ជាតិ
ពិធី​ចុះ​កិច្ចព្រមព្រៀង​ផ្ដល់ជំនួយ​ហិរញ្ញវត្ថុ​ដល់​ស្ថាប័ន​ដៃគូ​ចំនួន​៩​នៅ​កម្ពុជា ក្រោម​ជំនួយ EU/SIDA
12, Aug 2020 , 8:35 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ អង្គការ​តម្លាភាព​កម្ពុ​ជា និង​អង្គការ​អាក់​សិន​អេ​ត​កម្ពុជា បាន​ប្រារព្ធ​ពិធី​ចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង​ផ្ដល់ជំនួយ​ហិរញ្ញវត្ថុ ដល់​អង្គការ និង​ស្ថាប័ន​ដៃគូ​ចំនួន ៩ ដើម្បី​នឹង​មក​រួម​អនុវត្ត​កម្មវិធី​យុទ្ធសាស្ត្រ​រយៈពេល​៣​ឆ្នាំ (២០២០-២០២២)​។ ពិធី​ចុះហត្ថលេខា​នេះ ត្រូវបាន​រៀបចំឡើង​នៅ​ល្ងាច​ថ្ងៃទី​១២ សីហា​នេះ​។

 
​អង្គការ និង​ស្ថាប័ន​ដៃគូ​ទាំង​៩​នោះ មាន​មកពី​ចម្រុះ​វិស័យ រួមមាន​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក​,​អង្គការ​សហគមន៍​, ក្រុមយុវជន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ ដែល​សុទ្ធសឹងតែ​ជា​តួអង្គ​ដ៏​សំខាន់ ក្នុងការ​ផ្សព្វផ្សាយ និង​ធ្វើការ​ជាមួយ​ក្រុម​គោលដៅ​បាន​ទូលំទូលាយ​ទៅតាម​តំបន់​ប្រតិបត្តិការ​សកម្មភាពរ​បស់​ខ្លួន ជាពិសេស​ជាមួយ​ប្រជាពលរដ្ឋ ដែល​មិនសូវ​ត្រូវបាន​យកចិត្តទុកដាក់​។​
 


​ក្នុងចំណោម​ស្ថាប័ន​ទាំង​៩ មាន​ស្ថាប័ន​ចំនួន ៤ ត្រូវអនុវត្ត​កម្មវិធី​យុទ្ធសាស្ត្រ​រយៈពេល​៣​ឆ្នាំនេះ ជាមួយ​អង្គការ​តម្លាភាព​កម្ពុជា​(Transparency International Cambodia) និង​ដៃគូ​ចំនួន​៥ ត្រូវអនុវត្ត​កម្មវិធី​ផ្ទាល់​ជាមួយ​អង្គការ​អាក់​សិន​អេ​ត​កម្ពុជា​(ActionAid)​។  ស្ថាប័ន​ទាំងនោះ​រួមមាន ៖ 
១. អង្គការ​តម្លាភាព​កម្ពុ​ជា ជាមួយ​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា (CamboJA)
២. អង្គការ​តម្លាភាព​កម្ពុ​ជា ជាមួយ ក្រុមយុវជន​កាហ្វេ​នយោបាយ​(Politikoffee)
៣. អង្គការ​តម្លាភាព​កម្ពុ​ជា ជាមួយ ស​ម្ព័​ន​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា​(C.CAWDU) 
៤.​អង្គការ​តម្លាភាព​កម្ពុ​ជា ជាមួយ​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា​(FASMEC)
៥. អង្គការ​អាក់​សិន​អេ​ត​កម្ពុជា ជាមួយ​អង្គការ​អភិវឌ្ឍ​ន៍​សំលេង​សហគមន៍ (BCV)
៦.​អង្គការ​អាក់​សិន​អេ​ត​កម្ពុជា ជាមួយ​អង្គការ​ភាពជា​ដៃគូ​សង្គម​ស៊ី​វិល​កម្ពុជា​(CCSP Cambodia)
៧. អង្គការ​អាក់​សិន​អេ​ត​កម្ពុជា ជាមួយ​អង្គការ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​កុមារ និងស្ត្រី​នៅ​កម្ពុជា ( CWDCC)
៨. អង្គការ​អាក់​សិន​អេ​ត​កម្ពុជា ជាមួយ​ក្រុមប្រឹក្សា​យុវជន​កម្ពុជា​(YCC)
៩. អង្គការ​អាក់​សិន​អេ​ត​កម្ពុជា ជាមួយ​សារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ (Thmeythmey.com)​។​
 


​ក្នុងនាម​ស្ថាប័ន​ដែល​ទទួលបាន​ជំនួយ​ហិរញ្ញវត្ថុ​នេះ Thmeythmey នឹង​បណ្តុះបណ្តាល​ជំនាញ​ផ្នែក​សំណេរ និង​ជំនាញ​ផ្នែក​ផលិត​វីដេអូ​ខ្លីៗ ដល់​ប្រជាពលរដ្ឋ​វ័យក្មេង ឬ​អ្នកកាសែត​សហគមន៍ ប្រមាណ​ជា​២០០​នាក់ នៅតាម​បណ្តា​ខេត្ត​ចំនួន​៥ (​កំពត​,​កំពង់ធំ​, ពោធិ៍សាត់​, កោះកុង និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​) នៅក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​។ វគ្គ​បណ្តុះបណ្តាល​ជំនាញ​សំណេរ ដែល​ទទួលបន្ទុក​ដោយ​សារព័ត៌មាន​ថ្មីៗ គឺជា​ផ្នែក​មួយ​នៃ​គម្រោង​ធំ​ដែលមាន​ឈ្មោះថា​៖​ពង្រឹង​សិទ្ធិអំណាច​របស់​ស្ត្រី​វ័យក្មេង ក្នុង​ការធ្វើ​សេចក្តីសម្រេចចិត្ត និង​ជំរុញ​ការផ្តល់​សេវាសាធារណៈ ឱ្យ​កាន់​តែមាន​គណនេយ្យភាព (Greater Young Women Empowerment in Decision Making and Accountable Public Service Delivery)​។​
 


​សូមជម្រាបថា អង្គការ​តម្លាភាព​កម្ពុ​ជា បានទទួល​មូលនិធិ​ស្នូល​ពី​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការអភិវឌ្ឍ​អន្តរជាតិ​ស៊ុយអែត (SIDA) ដើម្បី​អនុវត្ត​កម្មវិធី​យុទ្ធសាស្ត្រ​រយៈពេល​៣​ឆ្នាំ ក្នុងការ​លើកកម្ពស់​អភិបាលកិច្ច​ល្អ និង​ការប្រឆាំង​អំពើពុករលួយ​។ ជាការ​ចូលរួម​បន្ថែម អង្គការ​តម្លាភាព​កម្ពុ​ជា និង​អង្គការ​អាក់​សិន​អេ​ត​កម្ពុជា ក៏​ទទួលបាន​មូលនិធិ​ពី​សហភាព​អឺរ៉ុប (EU) ដើម្បី​អនុវត្ត​គម្រោង​“​ពង្រឹង​សិទ្ធិអំណាច​របស់​ស្ត្រី​វ័យក្មេង ក្នុង​ការធ្វើ​សេចក្តីសម្រេចចិត្ត និង​ជំរុញ​ការផ្តល់សេវា​សាធារណៈ​ឱ្យ​កាន់​តែមាន​គណនេយ្យភាព​” ដែលមាន​រយៈពេល ៣​ឆ្នាំ​ដែរ​។ គម្រោង​នេះ បាននិងកំពុង​អនុវត្ត នៅ​រាជធានី​ភ្នំពេញ និង​នៅ​ខេត្ត​គោលដៅ​ចំនួន ៩ ដែល​បាន​ចាប់​អនុវត្ត​កាលពី​ខែមករា ឆ្នាំ​២០២០ និង​ត្រូវ​បញ្ចប់​នៅ​ខែធ្នូ ឆ្នាំ​២០២២ ជាមួយ​កញ្ចប់​ថវិកា​ស​រុ​ប​ជាង ២ លាន​អឺរ៉ូ​៕
 
 













© រក្សាសិទ្ធិដោយ thmeythmey.com