អ្នកលេងគុនខ្មែរជើងចាស់ ផាន់ សុវណ្ណ បានបង្ហាញការមិនពេញចិត្តចំពោះការកាត់ក្តីរបស់ចៅក្រម ដែលឲ្យរូបគេចាញ់កីឡាករ ឡុង សុផា ៤ទល់នឹង១ក្នុងការប្រកួតម៉ារ៉ាតុនវគ្គផ្តាច់ព្រ័ត្រដណ្តើមប្រាក់លានប្រចាំកម្មវិធីប្រដាល់អធិរាជគុនខ្មែរ ISI PALM-ISI PIPE នៅសង្វៀនភីអិនអិនកាលពីសប្តាហ៍មុន។ កីឡាកររូបនេះ អះអាងថា រូបគេមិនដឹងចាញ់គូប្រកួតត្រង់ចំណុចណា។
ក្រោយចប់ការប្រកួត៣ទឹកពេញនៅវគ្គផ្តាច់ព្រ័ត្រកីឡាករ ផាន់ សុវណ្ណ ហាក់មានក្តីរំពឹងខ្ពស់ក្នុងការគ្រងជើងឯកក្នុងការប្រកួតម៉ារ៉ាតុនដណ្តើមប្រាក់លានប្រចាំកម្មវិធីប្រដាល់អធិរាជគុនខ្មែរ ISI PALM-ISI PIPE នៅសង្វៀនភីអិនអិន។ ប៉ុន្តែគ្រប់យ៉ាងវាផ្ទុយពីរំពឹងទុក ដោយ រូបគេ ត្រូវបានអាជ្ញាកណ្តាលកាត់ក្តីឲ្យចាញ់កីឡាករ ឡុង សុផា ក្នុងលទ្ធផល ៤-១ ទៅវិញ។
កីឡាករវ័យ៣៥ឆ្នាំរូបនេះ ហាក់ស្រឡាំងកាំងក្រោយលឺគណៈកម្មការរៀបចំការប្រកួតប្រកាសលទ្ធផលបែបនេះ ព្រោះរូបគេគិតថា ខ្លួនវាយចូលច្រើនជាងកីឡាករ ឡុង សុផា ដែលឈរចាំធាក់ទប់ពីការសម្រុករបស់ខ្លួន។ ផាន់ សុវណ្ណ ហាក់មិនសប្បាយចិត្តចំពោះលទ្ធផលនេះឡើយ ដ្បិតរូបគេយល់ថា ជ័យជម្នះគួរបានមកលើខ្លួនច្រើនជាង។
ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗក្រោយការប្រកួតកីឡាករមានប្រវត្តិប្រកួតជាង២០០ដងរូបនេះបាននិយាយដូច្នេះថា៖«ខ្ញុំគិតទៅដូចជាមិនពិបាកនោះទេ ប៉ុន្តែខ្ញុំមើលទៅ វ៉ៃដូចអត់ដឹងថាខ្លួនឯងចាញ់។ ខ្ញុំមិនទាន់អស់ចិត្តទេ ព្រោះខ្ញុំអត់ដឹងថាគេវ៉ៃខ្ញុំចូលត្រង់ណា គេឈរចាំតែធាក់ ខ្ញុំចូលវ៉ៃរហូត។ ខ្ញុំមិនថា អាជ្ញាកណ្តាល ឬចៅក្រមឲ្យពិន្ទុយ៉ាងម៉េចទេ គ្រាន់តែថា ខ្ញុំមិនទាន់អស់ចិត្ត។ ក្រោយចប់ការប្រកួតទឹកទី៣ ខ្ញុំរំពឹង៨០ភាគរយក្នុងការគ្រងជើងឯក ព្រោះខ្ញុំវ៉ៃចូលច្រើន ហើយគេឈរចាំតែធាក់»។
ជាមួយគ្នានេះកីឡាករ ឡុង សុផា បានអះអាងថា ក្បាច់ដែលរូបគេប្រើដើម្បីយកឈ្នះកីឡាករ ផាន់ សុវណ្ណ នៅវគ្គផ្តាច់ព្រ័ត្របាននោះ គឺក្បាច់ធាក់ ព្រោះខ្លួនដឹងថា បើប្តូរកណ្តាប់ដៃប្រាកដជាមិនអាចយកឈ្នះគូប្រកួតបានឡើយ។ សិស្សគុនមកពីក្លិបសាលវ័ន្តគុនខ្មែររូបនេះសារភាពថា ក្បាច់ធាក់មិនរូបគេនឹកឃើញប្រើដោយខ្លួនឯងនោះទេ គឺអ្នកឲ្យទឹកជាអ្នកផ្តល់គំនិតឲ្យខ្លួន។
តែយ៉ាងណា កីឡាករវ័យ១៨ឆ្នាំរូបនេះ យល់ថា ការប៉ះជាមួយកីឡាករ ផាន់ សុវណ្ណ ជាការប្រកួតមួយដ៏លំបាក ព្រោះកីឡាកររូបនេះមានកណ្តាប់ដៃធ្ងន់ និងមានបទពិសោធច្រើនក្នុងការប្រកួត។ កីឡាករ ឡុង សុផា ទើបចូលប្រឡូកក្នុងវិស័យគុនខ្មែរបានប្រមាណពីរខែប៉ុណ្ណោះ និងធ្លាប់ឡើងសង្វៀនប្រកួតបានចំនួន៦លើក ខណៈកីឡាករ ផាន់ សុវណ្ណ មានប្រវត្តិប្រកួតជាង២០០ប្រកួតឯណោះ។
ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗកីឡាករ ឡុង សុផា រៀបរាប់ដូច្នេះថា៖«ការប្រកួតដែលពិបាកជាងគេគឺពេលប៉ះជាមួយកីឡាករ ផាន់ សុវណ្ណ ព្រោះពេលយើងជញ្ជ្រំជើងធាក់គាត់ចេះទាត់ឆាប ហើយគាត់ម៉ាត់មកខ្លាំងៗ ស្ពឹកមុខៗ។ ក្បាច់ដែលខ្ញុំអាចយកឈ្នះគាត់ គឺជញ្ជ្រំជើងធាក់គាត់ ឈ្នះនឹងធាក់ បើប្រើដៃវ៉ៃមិនឈ្នះគាត់នោះទេ»។
ទោះបីបង្ហាញការមិនពេញចិត្តចំពោះលទ្ធផលបរាជ័យនេះក៏ដោយ កីឡាករ ផាន់ សុវណ្ណ ប្តេជ្ញាថា រូបគេនឹងខិតខំប្រឹងប្រែងហ្វឹកហាត់ឲ្យកាន់តែខ្លាំងថែមទៀត។ បើអាច សុវណ្ណ ចង់ប្រកួតសងសឹកជាមួយកីឡាករ ឡុង សុផា ម្តងទៀត។ កីឡាករវ័យ៣៥ឆ្នាំរូបនេះវាយតម្លៃថា រូបគេអាចបន្តអាជីពជាកីឡាករប្រដាល់ប្រមាណ២ទៅ៣ឆ្នាំខាងមុខ ហើយរូបគេចង់ក្លាយជាគ្រូបង្វឹកគុនខ្មែរក្រោយខ្លួនចូលនិវត្តន៍ពីអាជីពជាកីឡាករ។
សម្រាប់ម្ចាស់ជើងឯកម៉ារ៉ាតុនប្រចាំកម្មវិធីប្រដាល់អធិរាជគុនខ្មែរ ISI PALM-ISI PIPE នៅសង្វៀនភីអិនអិនទទួលបានថវិកាលើកទឹកចិត្តចំនួន២លាន៦សែនរៀល ខណៈជើងឯករងបាន១លាន២សែនរៀល។ ជាមួយគ្នានេះ លោក ស្រ៊ឺ ស្រេង ហៅសំណព្វ ប្រធានផែ្នកកីឡារបស់ស្ថានីយទូរទស្សន៍ភីអិនអិនបានលើកជាទស្សនៈថា ភីអិនអិនរក្សាកីឡាករចាស់ បង្កើតកីឡាករថ្មី៕