អន្តរជាតិ
លោក បៃឌិន រើសយកអ្នកស្រី ហារីស ជាបេក្ខភាពអនុប្រធានាធិបតីក្នុងការបោះឆ្នោតខែវិច្ឆិកា លោក ចូ បៃឌិន ជ្រើសរើសអ្នកស្រី កាម៉ាឡា ហារីស ជាដៃគូសម្រាប់ការបោះឆ្នោតខែវិច្ឆិកា។ រូបភាព AFP
× លោក ចូ បៃឌិន បេក្ខភាពប្រធានាធិបតីអាមេរិកមកពីបក្សប្រជាធិបតេយ្យ បានជ្រើសរើសអតីតគូប្រជែងក្នុងបក្សអ្នកស្រី កាម៉ាឡា ហារីស (Kamala Harris) ឲ្យធ្វើជាបេក្ខភាពអនុប្រធានាធិបតីសម្រាប់ការបោះឆ្នោតខែវិច្ឆិកាខាងមុខ។ លោក បៃឌិន អះអាងថា អ្នកស្រី ហារីស ជាអ្នកប្រយុទ្ធដែលមិនចេះខ្លាច។ ប្រធានាធិបតី ដូណាល់ ត្រាំ ឯណោះវិញ បានចំអកឲ្យលោក បៃឌិន ថា រើសមនុស្សដែលជាយ៉ាប់ជាងគេ។
ធ្លាប់តែតទល់គ្នាដើម្បីប្រជែងកៅអីបេក្ខភាពប្រធានាធិបតីតំណាងបក្សប្រជាធិបតេយ្យ ពេលនេះ លោក ចូ បៃឌិន និងអ្នកស្រី កាម៉ាឡា ហារីស ត្រូវសហការគ្នាវិញម្ដងដើម្បីដណ្ដើមសេតវិមានពីប្រធានាធិបតី ដូណាល់ ត្រាំ របស់បក្សសាធារណរដ្ឋ។ នៅថ្ងៃទី១១ ខែសីហា លោក បៃឌិន បានប្រកាសថា លោក នឹងយកអ្នកស្រី ហារីស ធ្វើជាបេក្ខភាពអនុប្រធានាធិបតីក្នុងការបោះឆ្នោតថ្ងៃទី៣ ខែវិច្ឆិកា ខាងមុខ។
លោក បៃឌិន ដែលមានវ័យ៧៧ឆ្នាំ បានសរសើរអ្នកស្រី ហារីស ដែលជាស្ត្រីស្បែកខ្មៅទីមួយត្រូវបានជ្រើសរើសឲ្យក្លាយជាបេក្ខភាពអនុប្រធានាធិបតី ថា អ្នកប្រយុទ្ធមិនចេះខ្លាច និងជាមន្ត្រីសាធារណៈម្នាក់ដ៏ល្អជាងគេ។ លោកបន្តថា៖ «ខ្ញុំពិតជាមានមោទកភាពដែលមានអ្នកស្រីជាដៃគូក្នុងយុទ្ធនាការ។»
អ្នកស្រី ហារីស វិញ ក៏បង្ហាញការសប្បាយចិត្តដែរ។ ក្រោយការប្រកាសរបស់លោក បៃឌិន សមាជិកព្រឹទ្ធសភាអាមេរិករូបនេះសរសេរនៅ Twitter ថា អ្នកស្រី ពិតជាមានកិត្តិយសក្នុងការចូលរួមជាមួយលោក បៃឌិន ហើយនឹងព្យាយាមធ្វើគ្រប់យ៉ាងដើម្បីឲ្យលោក បៃឌិន ឈ្នះ។ អ្នកស្រី ថែមទាំងសរសើរលោក បៃឌិន ទៀតថា ជាអ្នកដែលអាចបង្រួបបង្រួមប្រជាជនអាមេរិក ព្រោះលោកបានចំណាយពេលមួយជីវិតដើម្បីពួកគេ។
ជាបេក្ខភាពអនុប្រធានាធិបតីបក្សប្រជាធិបតេយ្យ អ្នកស្រី ហារីស ត្រូវតទល់ជាមួយលោក ម៉ៃ ផេន ដែលជាដៃគូរបស់លោក ត្រាំ ។ អ្នកទាំងពីរ ត្រូវឡើងតទល់គ្នានៅខែតុលាខាងមុខក្នុងរដ្ឋ Utah ។ លោក ត្រាំ ឯណោះវិញ បានរិះគន់លោក បៃឌិន ចំពោះការជ្រើសរើសអ្នកស្រី ហារីស ។ លោកប្រាប់អ្នកសារព័ត៌មាននៅសេតវិមានថា លោកពិតជាភ្ញាក់ផ្អើលដែលលោក បៃឌិន ជ្រើសរើសអ្នកស្រី ហារីស ខណៈអ្នកស្រី ធ្វើមិនបានល្អឡើយពេលប្រជែងតំណែងតំណាងបក្សប្រជាធិបតេយ្យ។
មានវ័យ៥៥ឆ្នាំ អ្នកស្រី ហារីស ដែលមានដើមកំណើតឥណ្ឌា និងហ្សាម៉ាអ៊ីក ត្រូវបានមើលឃើញថា ជាជម្រើសល្អប្រសើរមួយ ព្រោះអ្នកស្រីអាចទាក់ទាញសំឡេងគាំទ្រពីអ្នកបោះឆ្នោតវ័យក្មេង ក្រុមប្រជាជនអាមេរិកដើមកំណើតឥណ្ឌា និងប្រជាជនស្បែកខ្មៅផងដែរ។ ក្នុងករណីជាប់ឆ្នោតមែន អ្នកស្រី ក៏អាចដុះខាត់ការងារដើម្បីត្រៀមប្រជែងកៅអីប្រធានាធិបតីនៅពេលក្រោយ ដ្បិតលោក បៃឌិន មិនទំនងជាអាចឈរឈ្មោះបានយូរឡើយ ដ្បិតវ័យកាន់តែជរាហើយ។។
បើពិតអាចទទួលជោគជ័យក្នុងការបោះឆ្នោតខែវិច្ឆិកាមែន អ្នកស្រី ហារីស នឹងបំបែកកំណត់ក្លាយ ជាអនុប្រធានាធិបតីស្រី្តទីមួយ និងជាស្ត្រីស្បែកខ្មៅទីមួយកាន់តំណែងខ្ពស់បែបនេះផងដែរ។ បច្ចុប្បន្ន អ្នកស្រី ជាស្ត្រីស្បែកខ្មៅទីពីរដែលក្លាយជាសមាជិកព្រឹទ្ធសភា និងជាស្ត្រីដើមកំណើតអាស៊ីខាងត្បូងដំបូងដែលកាន់តំណែងនេះដែរ៕
Tag:
អាមេរិក
ចូ បៃឌិន
កាម៉ាឡា ហារីស
© រក្សាសិទ្ធិដោយ thmeythmey.com