ជាតិ
ពលរដ្ឋនៅវើនសៃ អាចរកផ្សិតក្ងោកបានចន្លោះពី៣០០-៥០០គីឡូក្រាមក្នុងមួយថ្ងៃ
× ភ្នំពេញ៖ ប្រជាពលរដ្ឋនៅស្រុកវើនសៃ ខេត្តរតនគិរី កំពុងមមាញឹកក្នុងការប្រមូលផលផ្សិតក្ងោកដែលកំពុងសម្បូរខ្លាំង នៅតាមព្រៃរបោះ ក្រោយពេលមានភ្លៀងធ្លាក់ជោគជាំប៉ុន្មានថ្ងៃមកនេះ។ បើតាមក្រសួងបរិស្ថាន ផ្សិតដែលពួកគាត់ប្រមូលផលបាន មួយចំនួនត្រូវបានយកទៅលក់នៅលើទីផ្សារ ហើយនៅសេសសល់ទុកសម្រាប់បរិភោគខ្លួនឯង។
លោក ថុន ស៊ូខុន អនុប្រធានការិយាល័យឧទ្យានវើនសៃ-សៀមប៉ាង នៃមន្ទីរបរិស្ថានខេត្តរតនគិរី បានឱ្យដឹងថា៖ «ក្នុងពេលភ្លៀងធ្លាក់នារដូវវស្សា តំបន់ការពារធម្មជាតិមួយចំនួន បានផ្ដល់ផលផ្សិតក្ងោក និងប្រភេទបន្លែព្រៃច្រើនប្រភេទ។ ផ្សិតដែលពួកគាត់ដកបាន ត្រូវបានយកទៅលក់នៅផ្សារក្រុងបានលុង ដោយ១គីឡូក្រាម អាចលក់បានក្នុងតម្លៃចន្លោះពី១ម៉ឺនទៅ១ម៉ឺន២ពាន់រៀល»។
ផ្សិតក្ងោក
អនុប្រធានការិយាល័យឧទ្យានវើនសៃ-សៀមប៉ាងរូបនេះ បានបន្តថា ក្រោយភ្លៀងធ្លាក់ជាប់គ្នារយៈពេល ២-៣ថ្ងៃ ប្រជាពលរដ្ឋក្នុងស្រុកវើនសៃ ក្នុងមួយគ្រួសារអាចរកបានផ្សិតក្ងោកចន្លោះពី៥ទៅ១០គីឡូក្រាម ហើយក្នុងមួយថ្ងៃ អ្នកស្រុកអាចរកបានសរុបប្រមាណពី៣០០ទៅ៥០០គីឡូក្រាម យកទៅលក់នៅលើទីផ្សារ។
បើតាមលោក ថុន ស៊ូខុន ប្រសិនបើពលរដ្ឋចូលរួម ការពារ និងអភិរក្សធនធានធម្មជាតិបានល្អប្រសើរ នោះធនធានធម្មជាតិ នឹងកើតឡើងច្រើនសម្បូរបែប សម្រាប់ទ្រទ្រង់ជីវភាពសហគមន៍ និងក្លាយជាតំបន់សក្កានុពលសម្រាប់ពង្រីកវិស័យទេសចរណ៍នៅកម្ពុជា៕
ផ្សិតក្ងោក
ផ្សិតក្ងោក
© រក្សាសិទ្ធិដោយ thmeythmey.com