មានការ​កើនឡើង យុវជន ឈុន ហ៊ួ មានបំណង​ពង្រីក​ការចិញ្ចឹម​របស់ខ្លួន​ឲ្យ​កើនឡើង​ទ្វេដង ដើម្បី​ផ្គត់ផ្គង់​តាម​តម្រូវការ​ទីផ្សារ​។​
​យុវជន​វ័យ ២៨​ឆ្នាំ​រូបនេះ មាន​ផែនការ​អនាគត​ចង់​ផលិត​កូន​ឲ្យ​បាន ១៥​ម៉ឺន​កូន​ក្នុង​មួយខែ និង​បង្កើន​ផលិត​កង្កែប​សាច់ និង​ចង់​ប្រែក្លាយ​ខ្លួន​ពី​កសិករ ទៅជា​ក​សិ​ពាណិជ្ជករ និង​នាំចេញ​កង្កែប​សាច់​ចេញទៅ​កាន់​ទីផ្សារ​ក្រៅប្រទេស ជាពិសេស​ចិន​។  លើសពីនេះ កសិករ ឈុន ហ៊ួ មានបំណង​ចងក្រង​យុវជន​ចិញ្ចឹម​កង្កែប ដើម្បី​ផលិត​កូន និង​ផលិត​កង្កែប​សាច់​ផ្គត់ផ្គង់​ឲ្យ​ទីផ្សារ និង​នាំចេញ​។ 
 
​បច្ចុប្បន្ន​កសិដ្ឋាន​ចិញ្ចឹម​កង្កែប​របស់​យុវជន ឈុន ហ៊ួ មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ក្របី​ត្រាំ ឃុំ​ជង្រុក ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ មាន​មេ​កង្កែប​ពូជ​ចំនួន ៧០០​ក្បាល និង​បា ១ ៣០០​ក្បាល​។ បើសិន​កសិដ្ឋាន​មានលទ្ធភាព​ក្នុង​មួយថ្ងៃ​អាច​លក់​កូន​កង្កែប​ពី ១,៥​លាន​រៀល​ទៅ ២​លាន​រៀល និង​កង្កែប​សាច់់​ក្នុង​មួយថ្ងៃ​អាច​លក់បាន ៣០០​គីឡូ​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​តំបន់ ដែល​ក្នុង​គីឡូ​លក់បាន ៨ ០០០​រៀល ។ 
 
​ទីផ្សារ​កង្កែប​លោក ឈុន ហ៊ួ កំពុងមាន​ការកើនឡើង​ស្ទើរ​គ្រប់​បណ្តា​ខេត្ត​មក​បញ្ជា​ទិញ​តាម​បណ្ដាញ​សង្គម និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា ហើយ​ប្រសិនបើ​មានលទ្ធភាព​ផលិត​កូន អាច​លក់បាន​រហូតដល់ ៥ លាន​ក្បាល​ក្នុង​មួយខែ​៕ 
 

Tag:
 ​ចិញ្ចឹម​កង្កែប​
 ​វារីវប្បកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com