ពីនេះ ពីនោះ
សុខភាព
ចង់ឱ្យ​ស្បែក​សបែប​ធម្មជាតិ​? កុំ​រំលង​ប៉េងប៉ោះ​
13, Aug 2020 , 6:59 am        
រូបភាព
​បញ្ហា​ស្បែក​ស្រអាប់​មិន​ស្រស់ថ្លា​មែន​ទេ​?  កុំ​បារម្ភ​! អ្នក​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន​យ៉ាង​ឆាប់រហ័ស​ដោយ​គ្រាន់តែ​ប្រើ​ផ្លែ​ប៉េងប៉ោះ​។ ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​របៀប​ងាយៗ​ក្នុងការ​ប្រើប្រាស់​ប៉េងប៉ោះ​ជួយ​ឱ្យ​ស្បែក​ស្រស់ថ្លា​ភ្លឺ​ជាង​មុន ៖

 
១. ប៉េងប៉ោះ​លាយ​ផ្លែ​បឺ​រ​
 
​រូបមន្ត​នេះ​ថែមទាំង​ជួយ​រក្សា​សំណើម​ដល់​ស្បែក​និង​កាត់បន្ថយ​ស្នាម​ជ្រីវជ្រួញ​ផងដែរ​។ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​កិន​លាយ​សាច់​ផ្លែ​បឺ​រ​និង​ប៉េងប៉ោះ​ក្នុង​បរិមាណ​ស្មើគ្នា​ចូលគ្នា​ឱ្យ​ម៉ដ្ឋ​។ បន្ទាប់មក​លាប​ល្បាយ​លើ​ស្បែក​និង​ទុកចោល​រហូតដល់​ស្ងួត​សឹម​លាង​សម្អាត​ចេញ​ជាការ​ស្រេច​។ អនុវត្ត​ឱ្យបាន​យ៉ាងហោចណាស់ ២ ដង​ក្នុង​មួយថ្ងៃ​ជាប្រចាំ​។​
 
២. ប៉េងប៉ោះ យ៉ា​អួរ និង​ទឹក​ក្រូចឆ្មារ​ស្រស់​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​ហាន់​ប៉េងប៉ោះ ១ ផ្លែ រួច​ច្របាច់​យក​ទឹក​។ លាយ​ទឹក​ប៉េងប៉ោះ​ស្រស់​នេះ​ជាមួយ​ទឹកក្រូច​ឆ្មារ ១ ស្លាបព្រា​កាហ្វេ និង​យ៉ា​អួរ​សុទ្ធ ១ ស្លាបព្រា​បាយ​។ កូរ​ឱ្យ​សព្វ សឹម​លាប​ល្បាយ​លើ​ស្បែ​កមុខ និង​ទុកចោល​សម្រាប់​រយៈពេល ១៥ នាទី​។ លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ​។ អនុវត្ត​ម្ដង​ក្នុង​មួយថ្ងៃ​ជាប្រចាំ​។​
 
៣. ប៉េងប៉ោះ​និង​ស្ករស​
 
​ដំបូង​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​បកសំបក​ប៉េងប៉ោះ​ចេញ​សិន​។ បន្ទាប់មក​កិន​វា​ឱ្យ​ម៉ដ្ឋ​ខាប់ៗ រួច​លាយ​ជាមួយ​ស្ករស​ចំនួន​សមល្មម​។ កូរ​ឱ្យ​សព្វ សឹម​លាប​ម៉ាស្សា​ល្បាយ​លើ​ស្បែ​កមុខ​ថ្នមៗ​ក្នុង​ចលនា​បែប​រង្វង់​សម្រាប់​រយៈពេល​ពី ២ ទៅ ៣ នាទី​។ ទុកចោល​សម្រាប់​រយៈពេល​ពី ១៥ ទៅ ២០ នាទី សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ធម្មតា​។ អនុវត្ត​ជាប្រចាំ​រហូត​ទទួលបាន​លទ្ធផល​គាប់ចិត្ត​។​
 
៤. ប៉េងប៉ោះ ទឹកក្រូច​ឆ្មារ​ស្រស់ និង​ទឹកដោះគោ​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ទឹក​ប៉េងប៉ោះ​ស្រស់​ជាមួយ​ទឹកក្រូច​ឆ្មារ​ស្រស់ និង​ទឹកដោះគោ​ចូលគ្នា​ឱ្យ​សព្វ​។ លាប​ម៉ាស្សា​ល្បាយ​លើ​ផ្ទៃមុខ​ដែល​លាង​សម្អាត​រួច​ស្អាត ព្រមទាំង​តំបន់​-​ក​។ ទុកចោល​សម្រាប់​រយៈពេល​ប្រហែល ២០ នាទី សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ត្រជាក់​ជាការ​ស្រេច​។​
 
៥. ប៉េងប៉ោះ​និង​ទឹកឃ្មុំ​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​កិន ឬ​កៀប​ផ្លែ​ប៉េងប៉ោះ​យក​ទឹក​ចំនួន ២ ស្លាបព្រា​បាយ បន្ទាប់មក​លាយ​ទឹកឃ្មុំ ២ ស្លាបព្រា​បាយ​ចូល​។ កូរ​ឱ្យ​សព្វ សឹម​លាប​ល្បាយ​លើ​ស្បែក​មុខ​ដែល​លាង​សម្អាត​រួច និង​ទុកចោល​សម្រាប់​រយៈពេល​ពី ១៥ ទៅ ២០ នាទី​។ លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ធម្មតា​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com