អន្តរជាតិ
សេដ្ឋី​កាសែត​ហុងកុង Jimmy Lai ត្រូវ​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ ក្រោយ​ត្រូវ​ចាប់ខ្លួន​ក្រោម​ច្បាប់​សន្តិសុខ​ជាតិ​
12, Aug 2020 , 3:42 pm        
រូបភាព
លោក Jimmy Lai (កណ្ដាល) ត្រូវបានដោះលែងឲ្យនៅក្រៅឃុំនៅព្រឹកថ្ងៃទី ១២ ខែសីហា (AFP)
លោក Jimmy Lai (កណ្ដាល) ត្រូវបានដោះលែងឲ្យនៅក្រៅឃុំនៅព្រឹកថ្ងៃទី ១២ ខែសីហា (AFP)
ដោយ:
​លោក Jimmy Lai ម្ចាស់​កាសែត​ហុងកុង Apple Daily ដែល​ហ៊ាន​រិះគន់​រដ្ឋាភិបាល​ចិន​ខ្លាំងៗ ត្រូវបាន​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​វិញ ក្រោយ​ត្រូវបាន​ចាប់ខ្លួន​ពីបទ​គប់គិត​ជាមួយ​បរទេស​ក្រោម​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​។ ក្រៅពី​លោក Lai សកម្មជន​ប្រជាធិបតេយ្យ​ហុងកុង Agnes Chow ដែល​ត្រូវបាន​ចាប់ខ្លួន​ក្រោយ​លោក​បន្តិច​នោះ ក៏ត្រូវ​បាន​ដោះលែង​ដូចគ្នា​ដែរ ។ 



​លោក​សេដ្ឋី Jimmy Lai ត្រូវបាន​ប៉ូលិស​ដោះលែង​នៅ​ព្រឹក​ថ្ងៃទី​១២ ខែសីហា ដោយមាន​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​សំណាក់​អ្នកគាំទ្រ ដែល​ពួកគេ​បាននាំគ្នា​ស្រែក​លើកទឹកចិត្ត​លោក និង​ស្ថាប័ន​ព័ត៌មាន​លោក​។ នៅ​ទីនោះ លោក​បាន​បក់ដៃ​ជាស​ញ្ញា​ទៅកាន់​អ្នកគាំទ្រ ហើយ​ឡើង​រថយន្ត​ជិះ​ចេញ​យឺតៗ ។ 
 
​យោងតាម​ការចុះផ្សាយ​កាសែត​ហុងកុង South China Morning Post លោក Jimmy Lai បង់ថ្លៃ​ចេញ​ក្រៅ​ឃុំ​រហូតដល់​ជាង​៣,៨​ម៉ឺន​ដុល្លារ ហើយ​បូក​នឹង​ធានា​ជាង​២,៥​ម៉ឺន​ដុល្លារ​ទៀត​។ ចាងហ្វាង​កាសែត​រិះគន់​ឥត​សំចៃមាត់​លើ​ការដឹកនាំ​របស់​បក្ស​កុម្មុយនីស្ត​ចិន​រូបនេះ ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី​១០ ខែសីហា ពីបទ​សង្ស័យ​គប់គិត​ជាមួយ​កម្លាំង​បរទេស​។
 
​ការចាប់ខ្លួន​នេះ ធ្វើឡើង​នៅពេល​មន្ត្រី​ហុងកុង​ប្រមាណ​២០០​នាក់ បាន​ចុះ​ឆែកឆេរ​ទីស្នាក់ការ​កាសែត​លោក ហើយ​ប្រមូលបាន​ប្រអប់​ចំនួន​២៥​។ សរុបទៅ មនុស្ស​១០​នាក់ ត្រូវបាន​ចាប់​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ចន្ទ​។​
 
​ការដោះលែង​លោក Lai ដែល​ពលរដ្ឋ​ហុងកុង​ដើមកំណើត​ចិនដីគោក កើតឡើង​ក្រោយ​កូនប្រុស​របស់លោក​២​នាក់ និង​សកម្មជន​ទាមទារ​ប្រជាធិបតេយ្យ Agnes Chow ក៏ត្រូវ​បាន​ដោះលែង​ផងដែរ កាលពី​ថ្ងៃ​យប់​ថ្ងៃទី ១១ ខែសីហា ។
 
​បន្ទាប់ពី​ដោះលែង ស្ត្រី​ជា​សកម្មជន​ហុងកុង Chow ដែលជា​បុគ្គល​សំខាន់​ម្នាក់​ក្នុង​ចលនា​ឆ័​ត្រ​កាលពី​ឆ្នាំ​២០១៤ បាន​ហៅ​ការចាប់ខ្លួន​នាង​ថា​ជាការ​គាប់សង្កត់​នយោបាយ និង​ការ​ធ្វើទុក្ខបុកម្នេញ​នយោបាយ​។ នេះ​បើតាម​កាសែត South China Morning Post ។ នាង​បន្តថា​៖«​វា​ច្បាស់​ណាស់​ដែល​របប​នេះ កំពុង​ប្រើប្រាស់​ច្បាប់​សន្តិសុខ​ជាតិ​លុបបំបាត់​ការបញ្ចេញមតិ​នយោបាយ​»​។​
 
​កាសែត Apple Daily ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​១៩៩៥ ដោយ​លោក Jimmy Lai ។ ក្នុង​ការស្ទង់មតិ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ក្នុង​ខែមករា ឆ្នាំ​២០១៩ កាសែត Apple Daily​ ​និង​វេ​ប​សាយ​របស់​វា ត្រូវបាន​គេ​អាន​ច្រើន​បំផុត​លំដាប់​ទី​២​ក្នុង​ទីក្រុង​ហុងកុង​។​
 
​សូមបញ្ជាក់ថា ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង ដែល​បាន​ចូល​ជា​ធរមាន​កាលពី​ថ្ងៃទី ១ ខែកក្កដា ហាមឃាត់​ការធ្វើ​វិទ្ធង្សនា ការធ្វើ​អបគមន៍ ភេរវកម្ម និង​ការ​ផ្សំគំនិត​ជាមួយ​បរទេស​ជាដើម​។ ទាំង​រដ្ឋាភិបាល​ចិន​និង​ហុងកុង អះអាងថា ច្បាប់​ថ្មី​នេះ​នឹងមិន​ប៉ះពាល់​ដល់​សេរីភាព​ប្រជាជន​ហុងកុង​ឡើយ​៕
 
 

Tag:
 ហុងកុង​
  Jimmy Lai
  ច្បាប់​សន្តិសុខ​ជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com