លោកតា Kenneth Felts អាយុ៩០ឆ្នាំ រស់នៅក្រុង Arvada រដ្ឋ Colorado សហរដ្ឋអាមេរិក បានចាប់ផ្តើមសរសេរកំណត់ត្រារបស់ខ្លួននាអំឡុងពេលនៅផ្ទះដោយសារកូវីដ-១៩។ រឿងសម្ងាត់មួយដែលគាត់ត្រូវទម្លាយ ក្រោយលាក់ទុកស្ទើរពេញមួយជីវិតនោះ គឺគាត់ជាមនុស្សដែលស្រឡាញ់ភេទដូចគ្នា (Gay)។ នេះបើតាមបទសម្ភាសមួយរបស់លោកជាមួយទូរទស្សន៍ CNN។
«ខ្ញុំជាមនុស្សប្រុសស្រឡាញ់ភេទដូចគ្នា, ខ្ញុំប្រាប់ការពិតហើយ ខ្ញុំក៏មានសេរីភាពដែរ»។ លោកតា Felts បានសរសេរយ៉ាងដូច្នេះនៅលើហ្វេសប៊ុក ដើម្បីប្រាប់ដល់កូនស្រីរបស់ខ្លួន បន្ទាប់មកមិត្តភក្តិ ក៏ដូចជាក្រុមគ្រួសាររបស់លោកទាំងមូល។
លោកតាបានប្រាប់ CNN ថា គាត់ដឹងខ្លួនថាជាមនុស្សស្រឡាញ់ភេទដូចគ្នាតាំងពីអាយុ១២ឆ្នាំមកម្ល៉េះ ប៉ុន្តែគាត់សម្រេចចិត្តជ្រើសរើសចំណងអាពាហ៍ពិពាហ៍ជាមួយភេទផ្ទុយគ្នា ពីព្រោះលោកបានកើតក្នុងសម័យដែលសេរីភាពនៃការស្រឡាញ់ភេទដូចគ្នាមានការរឹតត្បិត ហើយខុសច្បាប់នៅកន្លែងជាច្រើន។
លោកតា Felts បានបញ្ជាក់ថា លោកមិនអាចបញ្ចប់កំណត់ត្រារបស់ខ្លួនឡើយ ប្រសិនបើលោកមិនសរសេរឲ្យចំពីការសម្ងាត់ដែលខ្លួនបានលាក់ទុកជិតមួយសតវត្សរ៍ទេនោះ។ លោកហ៊ានបង្ហើបយ៉ាងដូច្នេះ ដោយសារសង្គមមានការបើកចំហរពោលគឺចាប់តាំងពីឆ្នាំ២០១៥មក ដែលមានការអនុញ្ញាតចំពោះអាពាហ៍ពិពាហ៍អ្នកស្រឡាញ់ភេទដូចគ្នា។
កាលនៅជាយុវជន លោក Felts បានទៅបំពេញបេសកកម្មនៅកូរ៉េជាមួយកងទ័ពជើងទឹកអាមេរិក នាអំឡុងសង្គ្រាមកូរ៉េ ដោយលោកបានរស់នៅជាមួយមិត្តរួមការងារម្នាក់ភេទប្រុសដូចគ្នា ហើយលោកមានអារម្មណ៍ខុសប្លែក។ ឈានដល់ចុងឆ្នាំ១៩៥០ លោកបានទៅធ្វើការនៅ Long Beach ហើយបានជួបបុរសម្នាក់ឈ្មោះ Philip Jones ដោយលោកមានអារម្មណ៍រីករាយក្នុងការរស់នៅជាមួយគ្នា ប៉ុន្តែរក្សាការសម្ងាត់បំផុត។
ក្រោយមកលោក Felts បានចាកចេញពីលោក Jones ហើយបានជួបដៃគូម្នាក់ទៀតឈ្មោះ Larry។ បន្ទាប់ពីរស់នៅជាមួយ Larry ដ៏អាថ៌កំបាំង លោក Felt បានជួបស្ត្រីម្នាក់នៅវិហារសាសនាមួយ ហើយបានរៀបការ និងមានកូនស្រីម្នាក់ ប៉ុន្តែក្រោយមកបានលែងលះគ្នានៅឆ្នាំ១៩៨០។
ក្នុងឆាកជីវិតរបស់ខ្លួន លោក Felts នៅតែមានការសោកស្តាយដែលបានសម្រេចចិត្តចាកចេញពីលោក Jones ហើយរំពឹងថា ទទួលបានការអភ័យទោស។ អ្នកស្រី Rebecca Mayes អាយុ៤៨ឆ្នាំ ក៏កត់សម្គាល់ឃើញឪពុករបស់ខ្លួន បង្ហាញភាពសោកស្តាយក្នុងជីវិតផងដែរ។
«ពេលយើងនិយាយគ្នាតាមទូរសព្ទ គាត់បានប្រាប់ខ្ញុំថា គាត់នឹកដល់អ្នកជាទីស្រឡាញ់ម្នាក់ក្នុងជីវិត ប៉ុន្តែមិនបានប្រាប់ថាប្រុស ឬស្រីនោះឡើយ»។ អ្នកស្រី Mayes រៀបរាប់ប្រាប់ CNN ដោយបង្ហាញការភ្ញាក់ផ្អើល ក្រោយដឹងថាឪពុកជា Gay ខណៈគាត់ក៏ជាមនុស្សស្រីដែលស្រឡាញ់ភេទដូចគ្នាផងដែរ។
ក្រោយឪពុកប្រាប់ថា អ្នកដែលគាត់ស្រឡាញ់ពិតប្រាកដឈ្មោះ Philip Jones ហើយចែករំលែករឿងនេះតាមហ្វេសប៊ុក។ ក្រោយមានជំនួយពីស្ត្រីម្នាក់ គេបានរកឃើញក្រុមគ្រួសារលោក Jones ប៉ុន្តែជារឿងដ៏សោកស្តាយនោះ គឺលោក Jones បានទទួលមរណភាពតាំងពីឆ្នាំ២០១៣មក។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកស្រី Mayes សង្កេតឃើញថា ឪពុករបស់ខ្លួនមានស្មារតីស្រស់ថ្លា និងទំនុកចិត្តខ្លួនជាងមុន ក្រោយទម្លាយអាថ៌កំបាំង។ លោកតា Felts ក៏បានណែនាំផងដែរថា៖ «ខ្ញុំចំណាយពេល៩០ឆ្នាំ ទើបហ៊ានប្រាប់ថា ខ្ញុំជា gay ប៉ុន្តែរឿងនេះនឹងជំរុញភាពក្លាហានដល់អ្នកផ្សេងឲ្យហ៊ាននិយាយពីជម្រើសផ្លូវភេទរបស់ខ្លួន។ ពិភពលោកទាំងមូលនឹងទទួលអ្នក និងស្រឡាញ់អ្នក មិនថាអ្នកជានរណានោះឡើយ»៕