COVID-19
អន្តរជាតិ
ចិន បន្ធូរ​ការ​រឹតត្បិត​ការធ្វើដំណើរ​ជាមួយ​ប្រជាជន​អឺរ៉ុប​
12, Aug 2020 , 10:59 pm        
រូបភាព
ដោយ:
​រដ្ឋាភិបាល​ចិន បាន​ផ្ដើម​បន្ធូរបន្ថយ​ការ​រឹតត្បិត​លើ​ការចូល​មកដល់​ពី​ប្រជាជន ដែល​ធ្វើដំណើរ​មកពី​ប្រទេស​ក្នុង​តំបន់​អឺរ៉ុប​ចំនួន​៣៦ ប៉ុន្មាន​ខែក្រោយ​មនុស្ស​រាប់ពាន់នាក់​បាន​ជាប់គាំង​នៅពេល​ប្រទេស​នេះ​បិទ​ព្រំដែន​ខ្លួន និង​ផ្អាក​ការហោះហើរ​ដើម្បី​ទប់ស្កាត់ COVID-19 ។

 
​ជនបរទេស​ស្ទើរតែ​ទាំងអស់ ត្រូវបាន​ហាមឃាត់​ពី​ការចូល​ប្រទេស​ចិន នៅពេល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង បានដាក់​វិធានការ​ទប់ស្កាត់ COVID-19 ក្នុង​ខែមីនា ហើយ​នេះ​រាប់ទាំង​ពលរដ្ឋ​ចិន ធ្វើការ​នៅ​បរទេស​ផងដែរ​។ 
 
​ក៏ប៉ុន្តែ​ក្នុង​សប្តាហ៍​នេះ រដ្ឋាភិបាល ចិន បានប្រកាសថា ខ្លួន​នឹង​ផ្ដើម​បន្ធូរបន្ថយ​លក្ខខណ្ឌ​ខ្លះ​សម្រាប់​ប្រជាជន​អឺរ៉ុប​ដែលមាន​បំណង​ចូលមក​កាន់​ប្រទេស​ចិន​វិញ​។  យោងតាម​សេចក្តីជូនដំណឹង​របស់​ស្ថានទូត​ចិន​ក្នុង​ទីក្រុង​បែរ​ឡាំង នៅ​ថ្ងៃទី ១២ ខែសីហា ច្បាប់​ថ្មី នឹង​អនុញ្ញាត​ឲ្យ​អ្នក​កាន់​លិខិតឆ្លងដែន​អឺរ៉ុប​មកពី​ប្រទេស​ចំនួន ៣៦ រួមមាន បារាំង អាល្លឺម៉ង់ និង​ចក្រភព​អង់គ្លេស ដែលមាន​លិខិតបញ្ជាក់​និវេសនដ្ឋាន​មាន​សុពលភាព អាចដាក់​ពាក្យសុំ​ទិដ្ឋាការ​ចិន ដោយ​គ្មាន​លិខិតអញ្ជើញ​។ 
 
​ម្យ៉ាងទៀត អ្នក​ដែល​ចង់​ត្រលប់​ទៅ​ប្រទេស​ចិន​វិញ ត្រូវតែ​ដាក់ពាក្យ​ស្នើសុំ​ទិដ្ឋាការ​ពួកគេ​ជាថ្មី ព្រោះថា ទិដ្ឋាការ​ដែល​ចេញ​មុនពេល​ជំងឺ​រាតត្បាត​នេះ ត្រូវ​ទុកជា​មោ​ឃៈ​។ កន្លងទៅ ចិន​បានអនុញ្ញាត​ឲ្យ​បុគ្គលិក​បរទេស​ដែលមាន​ជំនាញ​តិចតួច​ប៉ុណ្ណោះ​ត្រលប់​មកកាន់​ប្រទេស​ខ្លួន​វិញ ដោយ​ពួកគេ​ទទួលបាន​លិខិតអញ្ជើញ​ផ្លូវការ​ពិសេស ។ 
 
​កាលពីដើម​សប្តាហ៍​នេះ ក្រសួងការបរទេស​ចិន បានបញ្ជាក់​ក្នុង​សេចក្តីថ្លែងការណ៍​ថា អ្នក​កាន់​លិខិតឆ្លងដែន​អឺរ៉ុប​ដែលមាន​សិទ្ធិ នឹងត្រូវ​អនុញ្ញាត​ឲ្យ​ដាក់​ពាក្យសុំ​ទិដ្ឋាការ​ចិន​បាន ដោយ​អត់​គិតថ្លៃ​ទេ​។ យ៉ាងណាមិញ រាល់​អ្នក​ដែល​មកកាន់​ប្រទេស​ចិន​ពី​បរទេស នៅតែ​ជាប់​វិធានការ​ធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ ហើយនឹង​ត្រូវ​ស្វែង​សំបុត្រ​យន្តហោះ​ដោយ​ខ្លួនឯង​៕ 

Tag:
 ចិន​
  អឺរ៉ុប​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com