នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោកស្រីJacinda Ardern នៅថ្ងៃទី១២ ខែសីហា បានប្រកាសពន្យារពេលរំលាយសភា ដែលត្រូវធ្វើឡើងមុនការបោះឆ្នោតសភាថ្ងៃទី១៩ ខែកញ្ញា ដោយសាររកឃើញករណីឆ្លងCOVID-19 ថ្មី បន្ទាប់គ្មានករណីឆ្លងក្នុងស្រុករយៈពេល ១០២ថ្ងៃ។ លោកស្រី ក៏លើកពីលទ្ធភាពពន្យារពេលបោះឆ្នោតដែរ បើស្ថានការណ៍មិនថមថយ
បន្ទាប់ពីស្ងប់ស្ងាត់ករណីឆ្លងCOVID-19 ក្នុងស្រុករយៈពេល ១០២ថ្ងៃ នូវែលសេឡង់ បានរាយការណ៍ថា មានករណី COVID-19 ក្នុងស្រុកថ្មីចំនួន ៤ករណីនៅក្នុងទីក្រុង Auckland ភាគខាងជើងនៃប្រទេស។ បើតាមការអះអាងរបស់អាជ្ញាធរសុខាភិបាល ករណីឆ្លងថ្មីនេះ គឺជាករណីឆ្លងជាចង្កោម ដែលកើតលើគ្រួសារមួយ ហើយក្នុងចំណោមសមាជិកទាំង៤នាក់ មិនធ្លាប់ធ្វើដំណើរទៅណាឡើយ។
ពាក់ព័ន្ធនឹងបញ្ហានេះ រដ្ឋាភិបាលនូវែលសេឡង់ នៅថ្ងៃទី១១ ខែសីហា បានដាក់ការរឹតត្បិតកម្រិត៣ លើទីក្រុង Auckland ដោយហាមឃាត់ប្រជាជនទៅកន្លែងណាឡើយ ទាល់តែមានករណីចាំបាច់។ ចំណែកនៅទូទាំងប្រទេស ត្រូវស្ថិតក្នុងការរឹតត្បិតកម្រិត២។ ការរឹតត្បិតនេះ គឺធ្វើឡើងរយៈពេល ៣ថ្ងៃ ដែលមានសុពលភាពចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែសីហា។
ដោយសារតែមានករណីឆ្លងក្នុងស្រុកបែបនេះ នាយករដ្ឋមន្ត្រីនូវែលសេឡង់ Jacinda Ardern នៅថ្ងៃទី១២ ខែសីហា បានប្រកាសផ្អាកការរំលាយសភា ដែលជានីតិវិធីមួយត្រូវធ្វើឡើងមុនការបោះឆ្នោតសភាមកដល់។ សភានូវែលសេឡង់ ត្រូវរំលាយព្រឹកថ្ងៃទី១២ ខែសីហា។ ប៉ុន្តែដោយសារករណី COVID-19 សភានេះ ត្រូវពន្យារពេលរំលាយរហូតដល់ថ្ងៃទី១៧ ខែសីហា។ ក្នុងន័យនេះ សភានូវែលសេឡង់ចាស់ នៅតែបន្តកិច្ចការរបស់ខ្លួនដដែល។
ចំណែកការបោះឆ្នោតវិញ នៅតែបន្តធ្វើនៅថ្ងៃទី១៩ ខែកញ្ញាដដែល។ ប៉ុន្តែប្រសិនបើស្ថានភាពCOVID-19 រីកកាន់តែធំ និងការរឹតត្បិតក្នុងប្រទេសកាន់តែតឹង នោះការបោះឆ្នោតអាចនឹងលើកពេល។ ថ្លែងនៅក្នុងកញ្ចក់ទូរទស្សន៍ក្នុងស្រុក លោកស្រី Jacinda Ardern នាយករដ្ឋមន្ត្រីនូវែលសេឡង់ បានប្រកាសយ៉ាងដូច្នេះថា៖ «វាគឺជាការសម្រេចចិត្តលឿន ប៉ុន្តែវាត្រូវមានការបត់បែនបន្តិច ក្នុងការលើកពេលបោះឆ្នោតទៅថ្ងៃខាងមុខ បើសិនបើស្ថានការណ៍ទាមទារ»។
បើតាមលោកស្រីនាយករដ្ឋមន្ត្រី ប្រសិនបើលើកពេលបោះឆ្នោតមែន នូវែលសេឡង់ នឹងរៀបចំថ្ងៃបោះឆ្នោតឲ្យបានមុន ថ្ងៃទី២១ ខែវិច្ឆិកា។
ពេលនេះ អាជ្ញាធរសុខាភិបាលនូវែលសេឡង់ កំពុងស្រាវជ្រាវ រកប្រភពឆ្លង និងអ្នកដែលមានប៉ះពាល់ជាមួយអ្នកជំងឺទាំង ៤នាក់នេះ ដើម្បីទប់ស្កាត់ការឆ្លងទ្រង់ទ្រាយធំ។ បើតាមការអះអាងរបស់អគ្គនាយកសុខាភិបាលនូវែលសេឡង់ លោក Ashley Bloomfield កូរ៉ូណាវីរុស អាចនៅជាប់នឹងទំនិញនាំចូល ដែលត្រូវបានក្លាសេទុក។ អាជ្ញាធរ កំពុងស៊ើបអង្កេតឃ្លាំងត្រជាក់មួយ ដែលអ្នកជំងឺ COVID-19 ថ្មីនោះធ្វើការ។
កន្លងមក អាជ្ញាធរចិន ក៏ធ្លាប់បានរកឃើញកូរ៉ូណាវីរុស មាននៅក្នុងកញ្ចប់គ្រឿងសមុទ្រ ដែលត្រូវបាននាំចូលពីបរទេស និងក្លាសេទុកផងដែរ។ ករណីនេះ គឺកើតឡើងនៅក្នុងទីក្រុងកំពង់ផែ Dalian ខេត្តLiaoning។
បើតាមការអះអាងរបស់នាយករដ្ឋមន្ត្រី ការបិទក្រុងរយៈបីថ្ងៃនេះ អាចនឹងបន្ថែមរយៈពេលទៀត ប្រសិនជាគេមិនអាចគ្រប់គ្រងករណីឆ្លងនៅក្នុងទីក្រុងបាន។ គិតមកត្រឹមថ្ងៃទី១១ ខែសីហា នូវែលសេឡង់មានករណីឆ្លងCOVID-19 សរុបចំនួន ១៥៧០ករណី អ្នកស្លាប់មានចំនួន ២២នាក់ និងអ្នកជាសះស្បើយមានចំនួន ១៥២៦នាក់៕