ជាតិ
លោក Douglas Latchford ដែលរងការចោទប្រកាន់ពីបទលួចវត្ថុបុរាណខ្មែរ ស្លាប់ក្នុងអាយុ៨៩ឆ្នាំ លោក Douglas Latchford នាពិធីមួយនៅសារមន្ទីរជាតិ កាលពីខែមិថុនា ឆ្នាំ២០០៩។ រូបថត AFP
× លោក Douglas Latchford សញ្ជាតិអង់គ្លេស-ថៃ ដែលរងការចោទប្រកាន់ពីបទទិញលក់វត្ថុសម័យអង្គរដោយខុសច្បាប់ និងស្ថិតក្រោមការស៊ើបអង្កេតអស់រយៈពេលជាង១ទសវត្សនោះ បានទទួលមរណភាពក្នុងអាយុ៨៩ឆ្នាំ កាលពីថ្ងៃទី២ ខែសីហា នៅទីក្រុងបាងកក ប្រទេសថៃ។ នេះបើតាមប្រភពព័ត៌មានដែល Cambodianess ទទួលបាន។
លោក Latchford បានជាប់សង្ស័យពីបទប្រមូលទិញវត្ថុបុរាណសម័យអង្គរពីអ្នករត់ពន្ធកម្ពុជា និងថៃ កាលពីអំឡុងទសវត្សឆ្នាំ១៩៥០ និងឆ្នាំ១៩៦០។ គាត់បានលក់បន្តវត្ថុបុរាណទាំងនោះ ជាមួយនឹងឯកសារដ៏គួរឲ្យសង្ស័យទៅបណ្តាសារមន្ទីរ និងអ្នកប្រមូលសន្សំជាលក្ខណៈឯកជននៅទូទាំងពិភពលោក។ កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ លោកត្រូវបានការិយាល័យរដ្ឋអាជ្ញាប្រចាំតំបន់ភាគខាងត្បូងក្រុងញូវយ៉ក សហរដ្ឋអាមេរិក ចោទប្រកាន់ថា បានក្លែងវិក្កយបត្រ និងឯកសារផ្សេងៗ ដើម្បីលក់វត្ថុបុរាណកម្ពុជាទៅសារមន្ទីរ និងអ្នកទិញវត្ថុបុរាណនានា។
បើតាម VOA ឯកសារចោទប្រកាន់របស់តុលាការបង្ហាញឲ្យឃើញថា លោក Latchford បានធ្វើជាបណ្តាញដើរប្រមូលទិញវត្ថុបុរាណដែលត្រូវបានលួចជីកដោយខុសច្បាប់ពីបណ្តាប្រាសាទបុរាណក្នុងព្រៃ មុនពេលដែលកម្ពុជាធ្លាក់ក្នុងសង្គ្រាមស៊ីវិល។
តាមពិតទៅ លោក Latchford ត្រូវបានចាត់ទុកជាអ្នកជំនាញវត្ថុបុរាណខ្មែរម្នាក់ ហើយលោកបានបរិច្ចាគវត្ថុបុរាណដ៏កម្រ និងថវិកាជាច្រើនដល់សារមន្ទីជាតិផងដែរ។ ជាមួយគ្នានេះ លោកជាសហនិពន្ធសៀវភៅ Adoration and Glory: The Golden Age of Khmer Art,” “Khmer Gold” និង “Khmer Bronzes” ផងដែរ។
លោក Latchford កើតនៅអង់គ្លេស ហើយរស់នៅប្រទេសថៃ តាំងពីដើមឆ្នាំ១៩៥០មក ដោយមានជំនួញដ៏ជោគជ័យនៅបាងកក ហើយក៏ធ្លាប់ចូលរួមប្រកួតប្រជែងកីឡាសាច់ដុំទៀតផង។
អត្ថបទមួយរបស់សារព័ត៌មាន The Art Newspaper ចុះផ្សាយកាលពីថ្ងៃទី១០ ខែសីហា បានបញ្ជាក់ថា ក្រុមគ្រួសារលោក Latchford បានរៀបចំពិធីបុណ្យជាលក្ខណៈឯកជនមួយ៕
© រក្សាសិទ្ធិដោយ thmeythmey.com