ជាតិ
បទសម្ភាសន៍
លោក ជួន ភិរម្យ ប្រាប់​ពីបទ​ពិសោធ​ដើរ​កម្សាន្ត​បែប​ផ្សងព្រេង​តាម​ព្រៃ​ជិត​២០​ឆ្នាំ​របស់ខ្លួន​
12, Aug 2020 , 11:29 pm        
រូបភាព
​ភ្នំពេញ​៖ បច្ចុប្បន្ន ដំណើរ​កម្សាន្ត​បែប​ផ្សងព្រេង ដូចជា ដើរ​ព្រៃ បោះតង់ ឡើង​ភ្នំ មានការ​ពេញនិយម​សម្រាប់​មនុស្ស​គ្រប់​វ័យ ទោះបីជា​ការកម្សាន្ត​បែប​នោះ​មានការ​ពិបាក​ជាង​ដំណើរ​កម្សាន្ត​ធម្មតា​ក៏ដោយ​។ ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន ThmeyThmey25 លោក ជួន ភិរម្យ ដែល​ធ្លាប់បាន​ដើរលេង​ផ្សងព្រេង​ជិត​២០​ឆ្នាំ បាន​ចែករំលែក​បទពិសោធរ​បស់​ខ្លួន​ក្នុងការ​ដើរលេង​ព្រៃ ក៏ដូចជា​ការត្រៀមខ្លួន​មុនពេល​ធ្វើដំណើរ​ផងដែរ​។


​មាន​បទពិសោធ​ដើរ​ព្រៃភ្នំ​បែប​ផ្សងព្រេង និង​ជា​អ្នកដឹកនាំ​ក្រុម​ដើរ​ព្រៃ លោក ជួន ភិរម្យ បាន​រៀបរាប់​ពីបទ​ពិសោធ​របស់ខ្លួន មកកាន់​សារព័ត៌មាន ThmeyThmey25 យ៉ាង​ដូច្នេះ​៖«​បើ​ឥឡូវ​យើង​ចង់ទៅ​ផ្សងព្រេង​នៅ​តំបន់​មួយ ទីមួយ​យើង​ត្រូវ​ដឹងថា​តំបន់​ហ្នឹង​យើង​អាច​ទៅដល់​ដោយ​របៀប​ម៉េច អាហ្នឹង​យើង​ត្រូវ​សិក្សា​ពី​ស្ថានភាព​ផ្លូវ​។ បន្ទាប់មកទៀត យើង​ត្រូវ​រៀបចំ​សម្ភារ តើ​សម្ភារ​អ្វីខ្លះ ដែល​យើង​ត្រូវ​យកទៅ​»​។ 
 
​បើតាម​លោក ជួន ភិរម្យ សម្ភារ​ដែល​ត្រូវ​យកទៅ ដូចជា​សម្លៀកបំពាក់ បើ​ទៅ​ត្រឹម​១​ថ្ងៃ ឬ​៣​ថ្ងៃ មិនចាំបាច់​យកទៅ​ច្រើនពេក​នោះទេ ហើយ​ត្រូវយក​សម្លៀកបំពាក់​ដែល​ស្រាល ងាយ​ស្ងួត ត្រូវ​នឹង​ការឡើង​ភ្នំ ឬ​ដើរ​ព្រៃ​។ ក្រៅពី សម្លៀកបំពាក់ ស្បែកជើង​ក៏​ជា​រឿង​សំខាន់​ក្នុង​ការដើរ​ព្រៃ​ដែរ យើង​ត្រូវ​ជ្រើសរើស​ស្បែកជើង​ឡើង​ភ្នំ ដើម្បី​ឲ្យ​ងាយស្រួល​សម្រាប់​ការដើរ​។ នៅពេល​ដើរ​ព្រៃ អាកាសធាតុ​ត្រជាក់ អ្វីដែល​ត្រៀម​ដើម្បី​កាត់បន្ថយ​ភាព​ត្រជាក់​នោះ​គឺ ភួយ​(Sleeping Bag),​តង់​ដែល​អាច​ទប់ទឹក​ភ្លៀង​បាន និង​ស្រាល​។ 
 
«​សម្រាប់​ម្ហូបអាហារ យើង​មិនអាច​យកទៅ​ទាំង​ដុល​ដូច​យើង​នៅផ្ទះ​បានទេ យើង​ត្រូវ​គិតថា​មួយពេល​យើង​ញាំ​ប៉ុណ្ណា​។ ជាធម្មតា​មនុស្ស​យើង​ពេល​ដើរ​ភ្នំ​គាត់​ត្រូវការ​កាល់​ឡូរី​ប្រហែលជា​ខ្ទង់​២៥០០ ទៅ​៥០០​ពាន់​កាល់​ឡូរី អ៊ីចឹង សម្រាប់​ម្ហូបអាហារ​៣​ពេល ប្រហែលជា​ខ្ទង់​កន្លះ​គីឡូ​អីហ្នឹង​»​។ នេះ​ជាការ​លើកឡើង​របស់ លោក ភិរម្យ ដោយបាន​បន្តថា ពេល​ដើរ​ព្រៃ​បែបនេះ ត្រូវមាន​អ្នកដឹកនាំ​ក្រុម ដែលមាន​ជំនាញ និង​ដឹង​ច្បាស់ ហើយ​អាច​នាំ​យើង​ឲ្យ​ទៅដល់​គោលដៅ​ដោយ​មិនមាន​បញ្ហា​។ លើសពីនេះ អ្នកដើរ​ព្រៃ​ត្រូវមាន​ថង់​សំរាម ដើម្បី​ទុកដាក់​សំរាម​ដែល​ងាយ​រលាយ​យក​ត្រឡប់មកវិញ ដោយ​កុំ​បន្សល់ទុក​នៅ​ទីនោះ​។​
 
​អ្នកដើរ​ព្រៃ​រូបនេះ ណែនាំ​ឲ្យ​អ្នក​ចង់​ដើរ​ព្រៃ ឬ​ឡើង​ភ្នំ ត្រូវ​ហាត់​ដើរ ឬ​រត់​រយៈពេល​៣​ទៅ​៦​ខែ​ជាមុនសិន ព្រោះ​ផ្លូវ​ឡើង​ភ្នំ​មាន​ចំណោទ​ខុសពី​ផ្លូវ​ធម្មតា ហើយ​នៅពេល​ឡើងសាច់​ដុំ​ត្រូវ​ធ្វើការ​ច្រើន​។ លោក ភិរម្យ​បញ្ជាក់ថា បើសិនជា​មិន​ហាត់​ជាមុន​ក៏មាន​បញ្ហា​ដែរ តែ​វា​នឹងធ្វើ​ឲ្យ​ឆាប់​ហត់ និង​អស់កម្លាំង​ពេល​ត្រឡប់មកវិញ​។ 
 
​បុរស​វ័យ​៤០​ឆ្នាំ​រូបនេះ មិនមាន​តំណម ឬ​ជំនឿ​អ្វី​នៅពេល​ដើរ​ព្រៃ​នោះទេ ដោយ​លោក​បានលើកឡើង​យ៉ាង​ដូច្នេះ​ថា​៖«​ពេលដែល​ទៅដល់​កន្លែង​នោះ​ហើយ សំរាម​ទាំង​ប៉ុន្មាន ទាំង​សំរាម​មិន​រលាយ ទាំង​សំរាម​រលាយ ត្រូវ​ប្រមូល​ទាំងអស់​ត្រឡប់មកវិញ នេះ​ជា​តំណមរ​បស់បង​»​។ ក្នុងនាម​ជា​អ្នកដឹកនាំ​ក្រុម​ដើរលេង​ព្រៃ លោក ភិរម្យ សប្បាយចិត្ត​ក្នុងការ​ចែករំលែក​បទ​ពិសោធ​នានា​ដែល​លោក​មាន​ទៅកាន់​អ្នក​ចង់​ដើរលេង​ព្រៃ និង​ចង់​ចូលរួម​ជាមួយ​រូបលោក​។ លោក ភិរម្យ បានលើកឡើង​បន្ថែមថា សក្ដានុពល​ទេសចរណ៍ធម្មជាតិ​ក្នុងប្រទេស​កម្ពុជា​គឺ​ខ្ពស់ ហើយ​តំបន់​ទេសចរណ៍​ទាំងអស់នោះ​សុទ្ធតែ​មិនទាន់​កែច្នៃ នៅ​ជា​លក្ខណៈ​ធម្មជាតិ ដូច្នេះ​ពេល​ទៅ​កម្សាន្ត​គឺ​ដូច​នៅក្នុង​ធម្មជាតិ​ពិតៗ​៕

Tag:
 ទេសចរណ៍​
 ​ផ្សងព្រេង​
© រក្សាសិទ្ធិដោយ thmeythmey.com