ជាតិ
អន្តរជាតិ
​របាយការណ៍​ថ្មី​៖ ការអនុវត្ត​ឧស្សាហកម្ម ៤.០ នៅ​កម្ពុ​ជាមាន​កម្រិត​ទាប​នៅឡើយ​
12, Aug 2020 , 4:29 pm        
រូបភាព
ដោយ:
​របាយការណ៍​ថ្មី​មួយ ដែល​រៀបចំឡើង​ដោយ​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ (UNDP) និង​អង្គភាព​ទំនាក់ទំនង​គោលនយោបាយ របស់​សាកលវិទ្យាល័យ Cambridge បាន​រកឃើញថា កម្រិត​នៃ​ការអនុវត្ត​ឧស្សាហកម្ម ៤.០ នៅក្នុង​ប្រទេស​កម្ពុជា​នៅមាន​ទាប ខណៈ​ឧបសគ្គ​មួយចំនួន នឹងត្រូវ​ការដោះស្រាយ​ទាំង​ក្នុង​ទិដ្ឋភាព​ហេដ្ឋារចនាសម្ព័ន្ធ និង​ជំនាញ ដើម្បី​អនុញ្ញាត​ឲ្យ​កម្ពុជា​អនុវត្ត​វា​បាន​។ យ៉ាងណា អ្នកជំនាញ​កម្ពុជា​យល់​ថា ផ្លូវ​នៅ​វែងឆ្ងាយ​ណាស់​ក្នុងការ​អនុវត្ត ឧស្សាហកម្ម ៤.០ ។

 
​របាយការណ៍​ដែល​ចុះផ្សាយ​នៅ​ថ្ងៃ​១១ ខែសីហា បង្ហាញថា បច្ចេកវិទ្យា​ឌីជីថល​ក្នុង​ក្រុមហ៊ុន​ភាគច្រើន (​ជាង​៩០​ភាគរយ​) គឺ​ស្ថិតនៅ​កម្រិត​មូលដ្ឋាន ខណៈ​ក្រុមហ៊ុន​តិចតួច​ប៉ុណ្ណោះ (១-៣​ភាគរយ​) បាន​អនុវត្ត​បច្ចេកវិទ្យា​ឌីជីថល​នៅ​កម្រិត​ជឿនលឿន​។ 
 
​ថ្លែង​អំឡុង​ពិធី​ដាក់​ដំណើរការ​របាយការណ៍​ចំណងជើង​ថា «​ការ​សម្រប​ខ្លួន និង​ការអនុវត្ត​ឧស្សាហកម្ម ៤.០ ក្នុងប្រទេស​កម្ពុជា​» (Adaptation and Adoption of Industry 4.0 in Cambodia)  លោក Nick Beresford តំណាង​អចិន្ត្រៃយ៍​របស់ UNDP ប្រចាំ​កម្ពុជា លើកឡើង​ដូច្នេះ​ថា​៖«​មាន​សហគ្រាស​តិចតួច​ណាស់​នៅ​កម្ពុជា ដែល​បាន​យល់ដឹង​ពី​បច្ចេកវិទ្យា​ឧស្សាហកម្ម ៤.០ ដែលជា​បច្ចេកវិទ្យា​ថ្មី និង​មាន​សហគ្រាស​រឹតតែ​តិច​ទៀត ដែល​យក​បច្ចេកវិទ្យា​ទាំងនេះ​មកប្រើប្រាស់​»​។​
 
​លោក​បន្តថា​៖«​ជា​លទ្ធផល សេដ្ឋកិច្ច​របស់​ប្រទេស​នេះ ខកខាន​ក្នុង​ការបង្កើន​ផលិតភាព​របស់ខ្លួន​ឲ្យ​បាន​ខ្ពស់ ហើយ​កម្មករ​ន​យោ​ជិត  ក៏​ខកខាន​ក្នុង​ការទទួល​ការងារ​ដែលមាន​ជំនាញ​កម្រិត​ខ្ពស់ និង​ទទួលបាន​បៀវត្ស​កាន់តែ​ប្រសើរ​ជាង​មុន​ផងដែរ​»​។ 
 
​ជារួម​ទៅ ការអនុវត្ត​ឧស្សាហកម្ម ៤.0 គឺ​ត្រូវបាន​ចាត់ទុកជា​ដំណើរការ​មួយ ដែល​រនាំង​ជា​មូលដ្ឋាន នឹងត្រូវ​ការដោះស្រាយ​ទាំង​ក្នុង​ទិដ្ឋភាព​ហេដ្ឋារចនាសម្ព័ន្ធ និង​ជំនាញ​។ 
 
​តួយ៉ាង របាយការណ៍​កម្រាស់​៦៩​ទំព័រ​នេះ បង្ហាញថា ក្នុង​កម្រិត​ក្រុមហ៊ុន រនាំង​នៃ​ការអនុវត្ត​ឧស្សាហកម្ម ៤.០ ក្នុងប្រទេស​កម្ពុជា គឺ​រួមមាន កង្វះខាត​ការយល់ដឹង​ពី​បច្ចេកវិទ្យា​ឌីជីថល និង​ផលប្រយោជន៍​របស់​វា​, យល់ឃើញថា​បច្ចេកវិទ្យា​ទាំងនោះ​មានតម្លៃ​ខ្ពស់​, ការ​ងាក​ចេញពី​ការប្រើ​បច្ចេកវិទ្យា​ថ្មី​, គម្លាត​ជំនាញ​, ការទទួលបាន​ជំនួយ​ផ្នែក​បច្ចេកវិទ្យា និង​ហ្វឹកហាត់​នៅមានកម្រិត និង​ខ្វះខាត​ផ្នែក​ហិរញ្ញវត្ថុ ជាដើម​។ 
 
​ប្រទេស​កម្ពុជា ជាប់​ចំណាត់ថ្នាក់​ចុងក្រោយ​គេ​ក្នុងចំណោម​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន​ផ្សេងទៀត​ក្នុងការ​ត្រៀមខ្លួន​រួចរាល់​ដើម្បី​អនុវត្ត​បច្ចេកវិទ្យា​ឌីជីថល​។ នេះ​បើតាម​របាយការណ៍​ស​ន្ទ​ស្សន៍​នវានុវត្តន៍​ពិភពលោក ឆ្នាំ​២០១៩ ដែល​រៀបចំឡើង​ដោយ​សាកលវិទ្យាល័យ Cornell ខណៈ​កម្ពុជា ជាប់​ចំណាត់ថ្នាក់​លេខ ៩៨ ក្នុងចំណោម​ប្រទេស​ទាំង​១២៧ ។ 
 
​និយាយ​ដល់​ពិន្ទុ​វិញ របាយការណ៍​ដដែល រកឃើញថា ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ទាំង​ការដឹកនាំ​ជញ្ជូន អេឡិចត្រូនិក និង​រូបវន្ត ទទួល​ពិន្ទុ​ទាប​ជាង​៣០, ផ្នែក​ការងារ ជំនាញ់ និង​អប់រំ ទទួល​ពិន្ទុ​ទាប ចន្លោះ​ពី​១,៩ ដល់​៤៥ , ផ្នែក​គ្រោងឆ្អឹង​ស្ថាប័ន ទទួល​ពិន្ទុ​ចន្លោះ​ពី​២ ដល់ ៨៧  និង​ចុងក្រោយ ផ្នែក​សមត្ថភាព​និង​ការទទួលបាន​ចំណេះដឹង ទទួល​ពិន្ទុ​ចន្លោះ​ពី ២ ទៅ ៥ ។ 


 ចំណាត់ថ្នាក់នៃបណ្ដាប្រទេសក្នុងតំបន់អាស៊ានដោយគិតពីនវានុវត្តន៍ និងការត្រៀមខ្លួនរួចរាល់សម្រាង់ការអនុវត្ត ឌីជីថល 

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ នៅ​ថ្ងៃទី​១១ ខែសីហា លោក​បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​ឧត្ដមក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ ដែលជា​វាគ្មិន​មួយរូប​ក្នុង​កម្មវិធី​ខាងលើ លើកឡើងថា កម្ពុជា​នៅ​ផ្លូវ​វែងឆ្ងាយ​ក្នុងការ​អនុវត្ត​ឧស្សាហកម្ម ៤.០ ដ្បិត​វា​ចាប់តាំងពី​បច្ចេកវិទ្យា​ខ្ពស់ៗ​។ 
 
​យ៉ាងណា លោក​បណ្ឌិត​សេដ្ឋកិច្ច​ជើងចាស់​រូបនេះ ចង់​ឲ្យ​មានការ​អនុវត្ត​បច្ចេកវិទ្យា​ជឿនលឿន​នេះ ក្នុង​វិស័យ​កសិកម្ម និង​ក្នុង​សហគ្រាស​ធុន​តូច​និង​មធ្យម​។ ម្យ៉ាងទៀត លោក​និយាយ​បែប​លេងសើច​ថា​៖«​កុំ​សង្ឃឹមថា [​ឧស្សាហកម្ម​៤.០] ជា​ទេវតា អា​ហ្នឹង​ជា​របស់​ទិព្វ […] ឌីជីថល ក៏​ឌីជីថល ទៅ ក៏ប៉ុន្តែ​កុំ​ភ្លេច​បច្ចេកទេស​ជា​គ្រឹះ​»​។ 
 
​សូមបញ្ជាក់ថា ឧស្សាហកម្ម ៤.0 ឬ​ស្គាល់​ម្ស៉ា​ង​ទៀតថា បដិវត្តន៍​ឧស្សាហកម្ម​ដំណាក់កាល​ទី​៤ គឺជា សមាហរណកម្ម​រវាង​បណ្ដាញ​អ៊ី​ន​ធឺ​ណែ​តនៃ​សម្ភារ (IoT៖ ការតភ្ជាប់​សម្ភារ​ដោយ​ប្រើ​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណិ​ត ដើម្បី​អាច​បញ្ចូល និង​ទទួល​ទិន្នន័យ​) និង​បណ្ដាញ​បច្ចេកវិទ្យា​រូបវន្ត​ផ្សេងៗ​ទៀត ដូចជា បច្ចេកវិទ្យា​វិភាគ​ទិន្នន័យ ផលិតកម្ម​តាម​ការបន្ថែម​ស្រទាប់ (​ឬ​ការ​បោះ​ពុ​ម្ភ 3D printing) បច្ចេកវិទ្យា​ប្រើ​រ៉ូ​បូត Blockchain (​ប្រតិបត្តិការ​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណិ​ត ដែល​ចងភ្ជាប់​គ្នា​ជា​ខ្សែ​មិនអាច​កែ​មួយៗ​បាន​) ការប្រើ​កុំព្យូទ័រ​មាន​សមត្ថភាព​ខ្ពស់ (high performance computing) បញ្ញា​សិប្បនិម្មិត និង​បច្ចេកវិទ្យា​ជំនួស​ខួរក្បាល​មនុស្ស សម្ភារ​ទំនើបៗ និង​ការពិត​ជំនួយ​ដោយ​កុំ​ព្យូ​ទ័រ (Augmented reality) ជាដើម ៕
 


​ភាពខ្សោយផ្នែកការត្រៀមខ្លួនក្នុងការអនុវត្តឌីជីថល របស់ប្រទេសកម្ពុជា

Tag:
 ឧស្សាហកម្ម ៤.០
  កម្ពុជា​
  UNDP
© រក្សាសិទ្ធិដោយ thmeythmey.com